ជាតិ
លក់​ចេក​ល័ក្ត​ជា​របរ​មួយ ក្នុងចំណោម​របរ​ច្រើន​ទៀត​របស់​ស្ត្រី​រស់នៅ​លើ​ភ្នំ​គូលែន​
08, Dec 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ របរ​លក់​ចេក​ល័ក្ត លក់​ផ្លែ​ក្រឡាញ់ ផ្លែ​គូលែន​ព្រៃ ព្រមទាំង​ផ្លែឈើព្រៃ​ផ្សេងទៀត ទៅតាម​រដូវ​កាល ដើរ​ដក​ផ្សិត​ក្នុងព្រៃ និង​ស៊ីឈ្នួល​សម្អាត​ស្មៅ​ក្នុង​ចម្ការ​ឱ្យគេ​ជាដើម គឺជា​ប្រភព​ប្រាក់ចំណូល របស់​ស្ត្រី​ភាគច្រើន​ដែលមាន​ទីលំនៅ​លើ​ភ្នំ​គូលែន​។ ប្រកប​របរ​ច្រើន​មុខ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​អាច​រកចំណូលបាន​តិចតួច​ប៉ុណ្ណោះ​។ ស្របពេល​វិបត្តិ​កូ​វីដ​១៩ ដូច​សព្វថ្ងៃនេះ​ផង មុខរបរ​លក់​ចេក​ល័ក្ត នៅតាម​ផ្លូវ​ឡើងទៅ​រមណីយដ្ឋាន​ភ្នំ​គូលែន មិនអាច​ដោះស្រាយ​ជីវភាព​របស់​អ្នក​ប្រកប​របរ​នេះ​បានឡើយ​។



​តទៅ​នេះ​សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​មេត្រីភាព​៖




​នៅតាម​ផ្លូវ​ទៅ​កំពូលភ្នំ​គូលែន ដែលមាន​តម្កល់​ពុទ្ធបដិមា​ព្រះអង្គ​ធំ និង​មាន​ស្ទឹង​លឹ​ង​មួយ​ពាន់​ដ៏​ល្បីល្បាញ គេ​ឃើញ​មាន​រោង​លក់​ចេក​ល័ក្ត​ទ្រង់ទ្រាយ​ធំ​ល្មម​ប្រមាណ​៣​កន្លែង ខ្លះ​ប្រក់​ស័ង្កសី ហើយ​ខ្លះ​ប្រក់​ស្លឹក​ឃុន​មា ដោយមាន​សសរឈើ​រឹងមាំ​។ រោង​ទាំងនេះ​មាន​ដាក់តាំង​ផ្លែ​ចេក​ទាំង​ស្ទងៗ មាន​ទាំង​ចេក​ល័ក្ត និង​ចេកពងមាន់​ដ៏​ថ្លោស​គួរឱ្យ​ឆ្ងាញ់ មាន​ផ្លែ​ក្រឡាញ់​ចង​ជា​ចង្កោម និង​មាន​លក់​ដើម​ចេក​ល័ក្ត​ផងដែរ​។ ក្រៅពីនោះ មាន​រោង​តូចៗ​ជាច្រើន​ទៀត រាយ​បណ្ដាក់​គ្នា​ជា​ហូរហែរ​តាមផ្លូវ​នៅ​ចង្កេះភ្នំ​គូលែន ដោយ​ភាគច្រើន​ប្រក់​ស្លឹក​ឃុន​មា ប៉ុន្តែ​មិនមាន​លក់​អ្វី​ឡើយ​។


ចេកល័ក្តដែលគេព្យួរលក់តាមផ្លូវឡើងទៅភ្នំគូលែន

​អ្នកលក់​ចេក​នៅទីនេះ​ភាគច្រើន​ជា​ស្ត្រី​។ អ្នកលក់​ទាំងឡាយ ដែលមាន​ទាំងចាស់​និង​ក្មេង​នោះ ខំ​ស​ម្លឹ​ក​មើលទៅ​អ្នកដំណើរ ដែល​បើកឡាន​ឬ​ម៉ូតូ​ឆ្លងកាត់ មិន​ហ៊ាន​ដាក់​ភ្នែក​ចុះ​ឡើយ​។ អ្នកលក់​ខ្លះ ខំ​ស្រែ​ហៅភ្ញៀវ​ដោយ​ភាសា​រួសរាយ ដើម្បី​ឱ្យគេ​ជួយ​ទិញ​ទំនិញ​របស់ខ្លួន​។ 
 
​កញ្ញា ហួត សំ វ័យ​៣០​ឆ្នាំ ពាក់អាវ​ពណ៌​រមៀត​ដៃ​វែង ស្លៀកខោ​ពណ៌​ឈាមជ្រូក​ស្រាល គឺជា​អ្នកលក់​ចេក​ល័ក្ត​មួយរូប​នៅ​ចង្កេះភ្នំ​គូលែន​។ រស់ក្នុង​ភូមិ​តា​ហាន ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នារី​រូប​ស្រស់​រូបនេះ ត្រូវ​ទៅ​ទិញ​ចេក​ពី​ចម្ការ​អ្នកភូមិ​ផ្សេង យកមក​លក់​បន្ត​នៅទីនេះ ក្នុង​ម្ដង​រង្វង់​៨​ស្ទង​៖«​លើក​មកពី​គេ​យកតែ​អាចាស់​មក​ទេ ហើយ​យើង​ហ៊ុម​អាវ ហ៊ុម​កំណាត់ ឬ​ហ៊ុម​តង់​ទៅ​វា​នឹង​ទុំ​ហើយ​។ តម្លៃ​លើក​ពី​គេ គឺ​គេ​គិត​ជា​ស្និត ក្នុង​មួយ​ស្និត​៦​ពាន់​រៀល ជួន​៥​ពាន់​រៀល អាស្រ័យ​តាម​តូច​ឬ​ធំ​។ ចេក​នេះ​គេ​ហៅ​ចេក​ល័ក្ដ ចេក​គេ​ដាំ​តាម​ចម្ការ​ធម្មតា​។ គេ​ដាំ​តែ​ចេក​នេះ ហើយនឹង​ចេកពងមាន់ ប៉ុន្តែ​ចេកពងមាន់​វា​មិនសូវ​កើត​ទេ​(​មិនសូវ​បាន​ផល​) ដល់ពេល​រដូវ​លំហើយ​វា​បាក់ក​អស់​។ ចេកពងមាន់​យក​ពី​គេ​ក្នុង​មួយ​ស្និត​តម្លៃ​២​ពាន់​រៀល ហើយ​លក់​ចេញ​វិញ​បាន​តម្លៃ​ពី​៤​ពាន់​រៀល​ទៅ​៥​ពាន់​រៀល​។ បើ​ចេក​ល័ក្ដ លក់​ចេញ​បាន​៧​ពាន់​ទៅ​៨​ពាន់​រៀល​ក្នុង​មួយ​ស្និត​»​។


កញ្ញា ហួត សំ អ្នកលក់ចេក នៅតាមចង្កេះភ្នំគូលែន
 
​ចាប់ផ្ដើម​លក់​ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៤​រសៀល ទើប​ត្រឡប់ទៅផ្ទះ​វិញ នារី​សម្បុរ​ស​សម្ដី​ស្រាល​រូបនេះ ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​ចំណូល ចាប់តាំងពី​មាន​ជំងឺ​កូ​វីដ​១៩៖«​មុន​កើត​កូ​រ៉ូ​ណា​ស្រួល​លក់ ប៉ុន្តែ​ក្រោយ​កើត​ជំងឺ​នេះ មិនសូវមាន​ភ្ញៀវ​ឡើង ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់​ដែរ​។ ខ្ញុំ​លក់បាន​តិចជាងគេ ថ្ងៃនេះ​លក់បាន​២​ស្និត​ទេ​។ ឥឡូវនេះ​លក់បាន​តិចៗ​សឹង​រាល់ថ្ងៃ​ទៅហើយ​។ បើ​កាលពីមុន​(​មុនពេល​មាន​កូ​វីដ​១៩)​លក់បាន​ច្រើន ក្នុង​មួយថ្ងៃ​បាន​ប្រហែល​១០​ស្និត​។ ឥឡូវនេះ ជួនកាល​មាន​មនុស្ស​ដែរ ប៉ុន្តែ​គេ​មិនសូវ​ទិញ​តែម្ដង​»​។​
 
​មានផ្ទះ​នៅក្នុង​ព្រៃ ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​កន្លែង​លក់ កញ្ញា ហួត សំ មិនបាន​ប្រមូល​ចេក​ដែល​លក់​សល់​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ គឺ​នាង​ព្យួរ​វា​ទុក​នៅក្នុង​រោង​លក់​នេះ​តែម្ដង ដោយ​គ្រាន់តែ​យក​ស្បៃ​មក​ហំ​ព័ទ្ធ​កុំឱ្យ​សត្វល្អិត​ចោះ​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​មនុស្ស​លួច កញ្ញា សំ បញ្ជាក់​ដូច្នេះ​៖«​ចេក​ខ្ញុំ​ទុក​នៅទីនេះ​តែម្ដង ខ្ញុំ​មិន​យកទៅ​ផ្ទះ​ទេ​។ នៅទីនេះ​មិនសូវមាន​អ្នកយក​ទេ ជួន​មាន​ក្មេង​ក្នុងភូមិ​ខ្លះ គេ​ឃ្លាន​គេ​យកទៅ​ហូប​ខ្លះទៅ ជួន​យក​មួយ​ស្និត​ប៉ុណ្ណោះឯង​។ ពិបាក​រែក​ទៅ​រែក​មក ដូច្នេះ​ខ្ញុំ​ទុក​នៅទីនេះ​តែម្ដង​»​។​
 
​ចំណែក​អ្នកស្រី ឈឿន ពេ​ជ ដែលមាន​កូនច្បង​អាយុ​៧​ឆ្នាំ ហើយ​កូន​ទី​២​ពរ​នៅ​ចង្កេះ ក៏​ត្អូញត្អែរ​ពី​បញ្ហា​លក់​ចេក​មិន​ដាច់​ដូចគ្នា ក្នុងពេល​វិបត្តិ​កូ​វីដ​១៩​នេះ​៖«​អ្នក​នៅទីនេះ​រកស៊ី​យ៉ាប់​ណាស់​។ បើ​ពីមុន​កាល​សម្បូរ​ឡាន​មក យើង​លក់ដាច់​ច្រើន បាន​មួយ​ស្និត​១​ម៉ឺន​រៀល​។ ទិញ​គេ​មួយ​ស្និត​៨​ពាន់​រៀល លក់​ចេញ​វិញ បាន​ចំណេញ​២​ពាន់​រៀល​ដែរ​។ បើ​កាលពី​សម្បូរ​បារាំង​មក ខ្ញុំ​លក់បាន​មួយ​ស្និត​៣​ដុល្លារ​អាមេរិក បាន​ចំណេញ​ក្រែល​គ្រាន់​ដែរ​។ បើ​អត់​មាន​ភ្ញៀវ​បែបនេះ បានតែ​៨​ពាន់​រៀល​ប៉ុណ្ណោះឯង គ្រាន់​ទិញ​អង្ករ​ហូប​។ ប្ដី​របស់ខ្ញុំ​ដើរ​ដាក់​អន្ទាក់ ដាក់​សន្ទូច ដាក់មង​យក​ត្រី​នៅតាម​ស្ទឹង​»​។ 


អ្នកស្រី ឈឿន ពេជ អ្នកលក់ចេកនៅតាមចង្កេះភ្នំគូលែន
 
​រីឯ អ្នកស្រី ថេ​ង ចេង អាយុ​៣៣​ឆ្នាំ លក់​ចេក​ល័ក្ត ផ្លែ​ក្រឡាញ់ និង​ដើម​ចេក​ល័ក្ត​តូចៗ​ល្មម​។ មិន​ខុសពី​អ្នកលក់​ទាំងពីរ​ខាងលើ​ឡើយ មុខរបរ​នេះ​បាន​ចំណូល​មិន​ទៀងទេ សម្រាប់​អ្នកស្រី ថេ​ង ចេង​។ អង្គុយ​បកសម្បក​ផ្លែ​ក្រឡាញ់ នៅក្នុង​រោង​លក់​ចេក ជាមួយ​ម្ដាយ​វ័យ​ជាង​៧០​ឆ្នាំ និង​មាន​អ្នកលក់​ដូចគ្នា​អង្គុយ​នៅ​ជិត​នោះ​ផង អ្នកស្រី ចេង ប្រាប់​ពី​មុខរបរ​របស់ខ្លួន​ដូច្នេះ​៖«​លក់​ថ្ងៃ​ខ្លះ​ក៏​អត់ ថ្ងៃ​ខ្លះ​ក៏បាន​៣​ទៅ​៥​ចង្កោម​ទៅណា​។ ផ្លែ​ក្រឡាញ់​នេះ មួយ​ចង្កោម​៣​ពាន់​រៀល ហើយពីរ​ចង្កោម​៥​ពាន់​រៀល​។ ចេក​លក់​មិនសូវ​ដាច់​ទេ ថ្ងៃនេះ​បាន​លក់ដាច់​មួយ​ស្ទង ថ្ងៃ​ខ្លះ​បាន​ដាច់​ពីរ​ស្ទង ហើយ​ថ្ងៃ​ខ្លះទៀត ដាច់​តែមួយ​ស្និត​ឬក៏​ពីរ​ស្និត​អីហ្នឹង​។ ពេលខ្លះ​លក់​មិន​ដាច់​ត្រូវ​ខូច ហើយ​ខាត​លុយ​ដែរ​។ បើ​លើក​ពី​គេ​មក​តិច​បែបនេះ ខាត​៣​ទៅ​៤​ម៉ឺន​រៀល​ទៅណា ជួនកាល​លើក​ច្រើន ប្រហែល​១០​ស្ទង បើ​ខាត​ក៏​ចូល​១០​ម៉ឺន​អី​ដែរ​»​។


 អ្នកស្រី ថេង ចេង អ្នកលក់ចេក និងផ្លែក្រឡាញ់ នៅតាមផ្លូវចង្កេះភ្នំគូលែន
​ត្រឡប់​ទៅ​អ្នកស្រី ឈឿន ពេ​ជ ដែលមាន​កូនច្បង​មាន​ជំងឺ​ប្រកាច់​ព្យាបាល​មិនជា​តាំងពី​២​ឆ្នាំមុន នៅតែ​តស៊ូ​លក់​ចេក​នេះ​បន្ត បើទោះបីជា​វា​ផ្ដល់​ចំណូល​ឱ្យ​គាត់​តិចតួច​ក៏ដោយចុះ​។ ពរ​កូនតូច​នៅជាប់​ចង្កេះ ស្ត្រី​រស់ក្នុង​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រូបនេះ ចាប់​របរ​លក់​ចេក​ល័ក្ត តាំងពី​ប្រហែល​៣០​ឆ្នាំមុន​៖«​បាន​ប្រាក់​បន្តិចបន្តួច ថ្ងៃ​ខ្លះទៅ​ក៏បាន​២​ម៉ឺន​ឬ​៣​ម៉ឺន​រៀល ចំណែក​ថ្ងៃនេះ​បាន​២​ម៉ឺន​៥​ពាន់​រៀល ហើយ​លក់បាន​នេះ​ទាំង​ថ្លៃដើម មិនទាន់​កាត់​ប្រាក់ចំណេញ​ចេញ​ទេ​។ ខ្ញុំ​ទិញ​ពី​គេ​ក្នុង​មួយ​ស្និត​តម្លៃ​៧​ពាន់​រៀល ហើយ​លក់​ចេញ​ទៅវិញ​តម្លៃ​៨​ពាន់​រៀល​។ បើ​លក់​ពេល​បុណ្យ បាន​មួយ​ស្និត​១​ម៉ឺន ដល់​អត់​មាន​ឡាន​បែបនេះ ជួនកាល​លក់​៦​ពាន់​ទៅវិញ​ក៏មាន ខាតដើម ឱ្យតែបាន​ដាច់​ខ្លះ​»​។​
 
​ក្រៅពី​លក់​ចេក អ្នកស្រី ពេ​ជ ដែលមាន​រូបរាង​ស្គម សម្បុរ​ស្រអែម​ហើយ​ស្រអាប់ ក៏​ចូលទៅ​ក្នុងព្រៃ​ជ្រៅ ដើម្បី​ដក​ផ្សិត​ឈើ​យកទៅលក់​ដែរ ហើយ​នេះ​គឺជា​ប្រភព​ប្រាក់ចំណូល​បន្តិច​ប​ន្ទួ​ច​ទៀត ជួយ​ជីវភាព​គ្រួសារ​មួយ​នេះ​៖«​ក្រៅពី​របរ​នេះ​ខ្ញុំ​មិនមាន​របរ​អ្វី​ផ្សេង​ទេ ព្រោះ​គេ​មិនឱ្យ​កាប់ចម្ការ​ទេ គឺ​ខាង​បរិស្ថាន​គេ​មិនឱ្យ​កាប់​។ ចេក​នេះ​ខ្ញុំ​ទិញ​ពី​គេ​នៅ​ភូមិ​ខាង​ណោះ​។ ភូមិ​ខាង​ណោះ គេ​អត់​មាន​ខាង​បរិស្ថាន​ចុះ​ទេ តែ​ភូមិ​ខ្ញុំ​នេះ គេ​ចង់​ចូល​ក្របខ័ណ្ឌ​ហើយ អ៊ីចឹង​ខាង​បរិស្ថាន​គេ​មិនឱ្យ​កាប់​ព្រៃឈើ​ទេ​។ លក់​៤​ទៅ​៥​ថ្ងៃ​ហើយ ខំ​សន្សំ​ទៅ បាន​ទិញ​អង្ករ​មួយ​បេ​រ ខ្ញុំ​ទិញ​ម្សិលមិញ​។ ម្ហូប​គេ​មក​លក់​នៅលើ​នេះឯង ទិញ​គេ​ខ្លះ ហើយ​ខ្ញុំ​ដាក់​អង្គប់កណ្ដុរ​កៀន​ផ្ទះ​ខ្លះ​»​។


ចេកដែលព្យួរលក់តាមផ្លូវចង្កេះភ្នំគូលែន

​មិន​ខុសគ្នា​ប៉ុន្មាន អ្នកស្រី ថេ​ង ចេង សម្ដី​ស្រួយ រាង​តូច​ស្ដើង ពាក់អាវ​ក្រឡា​ការ៉ូ​ពណ៌​ក្រហម​លា​យស​ខ្មៅ ស្លៀក​សា​រ៉ុង​មាន​ផ្កា​និង​ស្លឹកឈើ​ពណ៌​បៃតង មាន​មុខរបរ​ច្រើន ដើម្បី​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​៖«​ឆ្នាំនេះ​ដោយសារ​មាន​ទឹកភ្លៀង​ទេ ទើប​មាន​ក្រឡាញ់ និង​ចេក កើត​ច្រើន បើ​ថា​ឆ្នាំមុនៗ​មិនសូវមាន​ទឹកភ្លៀង ក៏​អត់​មាន​ចេក​ដែរ​។ អត់​មានអី​លក់ ខ្ញុំ​ទៅ​ស៊ីឈ្នួល​គេ ជម្រះ​ស្មៅ ជួនកាល​បេះ​ផ្សិត ខែ​នេះ​មាន​ផ្សិត​ឈើ​ដុះ ក៏​ដើរ​បេះ​លក់​។ ក្នុងព្រៃ​មាន​ផ្សិត​ឈើ មាន​ផ្លែ​គុយ ផ្លែ​គូលែន ឱ្យតែ​ខែ​ផ្លែឈើ វា​ផ្លាស់ប្ដូរ​គ្នា​។ ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​បេះ​ផ្លែឈើព្រៃ នៅ​សហគមន៍​អន្លង់​ធំ​។ នៅទីនេះ​មាន​ផ្លែឈើព្រៃ​ដែរ តែមាន​ដើម​តិច ប៉ុន្តែ​បើ​ទៅខាង​នោះ​(​ភូមិ​នៅ​ឆ្ងាយ​) មាន​ដើម​ច្រើន​»​។ 
 
​អ្នកស្រី ចេង ប្រាប់​ពី​ការ​ទៅ​បេះ​ផ្លែឈើព្រៃ​នៅតាម​រដូវ​កាល ក៏ដូចជា​ប្រាប់​ពី​ការងារ​របស់​ប្ដី​គាត់ ទាំង​សម្ដី​លាយ​សំណើច​ផង​៖«​ខែ​ផ្លែ​គូលែន គឺ​នៅ​ខែផល្គុន ហើយ​ផ្លែ​គុយ​ក៏មាន​ក្នុង​ខែផល្គុន និង​ខែចេត្រ​ដូចគ្នា​។ ជិះ​ម៉ូតូ​ទៅ​បេះ ល្ងាច​ត្រឡប់មកវិញ មិនសូវ​ឆ្ងាយ​ដែរ ប្រហែល​១០​គីឡូម៉ែត្រ​អីហ្នឹង​។ ប្ដី​របស់ខ្ញុំ​ជា​សន្តិសុខ​យាម​នៅតាម​ផ្លូវ គាត់​ជាស​ន្និ​សុខភូមិ​។ គាត់​មើល​និង​ការពារ​នៅតាម​ផ្លូវ ខ្លាច​ឡាន​ខូច ម៉ូតូ​ខូច គាត់​អាច​នៅ​យាម​បាន ដើម្បី​កុំឱ្យ​ភ្ញៀវ​ទេសចរណ៍​គាត់​ភិតភ័យ​»​។ 
 
​មានកូន​ស្រី​មួយ​អាយុ​៣​ឆ្នាំ ស្ត្រី​រស់ក្នុង​ភូមិ​វីរៈ​កាត់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ប្រកប​របរ​លក់​ចេក ប្រហែល​២០​ឆ្នាំ​មកហើយ​នេះ ពន្យល់​បន្ថែម​ពី​ការងារ​របស់​ប្ដី ដែល​ទីពឹង​ចំណូល​បាន​ពី​ទឹកចិត្ត​ភ្ញៀវ​ទេសចរណ៍​ចុះឡើង​ភ្នំ​ដូច្នេះ​៖«​តាមផ្លូវ​នេះ មាន​ម៉ូតូ​ឡាន ឧស្សាហ៍​ខូច​ដែរ បើ​មិនមាន​សន្តិសុខ​យាម ទុក​ឡាន​ចោល មិនកើត​ទេ​។ បើ​មាន​សន្តិសុខ ពេល​ភ្ញៀវ​មក​ដើរលេង គាត់​កក់ក្ដៅ​ដែរ​។ ថវិកា​បានតែ​ពី​ភ្ញៀវ​ដែល​គាត់​មកលេង គាត់​អាណិត គាត់​ឱ្យ​ខ្លះ ជួនកាល​គេ​ឱ្យ​សារុង កន្សែង មី អង្គរ​។ ថ្ងៃ​ខ្លះ​ភ្ញៀវ​ឱ្យបាន​១​ម៉ឺន ឬ​២​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​ក៏បាន​៤​ឬ​៥​ពាន់​រៀល​។ បើ​មានបុណ្យ អាច​បាន​១០​ទៅ​២០​ម៉ឺន​រៀល គ្រាន់​បាន​ដោះ​ទាល់​ជីវភាព​តិចៗ​ដែរ​»៕
 
 

Tag:
 ភ្នំ​គូលែន​
  ចេក​
  មុខរបរ​
© រក្សាសិទ្ធិដោយ thmeythmey.com