ក្រោយអ្នកប្រឆាំងមិនតិចជាង១០០នាក់ ត្រូវបានកោះហៅ ដោយរួមទាំងមន្ត្រីសង្គមស៊ីវិលនិងអ្នកកាសែតខ្លះ ក៏រងចំណាត់ការផ្លូវច្បាប់ដែរនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយនិយាយពាក់ព័ន្ធនឹងរឿងនេះ។ ស្ថានទូតអាមេរិក អះអាងថា សហរដ្ឋអាមេរិក កំពុងតាមដានដោយយកចិត្តទុកដាក់លើបណ្តឹងកាន់តែច្រើនឡើង ប្រឆាំងនឹងសកម្មជននៃអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និង អ្នកគាំទ្រនៃអតីតគណបក្សសង្គ្រោះជាតិ។
តាមរយៈសាររបស់ខ្លួនលើបណ្តាញសង្គម នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានទូតអាមេរិក បង្ហាញបំណងចង់ឲ្យមានការអត់ឱនដល់សំឡេងប្រឆាំង។ ស្ថានទូតអាមេរិក ផ្តល់យោបល់ដូច្នេះថា៖«សេរីភាពក្នុងការប្រមូលផ្តុំគ្នា សេរីភាពក្នុងការសម្តែងមតិ និង ការអត់ឱនចំពោះមតិប្រឆាំង មានសារសំខាន់ នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ជាមួយគ្នានេះ ស្ថានទូតអាមេរិក អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ការពារសេរីភាពទាំងនេះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយប្រកាន់យកជំហានក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ ខណៈកម្ពុជា កំពុងឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា បណ្តឹងលើមនុស្សទាំងនោះ ចេះតែកើនឡើង គឺដោយសារតែពួកគេ ចេះតែប្រព្រឹត្តទង្វើខុសច្បាប់។ លោក មានប្រសាសន៍ថា បើមិនចង់ឲ្យមានបណ្តឹង លុះត្រាពួកគេ កុំធ្វើអំពើខុសច្បាប់។
ម្យ៉ាងទៀត លោក ជិន ម៉ាលីន ដែលមានឋានៈជាអនុប្រធាននិងជាអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរនោះ ផ្តល់យោបល់ត្រឡប់ទៅវិញថា បើស្ថានទូតអាមេរិក មានភស្តុតាង គឺគួរតែជួយពួកគេតាមផ្លូវតុលាការ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បញ្ជាក់ថា៖«រឿងផ្លូវច្បាប់ គឺត្រូវដោះស្រាយតាមផ្លូវច្បាប់ មិនស្រ័យលើការសុំឲ្យអត់ឱនឬមិនអត់ឱនោះទេ»។
ចំពោះការគោរពសិទ្ធិមនុស្ស ដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា លោក ជិន ម៉ាលីន បកស្រាយថា ស្ថានទូតអាមេរិក លើកឡើងមិនអស់សេចក្តី។ មិនអស់សេចក្តីត្រង់នេះ ត្រូវលោក ពន្យល់ថា ស្ថានទូតអាមេរិក លើកឡើងពីការគោរពសិទ្ធិមនុស្ស តែមិនបានលើកឡើងពីការហាមមិឲ្យប្រើសិទ្ធិហួសព្រំដែន។ លោក សង្កេតឃើញបែបនេះថា៖«គាត់ [ស្ថានទូតអាមេរិក] លើកឡើងតែមួយកំណាត់ហ្នឹង»។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ មាត្រា៣១ដដែល ចែងទៀតថា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ហើយការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។
ថ្មីៗនេះ តុលាការរាជធានីភ្នំពេញ បានបង្គាប់សមត្ថកិច្ច ឲ្យយកដីកាទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិម្តងជាពីរដង ដោយលើកទី១ ហៅមនុស្សជិត៦០នាក់ ឲ្យចូលរួមសវនាការ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី២ ហៅមនុស្សជិត៧០នាក់ទៀត ឲ្យចូលរួមសវនាការ នៅអំឡុងខែធ្នូ ឆ្នាំ២០២០។ ជាទូទៅ ពួកគេ រងពីបទរួមគំនិតក្បត់ [ជាតិ] និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ថ្នាក់ដឹកនាំកំពូលៗនៃអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ជាដើម ក៏ត្រូវបានតុលាការ កោះហៅឲ្យចូលរួមសវនាការដែរ ក្រោមបទឧបឃាត ដែលសំដៅលើការផ្តើមគំនិតនិងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាល។ តុលាការ កំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះលើមេដឹកនាំក្រុមប្រឆាំងទាំងនោះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តែត្រូវពន្យារពេលវិញ ខណៈពួកគេ សុទ្ធតែនៅក្រៅប្រទេស៕