ជាតិ
ឥស្សរជនបរទេសដែលទទួលបានគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»
08, Nov 2020 , 7:59 pm        
រូបភាព
ដោយ: រួបរួម
មេដាយ «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» (Medal of Friendship of the People's Republic of China) គឺជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតមួយរបស់រដ្ឋាភិបាលចិន សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាពជាមួយចិន និងការរួមចំណែកកសាងសន្តិភាពពិភពលោក។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ គឺជាឥស្សរជនបរទេសទី៩ ដែលទទួលបានគ្រឿងឥស្សរិយយសប្រកបដោយកិត្យានុភាពមួយនេះ ពីលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នាពិធីផ្លូវការមួយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង។





លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន គឺជាឥស្សរជនបរទេសដំបូងបំផុតដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។ លោក ស៊ី បានចាត់ទុកលោក ពូទីន ជាមហាមិត្តរបស់ចិន ដែលពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។



នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លោក Nursultan Nazarbayev ប្រធានាធិបតីដំបូងរបស់កាហ្សាក់ស្ថាន បានទទួលគ្រឿងឥស្សរិយយសនេះ តាមរយៈការប្រឹងប្រែងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការចិន-កាហ្សាក់ស្ថានលើគ្រប់វិស័យ។



នាការប្រារព្ធខួបកំណើត៧០ឆ្នាំនៃការបង្កើតរដ្ឋកម្មុយនិស្តចិន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ឥស្សរជនបរទេសដល់ទៅ៦រូបបន្ថែមទៀត មានឈ្មោះទទួលគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» (Medal of Friendship of the People's Republic of China) ដែលរៀបចំនៅវិមានមហាប្រជាជនចិនដដែល។



ឥស្សរជនបរទេសទាំងនោះរួមមាន ម្ចាស់ក្សត្រី Maha Chakri Sirindhorn នៃព្រះរាជាណាចក្រថៃ, លោក Salim Ahmed Salim អតីតនាយករដ្ឋមន្ត្រីតង់ហ្សានី, លោក Raul Castro លេខាទី១នៃគណៈកម្មាធិការកណ្តាលបក្សកុំម្មុយនីស្តគុយបា, លោក Jean-Pierre Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង, លោកស្រី Isabel Crook ជនជាតិកាណាដា ដែលជាអ្នកស្រាវជ្រាវ និងអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Beijing Foreign Studies University រួមទាំងលោកស្រី Galina Kulikova ជនជាតិរុស្ស៊ី អនុប្រធានទី១នៃសមាគមមិត្តភាពរុស្ស៊ី-ចិន។



សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្លាយជាឥស្សរជនបរទេសទី៩ ដែលទទួលបានគ្រឿងឥស្សរិយយសនេះ ដោយព្រះអង្គត្រូវបានចាត់ទុកជាសាក្សីប្រវត្តិសាស្រ្ត នៃចំណងមិត្តភាព កម្ពុជា-ចិន ចាប់តាំងពីការបង្កើតចំណងមិត្តភាពជាផ្លូវការនៅឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះ និងគំនិតផ្តួចផ្តើមរវាង ព្រះមហាវីរក្សត្រ  ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមួយលោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ក្នុងសន្និសីទីក្រុងបានឌុង និងក្រោយពីមានដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦៕





© រក្សាសិទ្ធិដោយ thmeythmey.com