ជាតិ
សង្គមជាតិ
អាជ្ញាធរភ្នំពេញ អះអាងថា កំពុងខ្នះខ្នែងដោះស្រាយបញ្ហាសំរាមតាមតំបន់មួយចំនួន ក្រោយទឹកជំនន់ស្រក
02, Nov 2020 , 6:30 pm        
រូបភាព
គំនរសំរាមនៅតាមបណ្តោយផ្លូវ  ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី  ០១ ខែ វិច្ចិកា ២០២០។
គំនរសំរាមនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ នៅថ្ងៃទី ០១ ខែ វិច្ចិកា ២០២០។
ភ្នំពេញ៖ អាជ្ញាធរ អះអាងថា កំពុងចុះដោះស្រាយបញ្ហាសំរាមយ៉ាងយកចិត្តទុកដាក់ជូនពលរដ្ឋ ពិសេសសំរាមនៅតំបន់ដែលជួបទឹកជំនន់ ក្នុងរាជធានីភ្នំពេញ។



ក្រោយជំនន់ទឹកភ្លៀងស្រក រាជធានីភ្នំពេញ បានជួបបញ្ហាមួយទៀត គឺសំរាម ដែលអាចប៉ះពាល់ដល់សុខភាព សោភណ្ឌភាព រួមទាំងរងការររិះគន់ពីពលរដ្ឋផងដែរ។ ក្រុមបុគ្គលិកប្រមូលសំរាមស៊ីនទ្រី បានបញ្ជាក់ថា បញ្ហាកកស្ទះសំរាម ដែលមាននៅតាមតំបន់មួយចំនួនក្នុងរាជធានំភ្នំពេញ គឺមានតាំងពីអំឡុងពេលក្រុមពូកគេធ្វើកូដកម្មមកម្ល៉េះ និងតាំងពីពេលទឹកជំនន់កើតឡើង។

អ្នកស្រី ម៉េត ចិន្តា ជាអ្នកធ្វើការនៅរោងកច្រមួយតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ ឃុំព្រៃកព្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និយាយថា រាល់ព្រឹកពេលដើរទៅធ្វើការ អ្នកស្រីមានអារម្មណ៍មិនល្អឡើយ។ អ្នកស្រីសង្កត់ធ្ងន់ថា បញ្ហាសំរាមនេះ គឺជាប់មានតាំងពីទឹកជំនន់មក ដល់ពេលទឹកស្រកទៅវិញក៏មានក្លិនកាន់តែខ្លាំង។ អ្នកស្រី បញ្ជាក់ថា៖«សំរាមមួយចំនួននៅតាមផ្លូវនេះចាប់ផ្តើម មានក្លិនស្អុយភាយចេញមក ពេលដើរកាត់មកតាមផ្លូវនេះពិបាកភ្នែកមើលណាស់ ហើយក៏មានក្លិនស្អុយខ្លាំង»។

ចំណែក អ្នកស្រី ម៉ាក់ ធីតា អាជីវករលក់ដូរ នៅទល់មុខរោងចក្រកាត់សម្លៀកបំពាក់មួយនៅក្នុងភូមិព្រែកជ្រៃដដែល បាននិយាយថា អ្នករស់នៅទីនេះ រងផលប៉ះពាល់បន្តិចបន្តួចពីក្លិនសំរាមនៅជាប់របងរោងចក្រលើ ប៉ុន្ដែមិនដឹងជាធ្វើយ៉ាងណា ព្រោះវាជាបញ្ហារួមផ្សំជាមួយគ្រោះធម្មជាតិ(ទឹកជំនន់)។ អ្នកស្រី មានប្រសាសន៍ថា៖«នៅជិតគំនរសំរាមដែលស្អុយរលួយ...តែខ្ញុំនិយាយអ្វីមិនកើតទេ ព្រោះមើលទៅអ្នកគ្រប់គ្រងនៅរោងចក្រនេះ ខិតខំប្រឹងប្រែងប្រមូលដែរ តែមិនទាន់អស់ កាលពី២-៣ថ្ងែមុនច្រើនជាងនេះផង។ (សំរាម)នេះតិចហើយ»។

អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹក ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២វិច្ឆិកានេះថា អាជ្ញាធរកំពុងចុះជួយប្រមូលសំរាមក្រោយពីទឹកជំនន់ស្រក ហើយក៏បានជួលឡានសម្រាប់ដឹកសំរាមបន្ថែមដើម្បីជួយពន្លឿនការដឹកជញ្ជូននិងដោះស្រាយការកកស្ទះសំរាមនេះដែរ។ ប៉ុន្តែ អ្នកស្រី លើកឡើងថា ការកកស្ទះសំរាមនេះ មិនមែនជាបញ្ហាសំរាមប្រចាំថ្ងៃរបស់ពលរដ្ឋនោះទេ គឺសំរាមចេញពីរោងចក្រ។

អ្នកស្រីអភិបាលខណ្ឌដង្កោ ថ្លែងថា៖«ខាងខណ្ឌខ្ញុំកំពុងតែប្រមូល ហើយដែលកកស្ទះគឺសំរាមរោងចក្រ ហើយរោងចក្រគេមានក្រុមហ៊ុនប្រមូលសំរាមរបស់គេ។ ប៉ុន្តែទោះយ៉ាងណា ខណ្ឌដង្កោរបស់ខ្ញុំក៏បានទាក់ទងជាមួយក្រុមហ៊ុនស៊ីនទ្រី និងរដ្ឋបាលខណ្ឌ ជួលឡានពីខាងក្រៅ ដើម្បីដឹកសំរាមទាំងអស់ហ្នឹង ទៅទីលានសំរាម។ ឥឡូវខ្ញុំកំពុងដុតដៃដុតជើងប្រមូលសំរាមបន្តក្រោយពីទឹកជំនន់...»។

អ្នកស្រី បន្តថា បញ្ហាសំរាមដែលអណ្ដែតតាមទឹកហើយជាប់ទើរតាមប្រឡាយ ព្រែក និង បឹង ជាដើម គឺមានក្រុមការងារបរិស្ថានចុះជួយប្រមូលបន្ថែម។

ក្រៅពីខណ្ឌដង្កោ ក៏ឃើញមានសំរាមកកស្ទះ នៅតាមតំបន់ផ្សេងទៀតដែរ ពោលគឺតំបន់ទឹកជនន់តិចតួច នៅម្ដុំផ្លូវវេងស្រេង និងសង្កាត់អូរបែកក្អម ក្នុងខណ្ឌសែនសុខជាដើម។ អ្នកស្រី វណ្ណា រស់នៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ក៏រអ៊ូរទាំរឿងសំរាមស្អុយរលួយ និងជះក្លិនមិនល្អដែរ។ អ្នកស្រី ប្រាប់ថា គ្រួសារអ្នកស្រី និងអ្នកភូមិ ទ្រាំនឹងហិតក្លិនស្អុយជាច្រើនថ្ងៃមកហើយ។ អ្នកស្រី បន្ថែមថា នៅក្បែរកន្លែងរស់នៅរបស់អ្នកស្រី ក៏មានសំរាមខ្លះរប៉ាត់រប៉ាយលើផ្លូវ ដោយសារត្រូវខ្យល់ និងសត្វសុនខ កាយរកចំណីជាដើម។ អ្នកស្រី និយាយថា៖«ជាងមួយសប្ដាហ៍ហើយ មិនទាន់ឃើញឡានសំរាម ចុះមកប្រមូលសំរាមទេ។ ហើយសំរាមខ្លះ វាបានស្អុយរលួយហើយ ដោយសារត្រូវទឹកភ្លៀង និងទុកចោលយូរថ្ងៃមកនេះ»។

លោក កៅ សាវ៉ាត ប្រធានសហជីពនៃក្រុមហ៊ុន ស៊ីន ទ្រី ផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា បុគ្គលិកប្រមូលសំរាម គឺចេញធ្វើការធម្មតា ហើយកន្លែងដែលមានសំរាមកកស្ទះភាគច្រើនគឺជាតំបន់លិចទឹកដែលឡានមិនអាចចូលប្រមូលបាន។ លោកបន្តថា សំរាមគរសល់ខ្លះក៏អាចសល់តាំងក្រុមបុគ្គលិករបស់លោកធ្វើកូដកម្ម ព្រោះអំឡុងពេលកូដកម្ម សំរាមកកស្ទះក្នុងរាជធានីភ្នំពេញទាំងអស់ប្រមាណ៣ម៉ឺនតោន គឺមិនអាចប្រមូលទាន់ភ្លាមៗបានឡើយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា បញ្ហាសំរាមគឺតែងតែកើតឡើង បន្ទាប់ពីទឹកជំនន់ស្រក ហើយក្រុមអាជ្ញាធរបានចុះដោះស្រាយភ្លាមៗតាំងតែពីទឹកជំនន់ចាប់ផ្តើមស្រក។ លោក អះអាងទៀតថា លើសពីនេះ សាលារាជធានីភ្នំពេញក៏បានណែនាំឲ្យខណ្ឌនីមួយៗ ពិសេសគឺតំបន់លិចទឹកយកចិត្តទុកដោះស្រាយបញ្ហាសំរាមនេះបន្ថែមទៀតផងដែរ។

លោក ថ្លែងថា៖«លិចទឹកចប់មក គឺសំរាមកាកសំណល់សល់ច្រើនអ៊ីចឹងហើយ។ ហើយដោះស្រាយគឺតាំងពីភ្លាមៗមក...យើងក៏មានការរៀបចំឲ្យមានការប្រមូល [សំរាម] និងពង្រឹងឲ្យលើសពីសកម្មភាពទូទៅនៅតំបន់ទឹកស្រក គឺឲ្យអាជ្ញាធរយកចិត្តទុកដាក់ឲ្យបានខ្លាំងលើបញ្ហានេះ»៕

អត្ថបទទាក់ទង

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com