លោកចន ឃេរី (John Kerry) អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ២០១៣ ដល់២០១៧ ត្រូវបានប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ជ្រើសរើសជាប្រេសិតប្រធានាធិបតីទទួលបន្ទុកអាកាសធាតុ។ លោក ឃែរី ក៏មានកៅអីក្នុងក្រុមប្រឹក្សាសន្តិសុខជាតិដែរ។
លោក ចន ឃែរី ដែលធ្លាប់កាន់តំណែងជាសមាជិកព្រឹទ្ធសភា និងរដ្ឋមន្ត្រីការបរទេសត្រូវបានមហាជនក្នុងស្រុក និងអន្តរជាតិទទួលស្គាល់ និងកោតសសើរក្នុងកិច្ចការអាកាសធាតុ។ លោកជាអ្នកជ្រោមជ្រែងសំខាន់មួយរូបក្នុងការសម្រេចឲ្យបានកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ និងជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះតំណាងឲ្យអាមេរិកនៅចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិ។
សេចក្តីប្រកាសរបស់ក្រុមការងារលោក ចូ បៃឌិន បានលើកឡើងថា តួនាទីជាប្រសិតអាកាសធាតុ ជាការងារដ៏សំខាន់ ហើយលោក ឃែរី ក៏នឹងក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិដែលកាន់កាប់ការងារអាកាសធាតុផងដែរ។
«អាមេរិក នាពេលខាងមុខនឹងមានរដ្ឋាភិបាលដែលចាត់ទុកគ្រោះអាកាសធាតុ ជាគ្រោះអាសន្នគំរាមដល់សន្តិសុខជាតិ»។ នេះជាការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេស វ័យ៧៦ឆ្នាំរូបនេះ។ លោកបន្តថា លោកមានមោទកភាពក្នុងការធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត សម្ព័ន្ធមិត្ត និងថ្នាក់ដឹកនាំចលានាអាកាសធាតុ។
ការជ្រើសរើសលោក ឃែរី ទទួលបានការសាទរ ដោយចាត់ទុកជាជម្រើសល្អ តែក៏មានមតិមិនស្របដែរ។ លោក Varshini Prakash នាយកប្រតិបត្តិចលនាអាកាសធាតុ Sunrise Movement លើកឡើងថា ការតែងតាំងលោក ឃែរី ជាជំហានយ៉ាងល្អ ព្រោះលោក ឃេរី មានប្រវត្តិ និងការតាំងចិត្ត៤០ឆ្នាំក្នុងចូលរួមលើបញ្ហាអាកាសធាតុ និងមានចិត្តទូលាយស្តាប់ពីការទាមទារនិងកង្វល់របស់យុវជន។
លោក Tom Carper សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Delaware អះអាងថាលោកឃេរីជាមនុស្សដែលមានជំនាញផ្នែកការទូត ក៏ដូចជានយោបាយ និងជាបុគ្គលដែលមានចំណេះដឹងច្រើនជាងអ្នកណាទាំងអស់ក្នុងការធានាថា បញ្ហាអាកាសធាតុទទួលបានចំណាប់អារម្មណ៍ជាអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
យ៉ាងណាមិញ ចលនាបរិស្ថាន និងអាកាសធាតុមួយចំនួន ពុំសូវជាសាទរការតែងតាំងនេះប៉ុន្មានឡើយ។ ជាក់ស្តែងលោកស្រី Wenonah Hauter ស្ថាបនិកអង្គការ Food and Water Actions អះអាងថា គំនិតរបស់លោក ឃែរី ជាគំនិតចាស់រាប់ឆ្នាំមកហើយ និងឲ្យផលតិចតួច ឬគ្មានសោះតែម្តងក្នុងការទប់ទល់វិបត្តិអាកាសធាតុ។
ការតែងតាំងលោក ឃែរី ជាការបញ្ជាក់ការតាំងចិត្តរបស់លោក បៃឌិន ក្នុងការដោះស្រាយបញ្ហាអាកាសធាតុជាអន្តរជាតិ ក្រោយពេលអវត្តមានជាង៤ឆ្នាំក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ លោក បៃឌិន ធ្លាប់បានសន្យាថា នឹងនាំអាមេរិកចូលនេះវិញ។ លោក បៃឌិន ក៏សន្យាផងដែរថា នឹងវិនិយោគបន្ថែមចំនួន២ទ្រីលានដុល្លារ ទៅក្នុងវិស័យដឹកជញ្ជូន ថាមពល និងសាងសង់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល៕