COVID-19
អន្តរជាតិ
កូ​វីដ​-១៩​នៅ​អាមេរិក លើស​៩​លាន​ករណី ខណៈ​ពិភពលោក​មាន​ជាង​៤៥,៥​លាន​ករណី​
31, Oct 2020 , 10:19 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី ៣១ ខែតុលា សហរដ្ឋអាមេរិក  មាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើស​៩​លាន​ករណី​ហើយ ខណៈ​ករណី​ឆ្លង បន្ត​កើនឡើង​ស្ទើរ​គ្រប់​រដ្ឋ​ទាំងអស់​ក្នុងប្រទេស​នេះ​។ ចំណែក កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក​ឡើងដល់ ៤៥,៥​លាន​ករណី​។

 
​យោងតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins សហរដ្ឋអាមេរិក រកឃើញ​ជំងឺ​កូ​វីដ​-១៩​សរុប​១​លាន​ករណី ក្នុងពេល​ត្រឹមតែ ២​សប្ដាហ៍​ចុងក្រោយ​ប៉ុណ្ណោះ ដែលជា​ការ​ហាក់​ឡើង​លឿន​បំផុត​មួយ ខណៈ​ជំងឺ​កូ​វីដ​-១៩ កើន​ពី​៧-៨​លាន​ករណី ត្រូវការ​ពេល​រហូតដល់​ជាង​៣​សប្ដាហ៍​។ 
 
​ករណី​ឆ្លង​កូ​វីដ​-១៩ ដែល​ត្រូវបាន​រកឃើញ​ទាំងនេះ បន្ត​កើនឡើង​ក្នុង​៤៧​រដ្ឋ​របស់​សហរដ្ឋអាមេរិក ចំណែក​ករណី​ស្លាប់​វិញ កើនឡើង​១៤​ភាគរយ​ក្នុងពេល​១៤​ថ្ងៃ​ចុងក្រោយ ដែល​តួលេខ​មធ្យម​ជាង​៨០០​នាក់​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន ជំងឺ​កូ​វីដ​-១៩ បានសម្លាប់​ពលរដ្ឋ​អាមេរិក​ជាង​២២៩ ០០០​នាក់​ហើយ​។​
 
​ករណី​ឆ្លង​កូ​វីដ​-១៩ ក៏បាន​ហក់​ឡើង​ខ្ពស់​ផងដែរ សម្រាប់​២​ថ្ងៃ​ជាប់​គ្នា​នេះ​។ ជាក់ស្ដែង កាលពី​ថ្ងៃ​សុក្រ ទី ៣០ ខែតុលា សហរដ្ឋអាមេរិក រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​រហូតដល់ ៩៤ ០០០​នាក់​ក្នុងពេល​២៤​ម៉ោង ។ នេះ​បើតាម​សកលវិទ្យា​ល័យ Johns Hopkins ។​
 
​ខណៈ​សហរដ្ឋអាមេរិក បាន​រងគ្រោះ​ការ​ងើបឡើង​ខ្លាំង​ជាថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចាប់តាំងពី​ពាក់កណ្ដាល ខែតុលា​មក ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅ​សស់តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ពលរដ្ឋ​អាមេរិក​ជាង​៨០​លាន​នាក់​ហើយ​បាន​បោះឆ្នោត​រួចរាល់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែតុលា ពិភពលោក មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប​៤៥,៥​លាន​ករណី ក្នុងនោះ ៣០,៦​លាន​នាក់ ជាសះស្បើយ ខណៈ​១,១៩​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​។ បច្ចុប្បន្ន ទ្វីបអឺរ៉ុប ជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ខណៈ​បារាំង និង​អាល្លឺម៉ង់ ជាដើម ផ្ដើម​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ឡើងវិញ​ដើម្បី​ទប់ទល់​ការ​រាតត្បាត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com