ជាតិ
នយោបាយជាតិ
ជនរងគ្រោះម្នាក់ទទួលបានប្រាក់១ម៉ឺនដុល្លារវិញ ក្រោយផ្ញើសារទៅហ្វេសប៊ុកសម្ដេច ស ខេង សុំអន្តរាគមន៍
× ភ្នំពេញ៖ ជនរងគ្រោះម្នាក់ទទួលបានប្រាក់១ម៉ឺនដុល្លារវិញ ពីមន្ត្រីនគរបាលម្នាក់ ដែលសន្យានាំចូលក្របខណ្ឌមន្ត្រីនគរបាល។ ទឹកប្រាក់ដែលទទួលបានវិញនេះ ក្រោយពីជនរងគ្រោះ បានផ្ញើសារទៅហ្វេសប៊ុកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍លើករណីខ្លួន។
ជនរងគ្រោះដែលមានឈ្មោះថា យ៉ាង សំអូន បានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Som Oun Keo សរសេរសារទៅកានទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍លើករណីមន្ត្រីនគរបាលម្នាក់ ឈ្មោះ គ្រី រ៉ាឌី ដែលបានយកប្រាក់ ១៧,០០០ដុល្លារ ជាថ្នូរជួយឲ្យប្អូនខ្លួន បានចូលធ្វើការក្នុងក្របខណ្ឌមន្ត្រីនគរបាល។
ស្នងការនគរបាលខេត្តកណ្ដាល បានស្រង់ខ្លឹមសារជនរងគ្រោះសរសេរដូច្នេះថា ៖«សូមសម្តេចជួយដោះស្រាយឲ្យក្រុមគ្រួសារខ្ញុំផង កាលពីឆ្នាំ២០១៩ ប្អូនស្រីខ្ញុំបានចាញ់បោកជនបោកប្រាស់ដែលថាជួយរត់ការឲ្យប្អូនស្រីខ្ញុំ ចូលក្របខណ្ឌនគរបាល ហើយថ្លៃរត់ការនោះគេយក ១៧,០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ) ។ ប៉ុន្តែពេលនេះការងារក៏អត់ សងលុយវិញក៏អត់ ហើយខ្ញុំបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប៉ុន្តែមន្ត្រីនគរបាល មិនទាន់ដោះស្រាយឲ្យទេ (ជនបង្កឈ្មោះ គ្រី រ៉ាឌី មុខរបរប៉ូលីស) សូមសម្តេច រកយុត្តិធម៌ ជូនគ្រួសារខ្ញុំផង» ។
ក្រោយទទួលបានសារតាមហ្វេសប៊ុកនេះ សម្ដេច ស ខេង ក៏បានបញ្ជាឲ្យលោក ឈឿន សុចិត្ត ដែលទើបឡើងជាស្នងការនគរបាលខេត្តកណ្ដាល ដោះស្រាយបញ្ហាទារប្រាក់ជាថ្នូរនឹងការនាំចូលក្របខណ្ឌនគរបាលនេះ។ តាមរយៈការដោះស្រាយនេះ ភាគីជនរងគ្រោះ ក៏ទទួលបានប្រាក់១ម៉ឺនដុល្លារវិញ ពីមន្ត្រីនគរបាលឈ្មោះ គ្រី រ៉ាឌី កាលពីថ្ងៃទី៧ ធ្នូ ហើយប្រាក់នៅសល់៧ពាន់ដុល្លារទៀត បុគ្គល រ៉ាឌី សន្យាសងទាំងអស់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមស្នងការនគរបាលខេត្តកណ្ដាល។
កន្លងមកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋឲ្យរាយការណ៍ទៅសម្ដេចផ្ទាល់ តាមរយៈហ្វេសប៊ុក បើសិនជាមានបញ្ហានៅមូលដ្ឋានហើយ អាជ្ញាធរមិនព្រមដោះស្រាយ។ សម្ដេច ស ខេង បានបញ្ជាក់ថា បើពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានហើយ ប៉ុន្តែពួកគេមិនព្រមដោះស្រាយបញ្ហាជូននោះ ពលរដ្ឋអាចប្រើប្រាស់បណ្ដេញសង្គម ដូចជាហ្វេសប៊ុកជាដើម បង្ហោះ ឬរាយការណ៍ព័ត៌មានចូលផេកហ្វេសប៊ុកសម្ដេចផ្ទាល់ ដើម្បីទទួលបានដំណោះស្រាយ។
មិនតែប៉ុណ្ណោះសម្ដេច ស ខេង ក៏ជំរុញឱ្យមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋភ្លាមៗ នៅពេលដែលឃើញពួកគេបង្ហោះព័ត៌មាន ឬបញ្ហាអ្វីមួយនៅលើបណ្ដាញបច្ចេកវិទ្យាសង្គម ដោយមិនចាំបាច់ទាល់តែពលរដ្ឋមកប្ដឹងផ្ទាល់ ដូចមុននោះទេ។
គួរបញ្ជាក់ថា សម្ដេច ស ខេង បានរៀបចំក្រុមការងារមួយ តាមដានរាល់ការស្នើសុំអន្តរាគមន៍ និងប្ដឹងផ្ដល់នានារបស់ពលរដ្ឋ នៅលើហ្វេសប៊ុកសម្ដេចផ្ទាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com