COVID-19
ជាតិ
លទ្ធផល​ចុងក្រោយ សម្ដេច ស ខេង និង​ភរិយា អវិជ្ជមាន​កូ​វីដ​-១៩
13, Dec 2020 , 8:16 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រកាស​ទាំងយប់​ថ្ងៃទី​១២ ធ្នូ ថា សម្ដេច និង​ភរិយា គ្មាន​ជំងឺ​កូ​វីដ​-១៩ ឡើយ នៃ​ការធ្វើ​តេស្ត​លើក​ទី​៣ ចុងក្រោយ​នេះ​។ ដោយឡែក​មនុស្ស​ពាក់ព័ន្ធ​២០១​នាក់ ដែល​នៅ​គេហដ្ឋាន​របស់​សម្ដេច ក៏​អវិជ្ជមាន​ដែរ​។​


 
​រដ្ឋមន្ត្រី​មហាផ្ទៃ សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​តប​នឹង​ដំណឹង​ដ៏​ល្អ​នេះ ក្នុងនាម​ភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ ដែល​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​យក​សំណាក និង​តាមដាន​សុខភាព​របស់​យើងខ្ញុំ​ទាំងអស់គ្នា តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​បញ្ចប់​ការធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​»​។​
 
​បន្ថែម​ពីនេះ​សម្ដេច ស ខេង ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ប្រឆាំង​កូ​វីដ​-១៩​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា​ការធ្វើ​តេស្ត​ក្នុងករណី​សង្ស័យ​, ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​, ការពាក់​ម៉ាស់ ឬ​ប្រើ​ក្រ​ម៉ា​ពេល​ក្អក ឬ​កណ្ដាស់​, លាងដៃ បាញ់​អាកុល​សម្លាប់​មេរោគ​, ការរក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។ បើតាម​សម្ដេច ព្រឹត្តិ​កាណ៍​សហគមន៍​២៨​វិច្ឆិកា មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។​
 
​ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា មាន​អ្នកជំងឺ​កូ​វីដ​-១៩ កើនឡើង​៤០​នាក់​ហើយ ខណៈ​មនុស្ស​រាប់ពាន់​អ្នក​ផ្សេងទៀត ធ្វើតេស្ត​លើក​ទី​៣ កាលពី​ថ្ងៃទី​១២ ខែធ្នូ លទ្ធផល​បង្ហាញថា អវិជ្ជមាន​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ធ្នូ​នេះ កម្ពុជា មាន​អ្នក​ឆ្លង​សរុប​៣៥៩​នាក់ និង​សះស្បើយ​៣០៧​នាក់​។​ចំណែក​មនុស្ស​៣៤​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ,​មណ្ឌល​សុខភាព​ចាក់អង្រែ​រាជធានី​ភ្នំពេញ ១១​នាក់ និង​៧​នាក់​ទៀត សម្រាក់​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com