ជាតិ
សុខភាព
រដ្ឋាភិបាល​កម្ពុជា ដាក់​គោលដៅ​បញ្ចប់​ការឆ្លង​ជំងឺអេដស៍​ទាំងស្រុង ត្រឹម​ឆ្នាំ​២០២៥
02, Dec 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ខិតខំ​បញ្ចប់​ការចម្លង​ជំងឺអេដស៍​ឲ្យ​បាន​ទាំងស្រុង នៅ​ឆ្នាំ​២០២៥ មុន​គោលដៅ​កំណត់​របស់​អង្គការសហប្រជាជាតិរ​យៈ​ពេល​៥​ឆ្នាំ ដែល​កំណត់​នៅ​ឆ្នាំ​២០៣០​។ ប្រមុខ​រដ្ឋាភិបាល បង្ហាញ​ឆន្ទៈ​នេះ តាមរយៈ​សារលិខិត ដែល​ចេញ​ក្នុង​ឱ​កាល​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅ​ថ្ងៃ​១ ខែធ្នូ ឆ្នាំ​២០២០​។


​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ​នេះ គឺធ្វើឡើង​ក្រោម​ធាន​បទ «​សាមគ្គី​ភាពជា​សាកល និង​ការទទួលខុសត្រូវ​រួមគ្នា​» ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អ្នក​ផ្ទុក​និង​អ្នក​រង​ផលប៉ះពាល់​ពី​មេ​រោ​អេដស៍​។  
 
​សម្ដេច ហ៊ុន សែន អះអាងថា ការចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ គឺជា​ការចូលរួម​ទទួលខុសត្រូវ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​អង្គការសហប្រជាជាតិ​បាន​កំណត់ថា ឲ្យ​អស់​អេដស៍​នៅ​ឆ្នាំ​២០៣០​។ ជាមួយគ្នា​ដែរ សម្ដេច ក៏បាន​បង្ហាញ​ពី​របាយការណ៍​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​ថា បច្ចុប្បន្ននេះ អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​មាន​ជាង​៧,៣​ម៉ឺន​នាក់ ក្នុងនោះ​បានទទួល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​៩៦​ភាគរយៈ​។ ចំណែក​អ្នក​ឆ្លង​ជំងឺអេដស៍ ក៏បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ដែរ គឺមាន​ចំនួន​ប្រមាណ​១៩០០​នាក់ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​៧៨០​នាក់​នៅ​ឆ្នាំ​២០១៩​។ 
 
​សម្តេច សរសេរ​ក្នុង​សារលិខិត​ថា​៖«​សមិទ្ធផល​ទាំងនេះ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព​និង​គុណភាព​ខ្ពស់​នៃ​កិច្ច​អន្តរាគមន៍​របស់​យើង ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ ៩៥ ៩៥ ៩៥ ឬ​គោលដៅ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ គឺ​៥​ឆ្នាំមុន​កាលកំណត់​របស់​អង្គការសហប្រជាជាតិ​»​។ 
 
​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន កម្ពុជា​នឹង​អនុវត្ត​ទៅតាម​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​ឈរលើ​មូលដ្ឋាន​៣​។ មូលដ្ឋាន​ទី​១ គឺ​ភាពម្ចាស់ការ​និង​ភាពជា​អ្នក​នាំមុខ ក្នុងនោះ​រដ្ឋាភិបាល​កំពុង​ដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ការងារ​ប្រយុទ្ធ​ប្រ​ឆ្នាំង​នឹង​ជំងឺអេដស៍​លើ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ មូលដ្ឋាន​ទី​២ គឺ​ភាពជា​ដែ​គូ ដែល​រដ្ឋាភិបាល​កំពុង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​និង​ដោយ​ប្រសិទ្ធភាព​ជាមួយ​ដៃគូ​ទាំងអស់​រួមមាន ប្រទេស​ផ្ដល់ជំនួយ អង្គការ​អន្តរជាតិ​ជាដើម​។ មូលដ្ឋាន​ទី​៣ គឺ​ការវិនិយោគ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ ពិភពលោក​បាន​ចមណាយ​ទុន​រាប់ពាន់​លាន​ដុល្លារ​។ 
 
​ដោយឡែក កម្ពុជា មាន​មូលនិធិ​សាកល​និង​ដៃគូ​អភិវឌ្ឍ​ដទៃទៀត​បាន​ចំណាយធនធាន​ជាច្រើន​រយ​លាន​ដុល្លារ​រួម​ម​ម​ហើយ​។ លើសពីនេះ រដ្ឋ​បាន​បង្កើន​ថវិកា​ក្នុង​កម្មវិធី​អេដស៍​កាន់តែ​ច្រើនឡើងៗ​ជា​ទៀងទាត់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 
 
​ប្រមុខ​រដ្ឋាភិបាល រំពឹងថា កម្ពុជា នឹង​សម្រេច​គោលដៅ​៣​គឺ គ្មាន​អ្នក​ឆ្លង​ថ្មី គ្មាន​អ្នកស្លាប់ និង​គ្មាន​អ្នក​រើសអើង​ដោយសារ​មេរោគ​អេដស៍​៕  

Tag:
 អេដស៍​
© រក្សាសិទ្ធិដោយ thmeythmey.com