ស្របពេលសារព័ត៌មាននៅកម្ពុជា ចុះផ្សាយជាបន្តបន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកា ពាន់ព័ន្ធនឹងលោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលផ្ទុកកូវីដ-១៩ ដោយរួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាចែករំលែកជាហូរហែបផងនោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីបរទេសកម្ពុជា បានរំលេចសារមួយ ក្នុងន័យលើកពីចំណុចល្អខ្លះៗរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលធ្លាប់មានលើកម្ពុជា។
តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក លោក ប្រាក់ សុខុន ដែលកំពុងធ្វើចត្តាឡីស័ក បានពញ្ញាក់ស្មារតីមហាជនថា គេ មិនត្រូវភ្លេចឡើយ ដែលលោក Szijjártó រដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយជាសមាជិកសហភាពអឺរ៉ុប តែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ ប្រមុខការទូតកម្ពុជារូបនេះ អះអាងថាដូច្នេះថា៖«គាត់ គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់ គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA ២០ភាគរយពីកម្ពុជា»។
ទម្រាំតែព្យួរ២០ភាគរយនៃ EBA សហភាពអឺរ៉ុប បានចំណាយពេល១ឆ្នាំ ក្នុងការសិក្សា ការស្វែងភស្តុតាង និង ការពិភាក្សាជាមួយកម្ពុជា។ ការព្យួរ២០ភាគរយនៃ EBA មានន័យថា កម្ពុជា ត្រូវបង់ព័ន្ធលើមុខទំនិញប្រមាណ២០ភាគរយ ពេលនាំចូលទៅអឺរ៉ុប។ កាលពីកម្ពុជា នៅមាន EBA ១០០ភាគរយ កម្ពុជា អាចនាំគ្រប់មុខទំនិញទៅអឺរ៉ុប ដោយមិនបង់ពន្ធ លើកលែងតែអាវុធ។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន យល់ថា ព្រឹត្តិការណ៍៣វិច្ឆិកា មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រី នៅកម្ពុជាឡើយ។ ប្រមុខការទូតកម្ពុជា សរសេរដូច្នេះថា៖«ឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ-១៩នេះ មិនអាចធ្វើឲ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»។
ប្រមុខការទូតកម្ពុជា បានឲ្យដឹងថា លោក បានសន្ទនាតាមទូរស័ព្ទជាមួយប្រមុខការទូតហុងគ្រី ហើយប្រមុខការទូតហុងគ្រី បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើការសុំទោសរបស់លោកចំពោះការលំបាក [របស់កម្ពុជា] ដែលបង្កឡើងដោយរូបលោក។ ក្នុងសារលើបណ្តាញសង្គម ប្រមុខការទូតកម្ពុជា បានជូនពរប្រមុខការទទូតហុងគ្រី ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា រួមទាំងមន្ត្រីកម្ពុជា៣នាក់ផង ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។
លោក បានផ្តល់ព័ត៌មានផ្ទាល់ខ្លួនថា លោក និងក្រុមគ្រួសាររបស់លោក បានធ្វើតេស្ត២ដងហើយ ដោយលទ្ធផល គឺអវិជ្ជមានពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ លោក បន្តថា លោកនិងក្រុមគ្រួសារ មានសុខភាពល្អជាធម្មតា។
លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្ត្រីកម្ពុជាផ្សេងទៀត ដែលបានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ក្រៅពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីផ្សេងទៀត រួមមាន រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីធនធានទឹក និង រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាដើម ដោយរួមទាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែលបានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី សុទ្ធតែឆ្លងកាត់ការធ្វើតេស្តនិងកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រោយចេញពីកម្ពុជា ទៅដល់ថៃ ដើម្បីបន្តបេសកម្មការទូត ក៏មានព័ត៌មានផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីការបរទេសហុងគ្រី ផ្ទុកកូវីដ-១៩។
បើតាមក្រសួងការបរទេសកម្ពុជា លោក Péter Szijjártó និងសមាជិកគណៈប្រតិភូទាំងអស់របស់លោក បានធ្វើតេស្តរកមេរោគកូវីដ-១៩ និងមានវិញ្ញាណបនបត្រសុខភាព ដែលបញ្ជាក់ពីការគ្មានជំងឺកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។ ដូច្នេះ គេ មិនទាន់អាចដឹងជាក់លាក់ឡើយថា លោក Péter Szijjártó ឆ្លងកូវីដ-១៩ តាំងពីពេលណា និងនៅទីណា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីនៅកម្ពុជា ហើយត្រូវរកឃើញជំងឺកូវីដ-១៩ ពេលទៅដល់ថៃ ថាជាព្រឹត្តិការណ៍ «៣វិច្ឆិកា»។ ការហៅព្រឹត្តិការណ៍៣វិច្ឆិកា ជំនួសឲ្យការប្រើពាក្យចំៗពីរដ្ឋមន្ត្រីការបរទេសហុងគ្រី មកកម្ពុជាទាំងមិនដឹងថាខ្លួនគាត់ផ្ទុកកូវីដ-១៩ ក៏ព្រោះតែប្រមុខរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រី។
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សជិត២,៥ពាន់នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា បានឆ្លងកាត់ការធ្វើតេស្ត ដោយលទ្ធផលបង្ហាញ ពួកគេ ពុំបានឆ្លងជំងឺគូវីដ-១៩ឡើយ តែពួកគេ ត្រូវបន្តធ្វើចត្តាឡីស័ក។ លើកលែងតែមនុស្ស៤នាក់ ដែលត្រូវរកឃើញថាមានជំងឺកូវីដ-១៩ គឺអង្គរក្សខ្មែរម្នាក់ ដែលចូលរួមការពារសុវត្ថិភាពរបស់គណៈប្រតិភូហុងគ្រី ពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា តំណាងរាស្ត្រម្នាក់ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។
ក្រសួងសុខាភិបាល បន្តស្វែងរកមនុស្សផ្សេងទៀត ដែលសង្ស័យថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក៕