COVID-19
ជាតិ
មនុស្ស២១២នាក់ទៀត ដែលទាក់ទងជាមួយគណៈប្រតិភូហុងគ្រី មិនឆ្លងកូវីដឡើយ
06, Nov 2020 , 1:30 pm        
រូបភាព
លោក Péter Szijjártó រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី (រូបពីក្រសួងការបរទេសកម្ពុជា)
លោក Péter Szijjártó រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី (រូបពីក្រសួងការបរទេសកម្ពុជា)
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មនុស្ស២១២នាក់ទៀត ដែលប្រាស្រ័យទាក់ទងជាមួយ លោក Péter Szijjártó រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយលទ្ធផលគឺអវិជ្ជមាន។ ក្នុងចំណោមមនុស្ស២១២នោះ ក៏មានជនជាតិហុងគ្រីម្នាក់ផងដែរ។



នៅថ្ងៃម្សិលមិញ (៥វិច្ឆិកា) ក្រសួងសុខាភិបាល បានប្រកាសម្តងរួចមកហើយ ពីលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ លើមនុស្ស៦២៨នាក់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី។ ដូច្នេះ មកដល់ពេលនេះ មានមនុស្ស៨៤០នាក់ហើយ ដែលបានប្រាស្រ័យទាក់ទងទាំងផ្ទាល់និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី បានឆ្លងកាត់ការធ្វើតេស្ត ហើយលទ្ធផល បង្ហាញថា ពួកគេ គ្មានជំងឺកូវីដ-១៩នោះទេ។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែណែនាំអ្នកទាំងនោះ ឲ្យបន្តធ្វើចត្តាឡីស័ក តាមគេហដ្ឋានឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រាប់ពួកគេ ឲ្យត្រឡប់ទៅធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានសន្តិភាព។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសហុងគ្រីនិងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ដោយរួមមានទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសរួចហើយថា សម្តេច បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ តែសម្តេចត្រូវបន្តធ្វើចត្តាឡីស័ក។

រដ្ឋមន្រ្តីកម្ពុជា ដែលបានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកតំណាងរាស្រ្ត សួស យ៉ារ៉ា ក៏បានជួបរដ្ឋមន្រ្តីការបរទេសហុងគ្រីដែរ។

រដ្ឋាភិបាល តម្រូវឲ្យថ្នាក់ដឹកនាំនិងមន្រ្តីកម្ពុជាទាំងអស់ ដែលបានប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក Péter Szijjártó ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក។

លោក Péter Szijjártó ត្រូវរកឃើញថា មានជំងឺកូវីដ-១៩ បន្ទាប់ពីលោក ចេញពីកម្ពុជា ហើយទៅដល់ថៃ ដើម្បីបន្តបេសកកម្មការទូតរបស់លោក។ ក្រោយលទ្ធផលបង្ហាញថាលោក មានជំងឺកូវីដ-១៩ ជំនួបរបស់លោក ជាមួយថ្នាក់ដឹកនាំថៃ ត្រូវលុបចោលទាំងអស់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកានេះ កម្ពុជា មានអ្នកមានអ្នកឆ្លងកូវីដ-១៩ ចំនួន២៩២នាក់ ហើយបានព្យាបាលជាសះស្បើយ២៨៦នាក់។ ចំណែក៦នាក់ទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

Tag:
 COVID-19
  Péter Szijjártó
  អ្នកប្រាស្រ័យទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com