COVID-19
ជាតិ
សង្គមជាតិ
មនុស្ស៦២៨នាក់ដែលប្រាស្រ័យទាក់ទង ប្រមុខការទូតហុងគ្រី ដោយផ្ទាល់ និងប្រយោល តេស្តអវិជ្ជមានកូវីដ-១៩ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ថ្លែងនៅក្រសួងការបរទេសកម្ពុជា នាដំណើរទស្សនកិច្ច កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០
× ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ខែវិច្ឆិកា បានប្រកាសថា អ្នកដែលមានប្រាស្រ័យទាក់ទងនឹងលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដោយផ្ទាល់ និងប្រយោល ចំនួន៦២៨នាក់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា តេស្តអវិជ្ជមានកូវីដ-១៩ទាំងអស់។
ទោះបីលទ្ធផលតេស្តដំបូងអវិជ្ជមាន ក៏ក្រសួងណែនាំឲ្យអ្នកធ្វើតេស្តទាំង៦២៨នាក់ ធ្វើចត្តាឡីស័កខ្លួនឯងរយៈពេលចំនួន១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពនិងទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនឹងនៅតែស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកសំណាករបស់ពួកគេមកធ្វើតេស្តជាបន្តបន្ទាប់ទៀត។
នៅថ្ងៃទី៥ វិច្ឆិកានេះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ ដែលជាបុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ ជនជាតិបូឡូញអាយុ៤៧ឆ្នាំ និងជនជាតិបារាំងអាយុ៣៧ឆ្នាំ។ បុរសទាំងបីនាក់នោះត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩២នាក់ ជាសះស្បើយ២៨៦នាក់ និងនៅសល់អ្នកជំងឺ ៦នាក់ទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com