ជាតិ
សង្គមជាតិ
ត្រាំ ទូល​ព្រះមហាក្សត្រ​ថា អាមេរិក នៅតែ​ជួយ​លើកកម្ពស់​សន្តិភាព​និង​វិបុលភាព​នៅ​កម្ពុជា​
11, Nov 2020 , 5:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ សីហមុនី ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រម្លឹក​ខួប​៦៧​ឆ្នាំ​នៃ​ការទទួលបាន​ឯករាជ្យ​ជាតិ​។ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិលើក​ទី​៦៧​។​



​ក្រៅពី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ លោក​ប្រធានាធិបតី បាន​រំលេច​សារ​ក្នុងន័យ​បន្ត​ជួយ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​សន្តិភាព​។ ក្នុង​លិខិត ចុះ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ប្រធានាធិបតី ទូល​ព្រះមហាក្សត្រ​ថា​៖«​អាមេរិក នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​លើកកម្ពស់​សន្តិភាព [​នៅ​កម្ពុជា​] និង​វិបុលភាព​របស់​ប្រជាជន​កម្ពុជា​»​។​
 
​ជាមួយគ្នានេះ ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​រូបនេះ ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​ឲ្យ​ព្រះអង្គ មាន​ព្រះរាជសុខភាព​បរិបូរ ហើយ​ក៏បាន​ជូនពរ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប មាន​សុខ​ភាពល្អ​ផងដែរ​។ 
 
​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​លើក​ទី​៦៧​ដែរ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​លោក កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប្រមុខ​ការទូត​អាមេរិក សរសេរថា​៖«[…] យើង ទន្ទឹងរង់ចាំ​ការឈាន​ទៅមុខ​បន្ថែមទៀត​នៃ​ចំណង​ការទូត​កម្ពុជា​-​អាមេរិក ដើម្បី​ជួយ​កសាង​កម្ពុជា ឲ្យ​កាន់​តែមាន​វិបុលភាព ប្រជាធិបតេយ្យ និង ឯករាជ្យ​កម្ពុជា​»​។​
 
​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៩​កន្លងទៅ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​ប្រមុខ​ការទូត ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ផ្ញើ​សារ​អបអរសាទរ ដូច​ឆ្នាំ​២០២០​នេះដែរ​។​

​ប្រទេស​ជា​មិត្ត​ផ្សេងទៀត ដូចជា ​វៀតណាម ជាដើម ក៏បាន​ថ្វាយ​សារ​ដល់​ព្រះមហាក្សត្រ​និង​មេដឹកនាំ​កម្ពុជា​ដែរ ដើម្បី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧​។ 
 
​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា មិនមែន​គ្រាន់តែ​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ទេ តែ​ក៏​ថ្ងៃ​រម្លឹក​ខួប​នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ដែរ​។ មកដល់​ឆ្នាំ​២០២០​នេះ ការទទួលបាន​ឯករាជ្យ​ពី​បារាំង​និង​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ គឺមាន​រយៈពេល​៦៧​ឆ្នាំ​ដូចគ្នា​៕ 

Tag:
 កម្ពុជា​-​អាមេរិក​
  ព្រះមហាក្សត្រ​
  ត្រាំ​
  បុណ្យ​ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com