ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ៖ បើសិនសាលាណាមួយផ្ទុះជំងឺកូវីដ-១៩នោះ នឹងត្រូវបិទបណ្តោះអាសន្នវិញ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាលជាមួយនឹងគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុកនាថ្ងៃបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា បើសាលាណាមួយមានផ្ទុះជំងឺកូវីដ-១៩ថ្មី សាលានោះនឹងត្រូវបិទទ្វារជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺនេះ។ រដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីបើកសាលារៀនទាំងអស់ឡើងវិញក្នុងដំណាក់កាលទី៣ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្នុងករណីសាលាណាមួយ មានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងនឹងតម្រូវឲ្យសិស្សានុសិស្ស បន្តរៀនតាមអនឡាញវិញ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរៀបរាប់ដូច្នេះថា៖«បើសិនបើមានបញ្ហាកូវីដនេះកើតឡើងនៅក្នុងសាលារៀន គឺយើងនឹងធ្វើការពិភាក្សាជាមួយនឹងក្រសួងសុខាភិបាលដើម្បីបិទសាលានោះ។ ប៉ុន្តែយើងនឹងបន្តពិភាក្សាថាយើងនឹងបិទសាលាមួយក្រុង(សាលាទាំងអស់)ឬយ៉ាងម៉េច?»។
លោករដ្ឋមន្ត្រីអប់រំ បានវាយតម្លៃថា កម្ពុជាឈានដល់ការបើកឲ្យដំណើរការសាលារៀនទាំងអស់វិញនេះ ដោយសារតែកម្ពុជាមានការគ្រប់គ្រងលើអ្នកដំណើរផ្លូវគោក និងផ្លូវអាកាសឲ្យធ្វើចត្តាឡីស័កបានល្អប្រសើរ ។ ចំណែកសាលារៀនដែលបើកឲ្យដំណើរការក្នុងដំណាក់កាលទី១ និងទី២ សុទ្ធតែគោរពទៅតាមវិធានការធានាសុវត្ថិភាពខ្ពស់ ទើបជាហេតុនាំឲ្យសាលារៀននីមួយៗមិនមានការព្រួយបារម្ភក្នុងការបើកសាលារៀនឡើងវិញ។
ដោយឡែកសាលារៀនមួយចំនួន ដែលស្ថិតនៅតាមបណ្តាខេត្ត ដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក និងអ្នកធ្វើដំណើរមកពីក្រៅប្រទេសស្នាក់នៅរង់ចាំលទ្ធផលតេស្តជំងឺកូវីដ-១៩កន្លងមកនោះ អាចនឹងបើកដំណើរឡើងវិញបានធម្មតា លើកលែងតែសាលារៀនពីរនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលមិនអនុញ្ញាតឲ្យបើកដំណើរការវិញឡើយ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីអប់រំ។
បើតាមលោករដ្ឋមន្ត្រីអប់រំ សាលារៀនទាំងអស់ដែលនឹងបើកដំណើរការឡើងវិញនេះ គឺសុទ្ធតែមានការបែងចែកថ្នាក់រៀន ដែលអាចសមល្មមឲ្យសិស្សចូលរៀនក្នុងថ្នាក់ និងគោរពទៅតាមស្តង់ដារធានាសុវត្ថិភាពខ្ពស់ចំពោះសិស្ស និងគ្រូ។
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ជិតមកដល់ លោករដ្ឋមន្ត្រីអប់រំបានអំពាវនាវដល់សិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីត្រៀមប្រឡងនៅថ្ងៃខាងមុខនេះ។
លោករដ្ឋមន្ត្រីអប់រំបានអំពាវនាវដល់អាជ្ញាធរ គណៈគ្រប់គ្រងសាលារៀនទាំងរដ្ឋ និងឯកជន អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវរួមគ្នាគោរពតាមវិធានការធានាសុវត្ថិភាពខ្ពស់។ លោកបានណែនាំដូច្នេះថា៖«សូមបន្តអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់ដែលក្រសួងបានដាក់ចេញ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ លើកកម្ពស់អនាម័យ កំណត់ចំនួនសិស្សស្តង់ដារ និងបង្រៀនសិស្សរស់នៅតាមបែបគន្លងថ្មី»។
សូមបញ្ជាក់ថាសាលារៀនដែលបើកដំណើរការឡើងវិញទាំង៣ដំណាក់កាលនេះ គឺបន្ទាប់ពីសាលាទាំងនោះត្រូវបានបិទទ្វារអស់រយៈពេល៧ខែមកហើយ៕
Tag:
សាលារៀន
អប់រំ
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com