COVID-19
ជាតិ
មនុស្សជាង១ពាន់នាក់ ដែលបានធ្វើតេស្តលើកទី៣ អវិជ្ជមានកូវីដ-១៩
15, Nov 2020 , 11:12 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា បានប្រកាសថា មនុស្សជាង១ពាន់នាក់ ដែលបានធ្វើតេស្តលើកទី៣ អវិជ្ជមានកូវីដ-១៩ ទាំងអស់។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងការធ្វើតេស្តលើកទី៣ លើសំណាកមនុស្ស១១៩៥នាក់ គឺសុទ្ធតែអវិជ្ជមាន។បើគិតទាំង៣លើកនេះ ក្រសួងសុខាភិបាល បានធ្វើតេស្តលើសំណាក ៣,៧៦២ហើយ។ អ្នកធ្វើតេស្តសំណាកទាំងនោះ សុទ្ធតែពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា។
 
អ្នកធ្វើតេស្តទាំងនោះ មានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា រួមទាំងរដ្ឋមន្ត្រី មន្ត្រីរដ្ឋាភិបាល និងអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ 
 
កាលពីធ្វើតេស្តលើកទី១ និងលើកទី២ កន្លងមកក្រសួងសុខាភិបាលបានរកឃើញអ្នកដែលផ្ទុកជំងឺកូវីដ-១៩ចំនួន៤នាក់ ដែលឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី។ ពួកគេត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែកអ្នកអវិជ្ជមានជំងឺកូវីដ-១៩ នៅតែបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយរង់ចាំថ្ងៃធ្វើតេស្តជាលើកទី៤ ទើបពួកគេអាចចេញទៅក្រៅបានប្រក្រតីវិញ។ 
 
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០២នាក់ ជាសះស្បើយចំនួន២៨៩នាក់ និងនៅសល់តែ១៣នាក់ទៀតកំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com