ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឲ្យចែកម៉ាសក្រណាត់២លានម៉ាស ដល់ពលរដ្ឋក្រីក្រ សម្តេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យក្រសួងសុខាភិបាលប្រគល់ម៉ាសក្រណាត់ចំនួន២លានម៉ាស ឲ្យទៅអភិបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនដល់ពលរដ្ឋដែលខ្វះខាតនៅក្នុងរាជធានីភ្នំពេញ។
ការចែកម៉ាសរបស់រដ្ឋាភិបាលនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យជ្រៀតចូលទៅសហគមន៍។ ជាពិសេសទប់ស្កាត់ហានិភ័យ ដែលអាចកើតចេញពីព្រឹត្តិការណ៍ ៣ វិច្ឆិកា។ គិតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានធ្វើតេស្តលើមនុស្សជាង១៤០០នាក់ ដែលបានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៤នាក់ មានវិជ្ជមានកូវីដ-១៩។
ពាក់ព័ន្ធនឹងការទបស្កាត់ជំងឺនេះដែរ ក្រសួងមហាផ្ទៃក៏បានណែនាំដល់អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាកការរៀបចំទេវិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំផ្សេងៗរយៈពេល១៤ថ្ងៃសិន ដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍។
បន្ថែមពីនេះ ក្រសួងអប់រំដែលបានរកឃើញថាមានសាលារៀនរដ្ឋ និងឯកជន មន្ទីរអប់រំខេត្ត និងក្លឹបហាត់ប្រាណកីឡាការ៉ាតេដូ បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយនឹងគណៈប្រតិភូហុងគ្រីមក ក្រសួងសម្រេចផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលចំនួន២សប្តាហ៍។
ចំណែករោងភាពយន្ត សារមន្ទីរជាតិ ខារ៉ាអូខេ(KTV) មណ្ឌលកម្សាន្ត ម៉ាស្សា និងក្លឹបហាត់ប្រាណនៅទូទាំងប្រទេសក៏ក្រសួងសុខាភិបាលផ្អាកឲ្យដំណើរការផងដែរ។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០១នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com