COVID-19
ជាតិ
COVID-19៖ អភិបាលខេត្តកណ្តាល បិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់
09, Dec 2020 , 11:33 am        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះណែនាំពលរដ្ឋដែលធ្វើចត្តាឡីស័ក។ រូបថតរដ្ឋបាលខេត្ត
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះណែនាំពលរដ្ឋដែលធ្វើចត្តាឡីស័ក។ រូបថតរដ្ឋបាលខេត្ត
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ដែលស្ថិតនៅឃុំបឹងខ្យាង  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន ក្រោយពីមានអ្នកជំងឺកូវីដ-១៩ម្នាក់បានទៅសួរសុខទុក្ខម្តាយនៅស្រុកកំណើត។ អ្នកជំងឺស្ត្រីអាយុ៣៥ឆ្នាំរូបនោះ ជាអ្នកដែលបានទៅហាង Pedro កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។  បច្ចុប្បន្ន មានពលរដ្ឋដែលប៉ះពាល់នឹងជំងឺកូវីដ-១៩ ចំនួន៥៥នាក់ បានធ្វើតេស្ត និងចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកកណ្តាលស្ទឹង និងទីក្រុងតាខ្មៅ។



បើតាមលោក គង់ សោភ័ណ្ឌ ស្រ្តីឈ្មោះ អៀម ធីតា មុននឹងត្រូវបានក្រសួងសុខាភិបាល រកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៨ធ្នូ ម្សិលមិញ គឺបានទៅលេងផ្ទះម្តាយរបស់គាត់នៅឯឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ដោយបានសម្រាកនៅផ្ទះម្តាយយប់ នាថ្ងៃទី២៨វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ 

អភិបាលខេត្តរូបនេះ បានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៩ធ្នូ ថា ដោយម្តាយរបស់ស្ត្រីវ័យ៣៥ឆ្នាំនោះ មិនទាន់ដឹងកូនរបស់ខ្លួនឆ្លងជំងឺកូវីដ-១៩នោះ ក៏បានទៅវត្តវិហារត្រាញ់ ក៏បានចូលផ្សារបឹងខ្យាងទិញម្ហូបអាហារ និងដើរទៅទិញចំណីអាហារហូបផ្សេងៗ ជាច្រើនកន្លែងផងដែរ។  

«ទីកន្លែងដែលម្តាយរបស់អ្នកជំងឺកូវីដ-១៩ បានទៅនោះ គឺយើងបារម្ភខ្លាំង ខ្លាចឆ្លងជំងឺនេះ ទៅពលរដ្ឋផ្សេងៗ។ ជាពិសេស គឺទីកន្លែងផ្សារបឹងខ្យាងតែម្តង»។ នេះជាការ លើកឡើងរបស់លោក គង់ សោភ័ណ្ឌ ដោយបារម្ភនៃឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ អភិបាលខេត្តកណ្តាល បានអញ្ជើញប្រជាជនដែលពាក់ព័ន្ធ ផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ មកធ្វើតេស្តរកកូវីដ-១៩ ហើយតម្រូវឱ្យអ្នកទាំងនោះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ដូច្នេះ ៖«ម្តាយ-ឪពុករបស់អ្នកជំងឺកូវីដ-១៩នោះ  គឺមន្ត្រីជំនាញសុខាភិបាលរបស់យើង បានធ្វើតេស្តរួចហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលឡើយ»។ ពួកគាត់ទាំងពីរ ជាចំណុចប្រឈមនឹងជំងឺកូវីដខ្ពស់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយកូនស្រីគាត់ ដែលមានជំងឺកូវីដ-១៩»។

ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់នោះ ព្រមទាំងមនុស្ស ៧នាក់ ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់​ផ្សេងទៀត ពាក់ព័ន្ធ​ដោយ​ប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក។

តាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះផងដែរ ករណីថ្មី២ក្នុងចំណោម​៤ នៃព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា គឺជាអ្នកក្រុងតាខ្មៅ។ ពួកគាត់ សុទ្ធតែជាបុគ្គលិក​ហាង Pedro រួមមាន បុរស​អាយុ​២០​ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី សង្កាត់តាខ្មៅ  និង​ស្ត្រីអាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅសង្កាត់​ព្រែកឫស្សី៕


© រក្សាសិទ្ធិដោយ thmeythmey.com