ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងកម្ពុជាថា អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ធ្វើសេចក្តីថ្លែងការណ៍លម្អៀង
17, Nov 2020 , 1:30 pm        
រូបភាព
លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហការប្រជាជាតិ ក្នុងទីក្រុងហ្សែណែវ ចូលរួមកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ និងអ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។
លោក អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអង្គការសហការប្រជាជាតិ ក្នុងទីក្រុងហ្សែណែវ ចូលរួមកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ និងអ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តចេញសេចក្តីថ្លែងការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ តំណាងកម្ពុជា យល់ថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ មានភាពលម្អៀង។



ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍តបវិញ ក្រោយក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ឬហៅថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភរបស់ពួកគេ អំពីការបង្ក្រាបលើសង្គមស៊ីវិលនិងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ ចេញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងកម្ពុជា សំដៅចំឈ្មោះ អ្នកស្រី Mary Lawlor តែម្តង ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាជាតិ ដោយបង្ហាញការខកចិត្តនិងការសោកស្តាយយ៉ាងខ្លំាងចំពោះទស្សនៈរបស់អ្នកស្រី ពាក់ព័ន្ធនឹងស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។

តំណាងកម្ពុជា អធិប្បាយថា ការវាយតម្លៃលើប្រទេសមួយ អាចជឿជាក់បាន លុះត្រាតែផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែង រួមផ្សំជាមួយនឹងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានត្រឹមត្រូវ។ តំណាងកម្ពុជា បន្តថា វិធីសាស្រ្តនេះ ស្របទៅនឹងក្រមសីលធម៌ សម្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ហើយស្របទៅនឹងសៀវភៅណែនាំប្រតិបត្តិការនីតិវិធីពិសេស ដែលរៀបរាប់លម្អិតពីគោលការណ៍នៃការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងមិនលម្អៀង។

បន្ទាប់មក តំណាងកម្ពុជា ក៏វាយតម្លៃថា អ្នកស្រី Mary Lawlor មិនគោរពឲ្យបានម៉ត់ចត់ក្នុងផ្នែកជាច្រើននៃនីតិវិធីខាងលើ។ តំណាងកម្ពុជា សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«អ្នកស្រី មិនបានផ្ទៀងផ្ទាត់ព័ត៌មាន ដែលទទួលបានជាមួយប្រភពរដ្ឋាភិបាល [កម្ពុជា] ទេ។ បើពិនិត្យមើលឲ្យកាន់តែច្បាស់ សេចក្តីថ្លែងការណ៍របស់អ្នកស្រី មានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និង ធ្វើឲ្យមានការខូចខាត...»។

សេចក្តីថ្លែងការណ៍ សរសេរទៀតថា តំណាងកម្ពុជា បានបំភ្លឺហេតុការណ៍ពិតនៃសភាពការណ៍ទាំងអស់នោះជាច្រើនលើកច្រើនសា ហើយថែមទាំងបានឆ្លើយតបយ៉ាងលម្អិតទៅនឹងការសាកសួរជាលាយលក្ខណ៍អក្សរផងដែរ ប៉ុន្តែ ព័ត៌មានផ្លូវការបែបនេះ ត្រូវបានបដិសេធនិងមិនបានឆ្លុះបញ្ចាំងក្នុងការវាយតម្លៃរបស់អ្នកស្រីឡើយ។ តំណាងកម្ពុជា សង្កត់ធ្ងន់ថា អ្នកស្រី Mary Lawlor ពុំបាននិយាយទាល់តែសោះ ពីការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និង ការប្រមូលផ្តុំដោយសន្តិវិធី ដែលត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និង ការរឹតត្បិត ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

តំណាងកម្ពុជា បញ្ជាក់ជូនអ្នកស្រី Mary Lawlor ថា វា ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងអ្នកការពារសិទ្ធិមនុស្សផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងព្រំដែនច្បាប់។ តំណាងកម្ពុជា ថ្លែងថា៖«ទីបំផុត មើលទៅអ្នកស្រី ពុំត្រូវបានគេជូនព័ត៌មានឲ្យបានពេញលេញអំពីការអនុវត្តសិទ្ធិនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឲ្យស្របតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជា...»។

តំណាងកម្ពុជា នៅពន្យល់ទៀតថា ការប្រមូលផ្តុំដោយសន្តិវិធី ដែលសហការជាមួយអាជ្ញាធរ ហើយប្រកាន់ខ្ជាប់វិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្តសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ តែផ្ទុយទៅវិញ ការប្រមូលផ្តុំ ក្នុងគោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។

តំណាងកម្ពុជា ឆ្លៀតរម្លឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយឬអង្គការក្រៅរដ្ឋាភិបាល ពុំមែនជាការផ្តល់សិទ្ធិឲ្យបុគ្គលណាម្នាក់ បំពានច្បាប់ឡើយ។ ជាមួយគ្នានេះ តំណាងកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាបន្តធានាការអនុវត្តសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ក្នុងសេចក្តីថ្លែងការណ៍ចេញពីទីក្រុងហ្សឺណែវមក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ  បានសម្តែងក្តីកង្វល់អំពីការរឹតត្បិតលើសង្គមស៊ីវិលនៅកម្ពុជា ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួន និងការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។

សេចក្តីថ្លែងការណ៍ បានសរសេរពីសម្តីរបស់អ្នកស្រី Mary Lawlor ថា«ខ្ញុំ មានកង្វល់ចំពោះរបាយការណ៍ ដែលអាចជឿទុកចិត្តបានថា មានអ្នកការពារសិទិ្ធមនុស្សយ៉ាងហោចណាស់ ២១នាក់ បានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និង ការឃុំខ្លួនដោយបំពាន ក្នុងរយៈពេល៣ខែកន្លងមកនេះ»។

អ្នកស្រី Mary Lawlor បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្រី បានពិនិត្យឡើងវិញនូវវីដេអូអំពីកម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី ដោយមិនឲ្យប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការជួបប្រជុំដោយសន្តិវិធី។ អ្នកស្រី មានប្រសាសន៍ថា ការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស តាមរយៈមធ្យោបាយសន្តិវិធី មិនមែនជាបទល្មើសនោះទេ។

បើតាមសេចក្តីការណ៍ដដែល អ្នកស្រី Mary Lawlor យោងទៅលើករណីមួយចំនួន ដែលមានការរាយការណ៍ពីការឃុំខ្លួន ដើម្បីដាក់ទោសដល់អ្នកការពារសិទ្ធិមនុស្ស ចំពោះការបំពេញការងាររបស់ពួកគេ។ អ្នកស្រី បាននិយាយដល់ករណីចាប់លោក រ៉ុង ឈុន ហើយបន្ទាប់មក អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលបានធ្វើបាតុកម្មប្រឆាំងនឹងការចាប់លោក រ៉ុង ឈុន ក៏ត្រូវបានចាប់ខ្លួនផងដែរ។ អ្នកស្រី លើកជាយោបល់ថា អ្នកការពារសិទ្ធិមនុស្ស មិនគួរត្រូវបានដាក់ទោសព្រហ្មទណ្ឌនោះទេ ហើយលំនាំដដែលៗនៃការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ត្រូវតែបញ្ចប់។

ចំណែក អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក៏ត្រូវបានស្រង់សម្តីចូលទៅក្នុងសេចក្តីថ្លែងការណ៍ដែរ។ សេចក្តីថ្លែងការណ៍ បានសរសេរពីសម្តីរបស់អ្នកស្រីថា៖«ខ្ញុំ មានកង្វល់យ៉ាងខ្លាំងពីផលប៉ះពាល់មកលើសង្គមស៊ីវិល ដែលនៅតែមានបន្តទៀត ហើយខ្ញុំ សូមជំរុញឲ្យអាជ្ញាធរបញ្ឈប់វិធីសាស្រ្តដ៏គ្រោះថ្នាក់នេះ ដល់អ្នកការពារសិទ្ធិមនុស្ស និងជួយសម្រួលដល់សេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំ ដើម្បីជាប្រយោជន៍ដល់សមាជិកគ្រប់រូបនៃសង្គមនៅកម្ពុជា»៕

Tag:
 តំណាងកម្ពុជា
  UN
  រ៉ូណា ស្មីត
  Mary Lawlor
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com