ជាតិ
ក្រសួង​អភិវឌ្ឍន៍ជនបទ គ្រោង​ចំណាយ​ជិត​៩២​លាន​ដុល្លារ ដើម្បី​ស្ដារ​ផ្លូវ​ជាង​៦០០​ខ្សែ និង​អណ្ដូងទឹក​៤០០០​កន្លែង
24, Nov 2020 , 9:29 pm        
រូបភាព
ផ្លូវរងការខូចខាតនៅជនបទ (រូបពីក្រសួងអភិវឌ្ឍន៍ជនបទ)
ផ្លូវរងការខូចខាតនៅជនបទ (រូបពីក្រសួងអភិវឌ្ឍន៍ជនបទ)
​ភ្នំពេញ​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ​គ្រោង​ចំណាយ​ថវិកា​ជាង​៩១,៩​លាន​ដុល្លារ ដើម្បី​ស្ដារ​ផ្លូវ​ជាង​៦០០​ខ្សែ​និង​អណ្ដូងទឹក​ជាង​៤០០០​កន្លែង ក្រោយ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចាន់ ជា​រ៉ុង រដ្ឋលេខាធិកា អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។



​លោក ចាន់ ជា​រ៉ុង បាន​បញ្ជាក់ថា ថវិកា​ចំណាយ​ជាង​៩១.៩​លាន​ដុល្លារ​នេះ គឺជា​ការប៉ាន់ស្មាន​បឋម​ដែល​ត្រូវ​ចំណាយ​ដើម្បី​ស្ដារ​ផ្លូវ​និង​អណ្ដូងទឹក​នៅ​ជនបទ ខណៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ទម្លាក់​ប្រាក់​១៥​លាន​ដុល្លារ សម្រាប់​ស្ដារឡើងវិញ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​យុទ្ធសាស្ត្រ​កែលម្អ​ការខូចខាត ដោយសារ​ទឹកជំនន់ ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ​» នៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត នៅ​ថ្ងៃទី​២៤​វិច្ឆិកា​នេះ លោក ចាន់ ជា​រ៉ុង បាន​អះអាងថា ថវិកា​ដែល​ត្រូវ​ចំណាយ​នេះ មួយផ្នែក​គឺជា​របស់​រដ្ឋ ហើយ​ថវិកា​មួយផ្នែក​ទៀត គឺ​កំពុង​ស្នើសុំ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា​៖ «​ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ខិតខំ​ស្ដារ​ការខូចខាត​ឡើងវិញ ផ្លូវ​នៅ​ជនបទ យ៉ាងយូរ​ឲ្យ​ហើយ​មុន​រដូវវស្សា​វ​ឆ្នាំ​២០២១»​។ 
 
​នៅ​ទូទាំងប្រទេស ផ្លូវ​នៅ​ជនបទ​រង​ផលប៉ះពាល់​ជាង​៦០០​ខ្សែ ក្នុងនោះ​ខេត្ត​ក្រុង​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ មាន​ចំនួន​៩​។ ផ្លូវ​ជនបទ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ មាន​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និង​ឧ​ត្ត​រ​មានជ័យ​។ ទន្ទឹមនឹងនេះ អណ្ដូងទឹក​ជាង​៤០០០ បាន​រង​ផលប៉ះពាល់​និង​តាម​ការប៉ាន់ស្មាន​គឺ​ត្រូវការ​ថវិកា​ប្រមាណ​៩០​ម៉ឺន​ដុល្លារ​ដើម្បី​ស្ដារឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជា​រ៉ុង​។​
 
«​ក្រសួង​នឹង​ស្ដារឡើងវិញ ចំពោះ​គម្រោង​អាទិភាព​មុន គឺ​ផ្លូវ​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ធ្ងន់​ខ្លាំង​មុន​ក្នុងចំណោម​ខេត្ត​ទាំង​៩​មាន ផ្លូវ​ក្នុង​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង​»​។​រដ្ឋលេខាធិកា អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បញ្ជាក់​បែបនេះ​៕ 
 

Tag:
 ផ្លូវ​ជនបទ​
  អណ្ដូង
© រក្សាសិទ្ធិដោយ thmeythmey.com