ជាតិ
សង្គមជាតិ
​ក្រសួងទេសចរណ៍​ឲ្យ​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​ក្លឹប​ហាត់ប្រាណ​ទាំង​ក្នុង និង​ក្រៅ​សណ្ឋាគារ​
12, Nov 2020 , 10:35 am        
រូបភាព
រូបភាពក្លឹបហាត់ប្រាណ
រូបភាពក្លឹបហាត់ប្រាណ
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ​ទាំង​ក្នុង និង​ក្រៅ​សណ្ឋាគារ​ទូទាំង​រាជធានី​ខេត្ត​ផ្អាក​ដំណើរការ​អាជីវកម្ម​មួយរយៈ​សិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នេះ​បើ​យោងតាម​លិខិត​ដែល​ក្រសួងទេសចរណ៍​ផ្ញើ​ទៅ​គណៈ​អភិបាល​រាជធានី​ខេត្ត​នា​ថ្ងៃទី​១១ ខែវិច្ឆិកា​។

 
​រោងភាពយន្ត សារមន្ទីរ​ជាតិ ខារ៉ាអូខេ​(KTV) មណ្ឌល​កម្សាន្ត ម៉ាស្សា និង​ក្លឹប​ហាត់ប្រាណ​នៅ​ទូទាំងប្រទេស​ក៏​ក្រសួងសុខាភិបាល​ផ្អាក​ឲ្យ​ដំណើរការ​ផងដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ទីតាំង​ខារ៉ាអូខេ​១០៩​កន្លែង បៀរហ្គាឌិន​២១​ទីតាំង ម៉ាស្សា​១៨៥​ទីតាំង និង​ស្ប៉ា​៨​ទីតាំង ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​ជាង​៣០០​កន្លែង​នៅ​រាជធានី​ភ្នំពេញ បាន​ផ្អាក​អាជីវកម្ម​របស់ខ្លួន​តា​ម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​។ នេះ​បើតាម​លិខិត​ស្ថិតិ​បិទ​អាជីវកម្ម​មណ្ឌល​កម្សាន្ត​របស់​មន្ទីរ​ទេសចរណ៍ ដែល​ចុះ​លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បន្ត​បិទ និង​ឃ្លាំមើល​ទីតាំង​ដែល​នៅ​សេសសល់​បន្តទៀត​។ ចំពោះ​ក្រសួងទេសចរណ៍​ក៏​ណែនាំ​អភិបាល​រាជធានី​ខេត្ត​នីមួយ​អនុវត្តតាម​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការចុះ​ណែនាំ​ដល់​អាជីវករ​ក្លឹប​ហាត់ប្រាណ​នានា​ផងដែរ​។ 
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​ឆ្លង​ចូលក្នុង​សហគមន៍ ក្រសួង​អប់រំ​ក៏បាន​ផ្អាក​ដំណើរការ​សាលារៀន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល រួមទាំង​សាលាបឋមសិក្សា​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​២​សប្តាហ៍ ក្រោយពី​ក្រសួង​បាន​រកឃើញថា​មាន​២៤​អង្គភាព​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​លោក Peter Szijjarto​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​ដែល​បាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ នៅពេល​លោក​បាន​ទៅដល់​ប្រទេស​ថៃ​។​
 
​បច្ចុប្បន្ន​ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ចំនួន​១៦៧៦​នាក់  ក្នុងចំណោម​នោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៤​នាក់ ដោយ​១​នាក់​ជា​អង្គរក្ស​ខ្មែរ​ដែល​ការពារ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ១​នាក់​ជា​តំណាងរាស្ត្រ ១​នាក់​ជាម​ន្ត្រី​កសិកម្ម និង​១​នាក់​ទៀត​ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​៕

Tag:
 ក្លឹប​ហាត់ប្រាណ​
 ​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com