COVID-19
អន្តរជាតិ
វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Moderna មាន​ប្រសិទ្ធភាព ៩៤,៥​ភាគរយ​
17, Nov 2020 , 10:46 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​ក្រុមហ៊ុន​វេជ្ជសាស្ត្រ Moderna នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បានប្រកាសថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព​ចំនួន ៩៤,៥​ភាគរយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​-១៩​។ លទ្ធផល​នេះ ជា​ទិន្នន័យបឋម​ដែល​បានមកពី​ដំណាក់កាល​ចុងក្រោយ ក្នុងការ​សាកល្បង​វ៉ាក់សាំង​។ 

 
Moderna ជា​ក្រុមហ៊ុន​អាមេរិក​ទី​២ ហើយ ដែល​បានប្រកាសថា​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ខ្លួន​មាន​ប្រសិទ្ធភាព​លើសពី ៩០​ភាគរយ ស្របពេល​អាមេរិក កំពុងតែ​អុកឡុក​ដោយសារ​កូ​វីដ​-១៩​។ ករណី​ឆ្លង​សរុប​របស់​អាមេរិក បាន​កើន​ដល់​ជាង ១១,៥​លាន​ករណី ខណៈ​អ្នក​ឆ្លង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា មាន​ជាង ១៥​ម៉ឺន​នាក់​។ 
 
​បើតាម​ការប្រកាស​រប​ស់​ក្រុមហ៊ុន​ឱសថ​ខាងលើ លទ្ធផល​បឋម​នេះ ជា​លទ្ធផល​វិភាគ​លើ​អ្នកចូលរួម​៩៥​នាក់​ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់​ផ្សេងទៀត​។ ក្នុងចំណោម​អ្នក​ទាំង​៩៥ មនុស្ស​ចំនួន ៩០​នាក់​ត្រូវ​បានផ្តល់​ថ្នាំ​ប្រភេទ​សាកល្បង ខណៈ​មនុស្ស​៥​នាក់​ផ្សេងទៀត ត្រូវបាន​ចាក់​វ៉ាក់សាំង​ចំនួន ២​ដូ​ស​ក្នុង​២៨​ថ្ងៃ​។ លទ្ធផល​មនុស្ស​៥​នាក់​នេះ បាន​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ចំនួន ៩៤,៥​ភាគរយ​។ 
 
«​យើង​នឹងមាន​វ៉ាក់សាំង ដែល​អាច​បញ្ឈប់​កូ​វីដ​-១៩»​។ ប្រធាន​ក្រុមហ៊ុន​Moderna លោក Stephen Hoge បានលើកឡើង​បែបនេះ​។ ចំណែក​លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​វិញ បាន​សាទរ​ថា វ៉ាក់សាំង​នេះ គឺ​សំខាន់​ណាស់ នៅក្នុងពេល​អាមេរិក​ស្ថិតក្នុង​ស្ថានភាព​លំបាក​។ បើទោះបី​មាន​ដំណឹង​ល្អ​បែបនេះ​ក៏ដោយ ក៏​អ្នកជំនាញ​ជំងឺឆ្លង​រូបនេះ នៅតែ​ទទូច​ឲ្យ​ប្រជាជន​លាងដៃ និង​ប្រុងប្រយ័ត្ន​ដដែល​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna គឺ​ខុសពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ដោយសារ​វា​អាច​ផ្ទុក​ក្នុង​សី​តុ​ណ្ណ​ភាព​ធម្មតា​បាន​។ បើតាម​ការរំពឹង​រប​ស់​ក្រុមហ៊ុន Moderna វ៉ាក់សាំង អាចមាន​ស្ថាន​ភាពល្អ​នៅក្នុង​សី​តុ​ណ្ណ​ភាព​ចាប់ពី​២ ទៅ ៨​អង្សារ​សេ ក្នុង​រយៈពេល ៣០​ថ្ងៃ​។ លើសពីនេះ វា​អាច​ស្តុក​ទុក​រហូតដល់ ៦​ខែ ក្នុង​សី​តុ​ណ្ណ​ភាព ដក​២០ អង្សារ​សេ​។ 
 
​ប៉ុន្តែ​លក្ខខណ្ឌ​ទាំងនេះ មិនអាច​ប្រើប្រាស់​បានឡើយ តាម​ការដឹកជញ្ជូន​តា​ម​នាវា​។ តាម​ការបញ្ជាក់​របស់​Moderna វ៉ាក់សាំង ត្រូវតែ​ក្លាសេ​ក្នុង​សី​តុ​ណ្ណ​ភាព ដក​៧០​អង្សា​សេ​សម្រាប់​ការដឹកជញ្ជូន​តាម​នាវា​។ វា​អាច​ស្តុក​ទុក​បាន​រហូតដល់ ៥​ថ្ងៃ នៅ​ថ្ងៃ​ក្នុង​សី​តុ​ណ្ណ​ភាព ដែលមាន​ស្តង់ដារ​មួយ និង​អាច​រក្សា​គុណភាព បាន​រហូតដល់ ១៥​ថ្ងៃ ប្រសិន​ទុក​ក្នុង​ប្រអប់ ដែលមាន​វេច​ខ្ចប់​ត្រឹមត្រូវ​។ 
 
​បើទោះបី​ជាមាន​លក្ខណៈខុស​គ្នា​មួយចំនួន​ក្តី ប៉ុន្តែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Moderna និង​ក្រុមហ៊ុន Pfizer បាន​អភិវឌ្ឍ​ជាមួយ​បច្ចេកវិទ្យា​ថ្មី mRNA ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ខណៈពេល​ពិភពលោក កើន​ករណី​ឆ្លង​សរុប​ដល់​ជាង​៥៥,៣ លាន​ករណី និង​អ្នក​ស្លាប់មាន​ជាង ១,៣៣​លាន​នាក់​។ 
 
​ទាក់ទិន​នឹង​ការផលិត​វ៉ាក់សាំង​នេះ ក្រុមហ៊ុន​Moderna រំពឹងថា ខ្លួន​នឹង​អាច​ផលិត​វ៉ាក់សាំង បាន​ចំនួន​២០​លាន​ដូ​ស សម្រាប់​អាមេរិក​នៅក្នុង​ឆ្នាំនេះ ខណៈ​ចំនួន​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស ត្រូវបាន​ក្រុមហ៊ុន​ផលិត​រួចហើយ និង​កំពុង​រង់ចាំ​ការផ្តល់​អាជ្ញា​បណ្ណ​ពី​ទីភ្នាក់ងារ​សហព័ន្ធ​នៃ​រដ្ឋបាល​ឱសថ និង​អាហារ​(FDA)៕

Tag:
 វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com