COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន១,២លានដូសពីក្រុមហ៊ុនចិនជាលើកដំបូង
07, Dec 2020 , 10:35 am        
រូបភាព
វ៉ាក់សាំងកូវីដ-១៩ ទៅដល់ឥណ្ឌូណេស៊ី។ រូបភាពពី Twitter ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ
វ៉ាក់សាំងកូវីដ-១៩ ទៅដល់ឥណ្ឌូណេស៊ី។ រូបភាពពី Twitter ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ
ឥណ្ឌូណេស៊ី ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីក្រុមហ៊ុនផលិតថ្នាំចិន Sinovac Biotech ជាលើកដំបូងនៅថ្ងៃទី៦ ខែធ្នូ ចំនួន១,២លានដូស។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។



 
ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៦ ខែធ្នូ លោកប្រធានាធិបតី ចូកូ វីដូដូ បានលើកឡើងថា ឥណ្ឌូណេស៊ី បានទទួលវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនចិន Sinovac Biotech ដែលបានសាកល្បងវ៉ាក់សាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ តាំងពីខែសីហាកន្លងមក។ 
 
លោកប្រធានាធិបតីបានបន្ថែមទៀតថា ឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំង ១,៨លានដូសបន្ថែមទៀតនៅដើមខែមករា។ ការទទួលបានវ៉ាក់សាំងនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងរៀបចំកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្រៅពីវ៉ាក់សាំង ឥណ្ឌូណេស៊ី ត្រូវបានរំពឹងថានឹងទទួលបានសម្ភារជាសារធាតុដើម ដែលអាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានចំនួន ១៥លានដូស និងសម្ភារធម្មត ដែលអាចផលិតវ៉ាក់សាំងចំនួន ៣០លានដូសនៅខែក្រោយផងដែរ។ 
 
បើទោះបីជាបានវ៉ាក់សាំងក្ដី ការចាក់វ៉ាក់សាំង នឹងមិនទាន់ដំណើរការឡើយ ដោយរង់ចាំការវាយតម្លៃពីទីភ្នាក់ងារឱសថ និងអាហារ (BPOM) ជាមុនសិន។ ក្រោយមានការយល់ព្រម ទើបរដ្ឋាភិបាលអាចចែកចាយវ៉ាក់សាំងទាំងនោះ ទៅតាមតំបន់នីមួយៗ ដើម្បីចាក់លើប្រជាជន។ 
 
គិតត្រឹមថ្ងៃទី៦ ខែធ្នូ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ-១៩ សរុបច្រើនជាងគេបំផុតពោលគឺមានចំនួន ៥៧៥៧៩៦ករណី។ ចំណែកអ្នកស្លាប់ មានចំនួន ១៧៧៤០នាក់។ 
 
កន្លងមក ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន AstraZeneca និងPfizer ជាច្រើនលានដូស ដែលនឹងមកដល់នៅឆ្នាំ២០២១ ខាងមុខ។ ចំណែកកម្ពុជា ក៏ត្រៀមទទួលវ៉ាក់សាំងពីកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ផងដែរ៕
 

Tag:
 កូវីដ-១៩
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com