ជិះកង់ធម្មតា អត់ស្បែកជើង និងគ្មានមួកសុវត្ថិភាព ក្នុងការប្រកួតប្រណាំងកង់។ នេះមិនមែនជាការលើកទឹកចិត្តនោះឡើយ ប៉ុន្តែការព្យាយាមបង្ហាញខ្លួនរបស់កុមារា ប៉ិច ធារ៉ា ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series 2020 ជុំទីពីរ នៅព្រែកលៀប ជាយរាជធានីភ្នំពេញ ទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ពាក់លេខ ២៦១ ជាមួយនឹងភ្នែកសម្លឹង រូបថតដែលជាស្នាដៃរបស់លោក កឹម សុវណ្ណា មានការចែករំលែក និងទាក់ទាញយ៉ាងខ្លាំង ដោយភាគច្រើនកោតសរសើរនូវការតស៊ូរបស់ ប៉ិច ធារ៉ា ក្នុងការប្រកួតប្រជែង ដោយមិនខ្វល់ថា ខ្លួនចាញ់ប្រៀបទាំងគុណភាពកង់ និងសម្ភារការពារខ្លួននោះឡើយ។
វ័យ១៣ឆ្នាំ កុមារដែលរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្បែរតំបន់ព្រែកលៀប រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈទូរសព្ទម្តាយរបស់ខ្លួនថា៖ «ខ្ញុំចូលចិត្តកីឡាប្រណាំងកង់ ខ្ញុំចង់ក្លាយជាកីឡាករប្រណាំងម្នាក់នៅថ្ងៃអនាគត»។
ក្នុងចំណោមអ្នកចូលរួមប្រកួតលើគ្រប់ប្រភេទវិញ្ញាសាសរុបជាង២០០នាក់ ធារ៉ា មិនមានឈ្មោះក្នុងកំណត់ត្រានោះឡើយ ប៉ុន្តែលោក កឹម សុវណ្ណា ដែលជាអ្នកថតរូបបានអះអាងថា យុវជនរូបនោះ ពិតជាបានទៅដល់ទី ទោះបីជាមានថិរវេលាយឺតក៏ដោយ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នករៀបចំព្រឹត្តិការណ៍ Cambodia MTB Series បានឆ្លើយតបនឹងការសាកសួរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «កុមារនៅមូលដ្ឋាន តែងតែចង់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ យើងអនុញ្ញាតឲ្យពួកគេចូលរួមដោយមិនតម្រូវឲ្យបង់ប្រាក់។ ពួកគេភាគច្រើន គ្មានមួកសុវត្ថិភាព ដែលនេះជាបញ្ហាដ៏ធំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងសម្រេចចិត្តឲ្យពួកគេចូលរួមដើម្បីឲ្យពួកគេបានសប្បាយចិត្ត»។
កូនពៅក្នុងគ្រួសារមានបងប្អូន៥នាក់រូបនេះរៀបរាប់ថា កង់ ដែលខ្លួនប្រើប្រាស់សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ខាងលើ ជាកង់ដែលខ្លួនទុកជិះលេងពេលទំនេរពីការសិក្សា។ សិស្សថ្នាក់ទី៤នៅសាលាបឋមសិក្សាមង្គលសត្ថាវ័នរូបនេះ អះអាងថា កត្តា ដែលជំរុញឲ្យខ្លួនចូលរួមប្រកួត ដោយសារការស្រឡាញ់ និងចូលចិត្តជិះកង់។
ធារ៉ា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រូបគេនឹងមិនរួញរាឡើយបើសហព័ន្ធខ្មែរកីឡាទោចក្រយានត្រូវការខ្លួនធ្វើជាយុវជនថ្នាល ដ្បិតរូបគេមានគោលបំណងចង់ក្លាយជាកីឡាករទោចក្រយាន។ សម្រាប់ការប្រកួតខាងលើ ប៉ិច ធារ៉ា ពុំទទួលបានលទ្ធផលល្អនោះទេ តែរូបគេបានមកដល់គោលដៅ។
កុមារារូបនេះ បានរៀបរាប់ពីស្ថានភាពគ្រួសារថា គ្រួសារគេមានជីវភាពក្រលំបាក ដោយឪពុកជាជាងសំណង់ រីឯម្តាយជាស្ត្រីមេផ្ទះ ហើយបច្ចុប្បន្នកំពុងញាំញីដោយជំងឺ។
តាមពិតទៅ លោក កឹម សុវណ្ណា ដែលជាអ្នកថតរូបសារព័ត៌មានដ៏មានបទពិសោធន៍យូរឆ្នាំម្នាក់នៅកម្ពុជា បានអះអាងថា សកម្មភាពក្មេងចូលរួមបែបនេះ មិនមែនជាករណីថ្មីនោះឡើយ ប៉ុន្តែនេះជាលើកដំបូងដែលស្នាដៃរបស់លោកទទួលបាននូវការចាប់អារម្មណ៍ ហើយមានការចែករំលែកច្រើន។
«ខ្ញុំថតឲ្យក្រុមការងារលោក Pierre Cartry ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍កុមារពាក់លេខ២៦១»។ នេះជាការរៀបរាប់លោក សុវណ្ណា។ ក្រោយការចែករំលែកតៗគ្នាក្នុងបណ្តាញសង្គម មនុស្សមួយចំនួនបង្ហាញពីបំណងជួយដល់ធារ៉ា ហើយសារព័ត៌មានថ្មីៗ ក៏ឃើញរូបថតមួយសន្លឹកដែលបង្ហាញថា កុមាររូបនេះ បានទទួលកង់១គ្រឿងពីសប្បុរសជនផងដែរ៕