អន្តរជាតិ
ជប៉ុន​និង​អូស្ត្រាលី ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ប្រតិបត្តិការ​យោធា​ទៅវិញទៅមក​
18, Nov 2020 , 11:24 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ូដេ (ខាងស្តាំ) និងសមភាគីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃទី១៧ ខែវិច្ឆិកា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ូដេ (ខាងស្តាំ) និងសមភាគីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃទី១៧ ខែវិច្ឆិកា។ រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ូ​ដេ និង​សម​ភាគី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានប្រកាសថា ជប៉ុន និង​អូស្ត្រាលី បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​យោធា​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការផ្តោះប្តូរ​ទស្សនកិច្ច និង​ប្រតិបត្តិការ​យោធា​ទៅវិញទៅមក​។



​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដូចជា​យោធា បច្ចេកវិទ្យា និង​វិស័យ​ផ្សេងទៀត​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ និង​សម​ភាគី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន បាន​ឈានដល់​ការឯកភាព​លើ​កិច្ចព្រមព្រៀង​ទទួល​ព័ត៌មាន​យោធា​ទៅវិញទៅមក (RAA)​។ 
 
«​ខ្ញុំ​សូម​ប្រកាសថា យើង​បាន​ឈានដល់​ការព្រមព្រៀង​ជាគោលការណ៍​លើ​កិច្ចព្រមព្រៀង​ទទួល​ព័ត៌មាន​យោធា​ទៅវិញទៅមក​»​។ លោក ស៊ូ​ហ្កា ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចរចា​ឡើង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការពារជាតិ​រវាង​អូ​ស្រា្ត​លី និង​ជប៉ុន ទៅ​កម្រិត​ថ្មី​មួយទៀត​។ 
 
​ចំណែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​វិញ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​យោធា​ជប៉ុន​-​អូស្ត្រាលី​នេះ បង្កើតឡើង ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​យោធា​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​កិច្ចព្រមព្រៀង RAA ជា​កិច្ចព្រមព្រៀង​យោធា​ទីមួយ​សម្រាប់​ជប៉ុន ដែល​អនុញ្ញាត​ឲ្យ​មាន​យោធា​បរទេស​ដាក់​ទ័ព​នៅ​លើដី​របស់ខ្លួន បើ​គិត​ចាប់ពី​កិច្ចព្រមព្រៀង​រវាង​ជប៉ុន និង​អាមេរិក ដែល​បាន​ចុះ​នៅក្នុង​ឆ្នាំ​១៩៦០​។ កាលនោះ អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន ដើម្បី​ដាក់​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ជប៉ុន ដែលមាន​វត្តមាន​ទាហាន​ចំនួន ៥​ម៉ឺន​នាក់ ដែល​អាច​ប្រតិបត្តិការ​នៅក្នុង និង​ជុំវិញ​ជប៉ុន​។ 
 
​កន្លងមក ក្រុង​តូ​ក្យូ និង​ក្រុង​កង់​បេ​រ៉ា ក៏បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ទ្វេភាគី​មួយចំនួន​ផងដែរ ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំងនោះ គ្រាន់តែ​ជាការ​ដោះដូរ​គ្រឿង​បរិក្ខារ​យោធា​ប៉ុណ្ណោះ ដូចជា​គ្រាប់កាំភ្លើង​ជាដើម​។ 
 
​ក្រៅពី​បញ្ហា​សន្តិសុខ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ ជុំវិញ​ការវិវឌ្ឍ​អវិជ្ជមាន និង​ឧប្បទ្ទវហេតុ​មួយចំនួន ដែល​បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ដូចជា​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ និង​ការប្រើប្រាស់​ទូក​ល្បាត​ជាដើម​។ បញ្ហា​ហុងកុង សមុទ្រ​ចិន​ខាងកើត ការពង្រឹង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ក៏ត្រូវ​បាន​លោក​ស៊ូ​ហ្កា និង​លោក ម៉ូ​រី​សុន លើក​យកមក​ជជែក​ផងដែរ​៕ 

Tag:
 ជប៉ុន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com