ជាតិ
ប្រទះឃើញ​សាកសព «​ផ្សោត​ញី​» អាយុ​២៧​ឆ្នាំ​មួយ​ក្បាល នៅ​ច្រាំងទន្លេ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​
10, Nov 2020 , 10:29 pm        
រូបភាព
សាកសពសត្វផ្សោតដែលពលរដ្ឋប្រទះឃើញនៅច្រាំងទន្លេមួយកន្លែង ក្នុងខេត្តត្បូងឃ្មុំ។ រូបថត៖ WWF
សាកសពសត្វផ្សោតដែលពលរដ្ឋប្រទះឃើញនៅច្រាំងទន្លេមួយកន្លែង ក្នុងខេត្តត្បូងឃ្មុំ។ រូបថត៖ WWF
​ភ្នំពេញ​៖ សាកសព​«​ផ្សោត​ញី​»​មួយ​ក្បាល​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅ​ច្រាំងទន្លេ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​បញ្ជាក់ថា សត្វ​ផ្សោត​ដែល​បាត់​បង់ជីវិត​នេះ មាន​អាយុប្រមាណ​២៧​ឆ្នាំ និង​ប្រវែង​២,២​ម៉ែត្រ​។​

 
​បើតាម​ការផ្សាយ​របស់​អង្គការ​WWF កាលពី​ថ្ងៃទី​៨​វិច្ឆិកា ឆ្នាំ​២០២០  ក្រុម​ជំនាញ​មិនអាច​បញ្ជាក់​ពី​ទម្ងន់​របស់​សត្វ​ផ្សោត​ដែល​ងាប់​ខាងលើ​នោះបាន​ឡើយ ព្រោះតែ​សាកសព​របស់​ផ្សោត​ញី​នោះ មាន​ស្ថានភាព​រលួយ​ខ្លាំងពេក​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​របស់​អង្គការ​WWF បាន​សន្និដ្ឋានថា​៖«​សត្វ​ផ្សោត​ដែល​បាត់​បង់ជីវិត​នេះ គឺ​បាន​ហែល​ចេញពី​ទីជម្រក​នៅក្នុង​ខេត្តក្រចេះ ដោយ​វង្វេង​រហូត​ដាច់​សង្វែង​ពី​ហ្វូង​របស់​វា​។  ហើយ សត្វ​ផ្សោត​មួយ​ក្បាល​នេះ​អាច​ស្លាប់​ដោយ​ធម្មជាតិ ពោលគឺ​ដោយសារតែ​វា​មាន​អាយុ​ច្រើន ឬក៏​មាន​វ័យចាស់​»​។ 
 
​សត្វ​ផ្សោត​ដែល​បាន​បាត់បង់​ជីវិត​នេះ គឺមាន​វត្តមាន​នៅក្នុង​កំណត់ត្រា​នៃ​ជំរឿន​សត្វ​ផ្សោត​ចាប់ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០២០​។ នេះ​បើតាម​អង្គការ​WWF ដោយ​បញ្ជាក់ថា​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី អាច​រស់​នៅបាន​រហូត​ដល់​ចន្លោះ​អាយុ​ពី​២៨ ទៅ ៣០ ឆ្នាំ នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​។ 
 
​យោងតាម​លទ្ធផល​ជំរឿន​ផ្សោត​របស់​អង្គការ​WWF ប្រចាំឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្សោត​សរុប​៨៩​ក្បាល បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​៩២​ក្បាល​។ 
 
​សត្វ​ផ្សោត ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ (IUCN) និង​ត្រូវបាន​ចាត់ទុកថា ជា​សត្វ​ដែល​ងាយ​នឹង​ផុត​ពូជ​បំផុត  ហើយ​ប្រឈម​នឹង​ការគំរាមកំហែង​ផងដែរ​។  បើតាម​របាយការណ៍រ​បស់​អង្គការ   WWF សត្វ​ផ្សោត​ទូទាំង​សកល មាន​ចំនួន​៧​ប្រភេទ ក្នុងនោះ​មាន​សត្វ​ផ្សោត​៤​ប្រភេទ រស់នៅក្នុង​ទីជម្រក​ទឹកសាប និង​៣​ប្រភេទ​ទៀត មាន​ទីជម្រក​នៅ​សមុទ្រ​ទឹកប្រៃ​៕
 
 

Tag:
 សត្វ​ផ្សោត​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com