ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃឌិន បានបោះជំហានឆ្ពោះទៅរកការកាន់កាប់សេតវិមាន ខណៈសល់ ៧៣ថ្ងៃទៀត មុនដល់ពេលស្បថចូលកាន់តំណែងផ្លូវការ។ លោក ដូណាល់ ត្រាំ នៅមិនទាន់បង្ហាញជំហរដកថយចុះចាញ់ក៏ដោយក្តី ហើយបន្តដាក់ការសង្ស័យលើលទ្ធផលឆ្នោត។
ក្រោយទទួលបានសារអបអរពីសំណាក់មេដឹកនាំពិភពលោកជាបន្តបន្ទាប់ មួយថ្ងៃបន្ទាប់ការប្រកាសជោគជ័យក្នុងការបោះឆ្នោត លោក បៃឌិន និងអនុប្រធានាធិបតីជាប់ឆ្នោត កាម៉ាឡា ហារីស បានបង្កើតវេបសាយសម្រាប់ដំណើរការផ្ទេរអំណាចមួយ ហៅថា BuildBackBetter.com ។
វេបសាយដែលមានអក្សរមួយផ្ទាំងសរសេរថា «ស្តារភាពជាអ្នកដឹកនាំអាមេរិក» នេះ ដាក់ចេញគោលដៅអាទិភាព៤យ៉ាងសម្រាប់អនាគតរដ្ឋបាលលោក បៃឌិន ដោះស្រាយ មានដូចជា បញ្ហាជំងឺកូវីដ-១៩ ការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ សមធម៌ពូជសាសន៍និងពណ៌សម្បុរ ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ។
«ក្រុមដែលផ្ដុំឡើងនេះ នឹងទៅដោះស្រាយបញ្ហាប្រឈមទាំងនេះ នៅថ្ងៃទីមួយ»។ វេបសាយនេះ សរសេរបែបនេះ ដោយសំដៅលើថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅពេលលោក បៃឌិន នឹងត្រូវស្បថចូលកាន់តំណែងឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។ លោក បៃឌិន មានផែនការបង្កើតក្រុមការងារមួយមានសមាជិក១២នាក់នៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះស្រាយជំងឺកូវីដ-១៩ ដែលសម្លាប់ពលរដ្ឋអាមេរិកជាង២៣៧ ០០០នាក់ ហើយករណីឆ្លងបន្តហក់ឡើង។
ដើម្បីស្ដារភាពជាអ្នកដឹកនាំអាមេរិកឡើងវិញលើឆាកសកល អនាគតប្រធានាធិបតីរូបនេះ ក៏បានប្រកាសពីគម្រោងចូលជាសមាជិកឡើងវិញក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលសហរដ្ឋអាមេរិកដកខ្លួនចេញជាផ្លូវការកាលថ្ងៃពុធសប្ដាហ៍មុន។
ដូចតាមការសន្យាអំឡុងពេលឃោសនាបោះឆ្នោត ក្នុងថ្ងៃទីមួយនៃការចូលក្ដាប់សេតវិមានដដែល លោក បៃឌិន ក៏នឹងដាក់ចេញបញ្ជាប្រតិបត្តិលុបចោលបម្រាមគោចរដែលលោក ត្រាំ ដាក់លើបណ្ដាប្រទេសកាន់សាសនាឥស្លាមមួយចំនួនធំ ក៏ដូចជាផ្លាស់ប្ដូរការសម្រេចចិត្តដែលដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
លោក បៃឌិន ដែលឈានចូលវ័យ ៧៨ឆ្នាំ នាថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខ ក្លាយជាមនុស្សមានអាយុចាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកជាប់ឆ្នោតជាប្រធានាធិបតី។ ចំណែក អ្នកស្រី ហារីស បច្ចុប្បន្នអាយុ ៥៦ឆ្នាំ ហើយជាសមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រនីញា ក្លាយជាស្ត្រីដំបូង និងជាមនុស្សស្បែកខ្មៅកាត់អាស៊ីខាងត្បូងទីមួយជាប់ឆ្នោតជាអនុប្រធានាធិបតី។
ខណៈលោក ត្រាំ បន្តបង្ហាញជំហរមិនព្រមចុះចាញ់ ហើយតំណាងរាស្ត្របក្សសាធារណរដ្ឋភាគច្រើន សុទ្ធតែនៅស្ងៀម អតីតប្រធានាធិបតី George W Bush បានសាទលោក បៃឌិន។ លោក Bush វ័យ ៧៤ឆ្នាំ ដែលជាអតីតប្រធានាធិបតីបក្សសាធារណរដ្ឋ នៅមានជីវិតតែមួយគត់ បានបញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកាថា លោកបានហៅទូរសព្ទទៅលោក បៃឌិន និងអ្នកស្រី ហារីស ដើម្បីបង្ហាញការសាទរ។
ខណៈត្រាំ មានសិទ្ធិស្នើរាប់សន្លឹកឆ្នោតឡើងវិញ និងដំណើរការនីតិវិធីច្បាប់ប្រឆាំងលទ្ធផលឆ្នោតនេះ លោក Bush លើកឡើងថា ពលរដ្ឋអាមេរិក អាចមានទំនុកចិត្តថា ការបោះឆ្នោតនេះ គឺយុត្តិធម៌ដោយអនុលោមតាមគោលការណ៍ត្រឹមត្រូវ ហើយលទ្ធផលគឺច្បាស់លាស់ហើយ ។
«ទោះជាយើងមាននិន្នាការនយោបាយខុសគ្នាមែន ខ្ញុំទទួលស្គាល់ថា ចូ បៃឌិន ជាបុរសល្អ ដែលឈ្នះឱកាសដឹកនាំនិងបង្រួបបង្រួមប្រទេសយើង»។ លោក Bush បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ មុននឹងសង្កត់ធ្ងន់ថា ពលរដ្ឋអាមេរិកត្រូវរួបរួមគ្នាសម្រាប់ក្តីសុខប្រជាជាតិ និងអនាគតអាមេរិក។
ក្រៅពីលោក Bush មានតែសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ២នាក់ប៉ុណ្ណោះមានលោក Mitt Romney និងអ្នកស្រី Lisa Murkowski ដែលចេញសារអបអរលោក បៃឌិន។ លោក Romney ថែមទាំងនិយាយថា លោកត្រាំ នឹងព្រមទទួលស្គាល់លទ្ធផលឆ្នោតនៅទីបំផុត។
លោក Lindesy Graham សម្ព័ន្ធមិត្តលោក ត្រាំ និងជាសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina ស្នើលោក ត្រាំ ប្រយុទ្ធបន្តទៀត។ ប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យ លោក Gramham និយាយដូច្នេះថា៖«យើងនឹងធ្វើការជាមួយលោក បៃឌិន បើគាត់ឈ្នះ តែលោក ត្រាំ មិនទាន់ចាញ់ឡើយ។ កុំទាន់ព្រមចុះចាញ់ លោកប្រធានាធិបតី។ ប្រយុទ្ធឲ្យខ្លាំង»។
សូមបញ្ជាក់ថា មកទល់ពេលនេះ លោក បៃឌិន ទទួលសំឡេងឆ្នោតគាំទ្រ ៧៤,៦លានសន្លឹកទល់នឹងរបស់លោកត្រាំ ៧០,៥លានសន្លឹក។ លោកឈ្នះសំឡេងប្រតិភូរហូតដល់ ២៩០ ក្នុងអង្គបោះឆ្នោត គ្រប់គ្រាន់ធ្វើជាប្រធានាធិបតី៕