ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាលស្នើឲ្យពលរដ្ឋធ្លាប់ទៅហាង Zando និង Pedro ធ្វើចត្តាឡីស័ក
08, Dec 2020 , 11:06 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន កន្លងមក។ រូបថត ThmeyThmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន កន្លងមក។ រូបថត ThmeyThmey
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសឲ្យពលរដ្ឋដែលធ្លាប់មានប្រវត្តិទៅហាងលក់សម្លៀកបំពាក់ Zando នៅផ្លូវត្រសក់ផ្អែម និង ហាង Pedro នៅផ្លូវព្រះសីហនុ ចាប់ពីថ្ងៃទី២៧វិច្ឆិកា ធ្វើចត្តាឡីស័ក។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញថ្ងៃទី៨ធ្នូនេះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យពលរដ្ឋរួសរាន់ធ្វើទៅធ្វើចត្តាឡីស័កដោយឥតគិតថ្លៃនៅសណ្ឋាគារសុខា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍។ ក្រសួងបានបញ្ជាក់ថា រាល់ការចំណាយគឺ រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។

ការសម្រេចរបស់ក្រសួង ធ្វើឡើងបន្ទាប់ពីភ្នាក់ងារសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលពួកគេសុទ្ធតែធ្លាប់មានប្រវត្តិទៅទីតាំងនោះ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួនអ្នកឆ្លងកូវីដ-១៩ បានឡើងដល់៣៤នាក់។ កាលពីថ្ងៃទី៧ ខែធ្នូ វត្ថុសំណាក២៤៨៣ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផល​វិជ្ជមាន២ ហើយនៅថ្ងៃនេះ អ្នកជំនាញបន្តវិភាគវត្ថុសំណាក​១៦០៥បន្ថែមទៀត។
 
ទូទាំងប្រទេសកម្ពុជា ករណីឆ្លងឡើងដល់​៣៥០នាក់ ក្នុងនោះ សះស្បើយ​៣០៧នាក់។ អ្នកជំងឺដែលកំពុង​សម្រាកព្យាបាល មាន​៣៣នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​១០​នៅមណ្ឌលសុខភាពចាក់អង្រែ
 

© រក្សាសិទ្ធិដោយ thmeythmey.com