COVID-19
ជាតិ
សុខភាព
គ្មាន​លក្ខខណ្ឌ​លើកលែង​សម្រាប់​អ្នក​មកពី​បរទេស​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​នោះឡើយ​
08, Dec 2020 , 7:29 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រាប់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី​-​ខេត្ត ពង្រឹង​ការគ្រប់គ្រង​ច​ត្តា​ឡី​ស័ក និង​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​៧ ធ្នូ ដោយ​បញ្ជាក់ថា ចំពោះ​អ្នក​មកពី​បរទេស គឺ​មិនមាន​ការលើកលែង និង​មិន​អនុញ្ញាត​ឱ្យមាន​ការធានា​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លី​ឡើយ​។​

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា «​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​» គឺជា​ការឆ្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​ចង្កោម និង​តាម​កន្លែង​មួយៗ ដែលមាន​ហានិភ័យ​ខ្ពស់ គួរឱ្យ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់ ការចម្លង​ក្នុង​សហគមន៍ ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​អាច​នឹង​កើតមានឡើង​ក្នុងពេល​ណាមួយ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ជា​បន្តទៀត ក្នុងការ​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ​។ 
 
​ក្រសួងសុខាភិបាល បង្គាប់​ឲ្យ​អាជ្ញាធរ​ទាំងអស់ ត្រូវ​គ្រប់គ្រង​អ្នកដំណើរ​ចូលមក​កម្ពុជា តាម​ច្រក​ដីគោក ទឹក និង​អាកាស តាម​ច្រក​អន្តរជាតិ  និង​តាម​ច្រករបៀង ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត​។ ជាពិសេស​ត្រូវ​អប់រំ​ផ្សព្វផ្សាយ និង​បន្ត​ការ​ក្រើនរំលឹក​អំពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ។​
 
​មិនតែប៉ុណ្ណោះ​អាជ្ញាធរ ត្រូវ​ពង្រឹង​វិធានការ​សំខាន់ៗ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​សណ្ឋាគារ មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅ​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​(​ក្នុងករណី​ចាំបាច់​) រយៈពេល​១៤​ថ្ងៃ ពេញលេញ សម្រាប់​គ្រប់គ្រង​បុគ្គល​ដែល​តម្រូវឱ្យមាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំពោះ​អ្នក​មកពី​បរទេស គឺ​មិនមាន​ការលើកលែង និង​មិន​អនុញ្ញាត​ឱ្យមាន​ការធានា​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លី​ឡើយ ពោលគឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​គ្រប់​ចំនួន​១៤​ថ្ងៃ នៅតាម​ទីតាំង​ដែល​បានកំណត់​។ នេះ​បើតាម​ក្រសួង​ដដែល​។​
 
​បន្ថែម​ពីនេះ ក្រសួង ក៏​ប្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ និង​ត្រូវ​ផ្គត់ផ្គង់​ប្រាក់ឧបត្ថម្ភ សម្រាប់​គ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ជាពិសេស​អប់រំ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ក្នុង​សហគមន៍ នូវ​សារ​អប់រំ​សុខភាព​របស់​ក្រសួងសុខាភិបាល តាមរយៈ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការចូលរួម​ពី​សហគម៍ ដូចជា​ការផ្សព្វផ្សាយ​តាម​ឧ​គ្ឃោ​សន​ស័ព្ទ ការបិទ​តាំង​រូបភាព​ផ្ទាំង​ធំ ការ​ចែកចាយ​ខិតប័ណ្ណ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្ដាញ​សង្គម​ដល់​ប្រជាជន ជាពិសេស​ដល់​សហគម​ន៍​ងាយ​រងគ្រោះ និង​សហគមន៍​ក្រីក្រ​ជាដើម​។​
 
​អាជ្ញាធរ ភូមិ ឃុំ ស្រុក សមាគមនារី និង​តំណាង​សហគមន៍ ក៏ត្រូវ​តាមមើល និង​ណែនាំ​ការអនុវត្ត​គម្លាត​សុវត្ថិភាព បុគ្គល​ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យបាន​១.៥​ម៉ែត្រ​ឡើងទៅ នៅតាម​ទីសាធារណៈ​នានា រួមទាំង​ហាមឃាត់ ឬ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ​ការជួប​ជុំគ្នា​ក្នុងសង្គម មិន​ឲ្យ​លើសពី​២០​នាក់ ដូចជា​ការរៀប​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​នានា ការជួបជុំ​ក្នុង​ពិធីបុណ្យ​ជាតិ ពិធីបុណ្យ​សាសនា ពិធីបុណ្យ​ប្រពៃណី និង​ពិធីបុណ្យ​ផ្សេងៗ​។ ដោយឡែក​ការប្រគំ​តន្ត្រី ការ​ដើរលេង​ជួបជុំ ការបរិភោគ​អាហារ​ជាមួយ​មិត្ត​ភ័ក្ដិ​ខាងក្រៅ​ផ្ទះ ការជួបជុំ​ពិធី​ខួបកំណើត ការធ្វើ​ពិធី​ឡើងផ្ទះ ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការធ្វើដំណើរ​កំសាន្ត​ប្រមូលផ្ដុំ​គ្នាច្រើន​ជាដើម ក៏ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស​ដែរ​។​
 
​សម្រាប់​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង បុគ្គលិក និង​អតិថិជន នៅតាម​កន្លែង​ប្រកប​អាជីវកម្ម​លក់ទំនិញ ឬ​ផ្ដល់​សេវាកម្ម ដូចជា​ផ្សារ​ទំនើប ឱសថស្ថាន ហាង​ទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាត់សក់ ហាង​កែស​ម្ភ​ស្ស និង​សំអាង​មុខ​-​កាយ កន្លែង​លក់ដូរ នៅក្នុង​ផ្សារ​នានា និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ទៀត ត្រូវអនុវត្ត​វិធាន​ការពារ ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​
 
​ក្រសួង​ក៏​ក្រើនរំឭក​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍ ត្រូវ​រក្សា​អនាម័យ​ឱ្យបាន​ស្អាត​ជានិច្ច ដោយ​លាងដៃ​ជាមួយ​ទឹកស្អាត​និង​សាប៊ូ អាល់កុល ឬ​ជែ​ល​លាងដៃ​ឱ្យបាន​ញឹកញាប់​។ ប្រើប្រាស់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​ជាប្រចាំ​(​ឬ​នៅ​ក្នុងករណី​ចាំបាច់​) ឬ​ប្រើ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ និង​ច្រមុះ​ពេល​ក្អក​-​កណ្ដាស់​។ រីឯ​ចាស់ជរា ជន​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​ជាដើម ចៀសវាង​ចេញពីផ្ទះ បើ​មិនចាំបាច់​។ ពលរដ្ឋ ក៏​មិនត្រូវ​ទៅ​កន្លែង​ដែល​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​។ ជាពិសេស​កន្លែង​ដែលមាន​មនុស្ស​ច្រើន ឬ​ការជួបជុំ​គ្នាច្រើន ដោយ​កុំ​នៅ​ជិត ឬ​ក្បែរ​គ្នា ឬ​ប៉ះពាល់​គ្នា ឱប​គ្នា កាន់​ដៃ​គ្នា​។ មិនតែប៉ុណ្ណោះ ត្រូវ​ប្រើ​វិធី​សំពះ​គ្នា លើកដៃ​ជាស​ញ្ញា ឬ​ងក់ក្បាល ហើយ​ត្រូវរ​ក្សាគ​ម្ងា​យ​ពីគ្នា មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។​
 
​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់តាំង​ក្រុមការងារ​តាមដាន និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ នូវ​ការអនុវត្ត​វិធានការ​បង្ការ​ការឆ្លង​ជាយថាហេតុ នូវ​កូ​វីដ​-១៩ ដោយ​អាជីវករ និង​អតិថិជន​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ចូល​ហាង​ទំនិញ​(​គ្មាន​ម៉ាស់​ហាម​ចូល​)​។ ប្រសិនបើ​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង និង​បុគ្គលិក​ណា​មិន​គោរព និង​អនុវត្តតាម​វិធានការ​ទាំងអស់​ខាងលើ​បាន​ហ្មត់ចត់ នឹងត្រូវ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះ​អាស​ន្ត រហូតដល់​មានការ​ការអនុញ្ញាត​ជាថ្មី​។ នេះ​ជាការ​បង្គាប់​របស់​ក្រសួងសុខាភិបាល​៕ 

Tag:
 ក្រសួងសុខាភិបាល​
  កូ​វីដ​-១៩
  ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com