អន្តរជាតិ
រុស្ស៊ី នឹង​បង្កើត​មូលដ្ឋាន​កងទ័ព​នៅ​ស៊ូដង់ ដើម្បី​បង្កើន​ឥទ្ធិពល​នៅ​អាហ្វ្រិក​
17, Nov 2020 , 7:29 pm        
រូបភាព
នាវាចម្បាំងរុស្ស៊ី។ រូបភាព៖ CNN
នាវាចម្បាំងរុស្ស៊ី។ រូបភាព៖ CNN
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៦ វិច្ឆិកា​យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី​នៅ​ស៊ូដង់ ដែលមាន​សមត្ថភាព​ក្នុងការ​ផ្ទុក​នាវា​ដែល​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ មូលដ្ឋាន​កងទ័ព​រប​ស់​រុស្ស៊ី​ថ្មី​នេះ នឹង​បើកផ្លូវ​ឲ្យ​មហាអំណាច​នេះ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក ក្រោយ​អវត្តមាន​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់​នេះ​។​

 
​ក្នុង​ក្រឹត្យ​ដែល​នឹង​ចុះហត្ថលេខា​ដោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផ្ទាល់ លោក​ប្រធានាធិបតី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​លើក​ជា​សំណើ​ក្នុង​ការបង្កើត​មូលដ្ឋាន​យោធា​រុស្ស៊ី​នៅ​ស៊ូដង់ និង​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ស៊ូដង់​ដើម្បី​ឲ្យ​មូលដ្ឋាន​យោធា​នេះ​លេចចេញ​ជា​រូបរាង​។​
 
​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី​នៅ​អាហ្វ្រិក​នេះ នឹង​សាង​សាង​នៅ​ជាយ​ទីក្រុង​ព័រ​ស៊ូដង់ នឹងមាន​សមត្ថភាព​ផ្ទុក​កងទ័ព និង​មន្ត្រី​យោធា​ច្រើនជាង​៣០០​នាក់​។ មូលដ្ឋាន​នេះ នឹង​បង្កើន​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ប្រតិបត្តិការ​នៅ​សមុទ្រ​ឥណ្ឌា​ផងដែរ​។ មូលដ្ឋាន​នេះ មាន​សមត្ថភាព​ផ្ទុក​នាវា​ច្រើនជាង​៤​គ្រឿង ហើយនឹង​ប្រើប្រាស់​សម្រាប់​ការជួសជុល និង​ផ្គត់ផ្គង់​សម្រាប់​ប្រតិបត្តិការ​នាវា​ជើង​ទឹក​រុស្ស៊ី​។​
 
​ស៊ូដង់​ដែល​ប្រទេស​ម្ចាស់ផ្ទះ នឹងមិន​យក​ថ្លៃឈ្នួល​ក្នុងការ​បង្កើត​មូលដ្ឋាន​យោធា​នេះឡើយ​។ បន្ថែម​ពីនេះ​ទៅទៀត​រុស្ស៊ី​មាន​សិទ្ធិ​ក្នុងការ​នាំចូល​អាវុធ គ្រាប់កាំភ្លើង និង​សម្ភារ​ចាំបាច់​តាមរយៈ​ព្រលានយន្តហោះ និង​កំពង់ផែ​ដើម្បី​ទ្រទ្រង់​ដល់​មូលដ្ឋាន​យោធា​ថ្មី​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​នៅ​មិន​ឆ្ងាយ​ពី​ស៊ូដង់ រុស្ស៊ី​ក៏មាន​មូលដ្ឋាន​ដែលមាន​លក្ខណៈ​ដូចគ្នានេះដែរ​នៅ​កំពង់ផែ Tartus ប្រទេស​ស៊ី​រី​។ នៅ​ទីនោះ រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ពអាកាស​។ ទ្វីបអាហ្វ្រិក​ដែលមាន​ប្រទេស​ចំនួន​៥៤ ក្លាយទៅជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​រុស្ស៊ី​ក្នុងការ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ដោយសារ​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ និង​អាចជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​រុស្ស៊ី​ក្នុង​ការលក់​អាវុធ​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS រាយការណ៍​ថា មូលដ្ឋាន​យោធា​នៅ​ស៊ូដង់​នេះ នឹង​សម្រួល​ដល់​កងទ័ពជើងទឹក​រុស្ស៊ី​សម្រាប់​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ឥណ្ឌា ដោយ​អនុញ្ញាត​ឲ្យ​នាវា​ធ្វើដំណើរ​បាន​រយៈ​ចំងាយ​ឆ្ងាយ​។ លើសពីនេះ រុស្ស៊ី​អះអាងថា មូលដ្ឋាន​នេះ នឹង​ការពារ​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​នឹង​បង្កើត​តំបន់​គ្មាន​ការហោះហើរ​រាប់គីឡូម៉ែត្រ​នៅ​ជុំវិញ​បន្ទាយ​។​
 
​សូមបញ្ជាក់ថា បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​មួយចំនួន បានក្លាយ​ទៅជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​មហាអំណាច​ក្នុងការ​ការពារ​ផលប្រយោជន៍​របស់ខ្លួន ក៏ដូចជា​ពង្រីក​ឥទ្ធិពល​នៅ​ទ្វីប​មួយ​នេះ​។ ជាក់ស្តែង​វត្តមាន​របស់​រុស្ស៊ី​នៅ​ស៊ូដង់ នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​នេះ​ប្រកួតប្រជែង​ពង្រីក​ឥទ្ធិពល ក៏ដូចជា​ទីផ្សារ​ទល់នឹង​ចិន និង​បារាំង​។​
 
​ជា​សញ្ញា​ពង្រឹង​ឥទ្ធិពល​នៅ​អាហ្វ្រិក នៅ​ឆ្នាំ​២០១៩ រុស្ស៊ី​និង​ប្រទេស​អាហ្វ្រិក​ចំនួន​៤៣ បាន​បើក​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​អាហ្វ្រិក​លើ​ទី​១ នៅ​ទីក្រុង​Sochi ប្រទេស​រុស្ស៊ី និង​លើក​ទី​២​នៅ​អាហ្វ្រិក​ខាងត្បូង​ដែល​ពេលនោះ​រុស្ស៊ី​បានបង្ហាញ​បណ្តារ​ថ្នាក់ដឹកនាំ​អាហ្វ្រិក​នូវ​នាវាចម្បាំង​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​៕
 

Tag:
 រុស្ស៊ី​
  ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com