ជាតិ
សង្គមជាតិ
សិស្ស​ថ្នាក់​ទី​១២ អាច​សាកល្បង​ប្រឡង​មុខវិជ្ជា​បាក់​ឌុប តាម​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​របស់​ក្រសួង​អប់រំ​
10, Nov 2020 , 2:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ សម្រាប់​ឲ្យ​ពួកគេ​អាច​តេស្ត​សមត្ថភាព ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ចំណេះដឹង​របស់​ពួកគេ សម្រាប់​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ខាងមុខ​។  សិស្សានុសិស្ស​អាច​តេស្ត​សមត្ថភាព​លើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា តាមរយៈ https://exam.moeys.gov.kh​។​

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា ប្រព័ន្ធ​នេះ​នឹងធ្វើ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ទាំងអស់ អាច​ពង្រឹង និង​តេស្ត​សមត្ថភាព​ខ្លួនឯង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ ទៅលើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា​។​


 
​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​គិត​មកដល់ពេលនេះ ជា​ដំណាក់​កាលដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ស្វាគមន៍​សិស្សានុសិស្ស​ឲ្យ​ចូលមក​ប្រើប្រាស់​យន្តការ ប្រព័ន្ធ​ពង្រឹងសមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ ដែល​បង្កើតឡើង សម្រាប់​សិស្ស​ពង្រឹង និង​តេស្ដ​សមត្ថភាព​ខ្លួនឯង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​»​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ក្នុងករណី​សិស្សានុសិស្ស​មាន​ចម្ងល់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ធ្វើតេស្ត​សមត្ថភាព​នេះ ពួកគេ​អា​ចខ​ល​ទាក់ទង​ក្រសួង​អប់រំ ដើម្បី​សុំ​ការពន្យល់​បន្ថែម (​លេខ​០៦៦ ៩០១ ៨០០)​។​
 
​កន្លងមក​ក្រសួង​អប់រំ​បានអនុញ្ញាត​ឲ្យ​បើក​សាលារៀន​ក្នុងដំណាក់កាល​ទី​២ សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​ចូលរៀន​វិញ​មក​។ នៅ​វិទ្យាល័យ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម​ឫស ខេត្តកណ្តាល បានរៀបចំ​ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​សាកល្បង​សមត្ថភាព​សិស្ស មុន​ការប្រឡង​ផ្លូវការ​មកដល់​។ លទ្ធផល​ប្រឡង​របស់​សិស្ស បាន​បង្ហាញថា ភាគច្រើន​អ្នក​ប្រឡង​ឌី​ប្លូ​ម មាន​អត្រា​ធ្លាក់​ច្រើន ដោយ​អ្នក​ប្រឡង​បាក់​ឌុប​មាន​និទ្ទេស​ត្រឹម​B ដល់​F​។ 
 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​នឹង​នៅតែ​រឹតបន្តឹង​ដូចនឹង​ការប្រឡង​ឆ្នាំមុនៗ​ផងដែរ​។ លោក​អះអាងថា ប្រសិន​ជាមាន​អត្រា​ធ្លាក់​ច្រើន ក៏​ក្រសួង​ពុំ​ផ្តល់ឱកាស​ឲ្យ​ពួកគេ​ប្រឡង​ម្តង​ទៀតឡើយ​។ 
 
 
 
​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​)​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ហើយ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅ​ថ្ងៃទី​២១-២២  ខែធ្នូ ឆ្នាំ​២០២០​។ បេក្ខជន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​ជាង​១២​ម៉ឺន​នាក់ ដោយមាន​មណ្ឌល​ប្រឡង​ចំនួន​២១០​មណ្ឌល​៕ 
 
 
 
 

Tag:
 សិស្ស​
 ​បាក់​ឌុប​
 ​ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com