អន្តរជាតិ
លោក​បៃ​ឌិន​៖ ប្រទេស​ប្រជាធិបតេយ្យ​ត្រូវមាន​នយោបាយ​ពាណិជ្ជកម្ម​រួមគ្នា ដើម្បី​ទប់ទល់​ចិន​
17, Nov 2020 , 4:39 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន។ រូបភាព៖ AP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃឌិន។ រូបភាព៖ AP
​អាមេរិក ត្រូវការ​សហការ​ជាមួយ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃទៀត ដើម្បី​អាច​កំណត់​គោលការណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​រួមគ្នា​ដើម្បី​ទប់ទល់​ចិន​។ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក​ចូ បៃ​ឌិន បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា បន្ទាប់ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ត្រូវបាន​ចុះ​ហត្ថ​លេខ​ដោយ​ក្រុម​ប្រទេស​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​ចំនួន ១៥​។

 
«​គំនិត​ដែល​យើង​យកដៃ​រុក​ភ្នែក​សម្ព័ន្ធមិត្ត​របស់​យើង ហើយ​ឱប​អ្នក​ផ្ដាច់ការ មិន​មានន័យ​សម្រាប់​ខ្ញុំ​ឡើយ​។​» ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ចូ បៃ​ឌិន បានលើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដ​ពី​ផែនការ​សេដ្ឋកិច្ច​ពី​ក្រុង​Wilmington ក្នុង​រដ្ឋ Delaware ។ លោក បៃ​ឌិន ចង់​និយាយ​ផ្លែផ្កា​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ដែល​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ប្រទេស​ដៃគូ​អាមេរិក ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ល្អក់កករ​។ 
 
​ក្នុងន័យនេះ លោក បៃ​ឌិន អះអាងថា អាមេរិក ត្រូវការ​សហការ​ជាមួយ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ផ្សេងទៀត​អាច​កំណត់​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ សំដៅ​ទប់ទល់​ចិន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​កំពុង​កើនឡើង​។ ការបញ្ជាក់​របស់លោក បៃ​ឌិន ធ្វើឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ត្រូវបាន​ចុះហត្ថលេខា​បានតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ RCEP ត្រូវបាន​មើលឃើញថា នៅ​ពីក្រោយ​ដោយ​ចិន​។​
 
​ក្នុង​សន្និសីទ​ដដែល លោក បៃ​ឌិន ក៏ត្រូវ​បាន​ចោទ​ជា​សំណួរ​ផងដែរ​ថា តើ​អាមេរិក​អាច​ចូល​ជា​សមាជិក RCEP និង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​នៃ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) វិញ​ឬ​អត់​? លោក​ឆ្លើយ​វិញ​ថា លោក​មិនអាច​ពិភាក្សា​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក​បានទេ ព្រោះ មិនទាន់បាន​ចូលកាន់​តំណែង​ប្រធានាធិបតី​នៅឡើយ​។ តែ​លោក​នឹង​លំ​អិតពី​គោលនយោបាយ​ពាណិជ្ជកម្ម​អាមេរិក នៅ​ថ្ងៃទី​២១ ខែមករា ២០២១​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​។ 
 
​ទន្ទឹមនេះ លោក​បៃ​ឌិន បាន​បន្ថែមថា មូលហេតុ​ដែល​លោក មិនបាន​បញ្ជាក់​ពី​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ ដូច​លោក​ប្រកាស​ចូល​អង្គការ​សុខភាព​ពិភពលោក និង​កិច្ចព្រមព្រៀង​អាកាសធាតុ​វិញ ដោយសារ​បញ្ហា​លំអិត​លើ​កិច្ចព្រមព្រៀង CPTPP និង RCEP កំពុងស្ថិត​ក្រោម​ការចរចា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
RCEP ត្រូវបាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​ចំនួន​១៥ ដែលមាន​សមាជិក​អាស៊ាន​ទាំង​១០ រួមជាមួយ​នឹង ជប៉ុន កូរ៉េខាងត្បូង នូ​វែ​ល​សេ​ឡង់ ចិន អូស្ត្រាលី នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ចុះហត្ថលេខា បន្ទាប់ពី​ចរចា​អស់​ជាច្រើន​ឆ្នាំ និង​បន្ទាប់ពី​ការដើរ​ចេញ​របស់​ឥណ្ឌា​។ កិច្ចព្រមព្រៀង​ថ្មី​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ទំហំ ៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​៕ 

Tag:
 ​អាមេរិក​
  ចិន​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com