COVID-19
ជាតិ
អាជ្ញាធរផ្អាកដំណើរការរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
13, Dec 2020 , 11:15 am        
រូបភាព
 រមណីយដ្ឋានទឹកជ្រោះប៊ូស្រានៅខេត្ត​មណ្ឌលគិរី
រមណីយដ្ឋានទឹកជ្រោះប៊ូស្រានៅខេត្ត​មណ្ឌលគិរី
ដោយ:
 ភ្នំពេញ៖ អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសផ្អាកដំណើរការរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែធ្នូ។ បើតាមលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ការផ្អាកដំណើរការរមណីយដ្ឋាននេះ ដោយសារតែមានបុរសម្នាក់វិជ្ជមានកូវីដ-១៩ នៃព្រឹត្តិការណ៍២៨ វិច្ឆិកា បានទៅកម្សាន្តលេងនៅទីនោះ កាលពីថ្ងៃទី២ ខែធ្នូ មុនតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៨ ខែធ្នូ។



លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការផ្អាកដំណើរការរមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះ គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ បើតាមអភិបាលរងខេត្ត អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេស្ត និងធ្វើចត្តាឡីស័កដែលគោរពតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល។

«ប្រជាពលរដ្ឋដែលលក់ដូរនៅក្នុងរមណីយដ្ឋាននោះគឺយើងឲ្យពួកគាត់ធ្វើចត្តាឡីស័ក និងធ្វើតេស្តហើយ»។ នេះជាការលើកឡើងរបស់អភិបាលរងខេត្តដែលបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពរបស់ពួកគាត់ល្អប្រសើរធម្មតា ហើយលទ្ធផលធ្វើតេស្តលើកដំបូងរបស់ពួកគាត់គឺអវិជ្ជមានកូវីដ-១៩ទាំងអស់។

បើតាមលោក ជាក់ ម៉េងហ៊ាង ក្រៅពីមានការផ្អាករមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក៏នៅតាមកន្លែងមួយចំនួនទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាផងដែរ។ កន្លែងទាំងនោះមានដូចជា Relax Hill Resort អាហារដ្ឋានម៉ានី និងកន្លែងផ្សេងទៀត។

ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ឆ្លងរាលដាលចូលសហគមន៍ អភិបាលខេត្តបានណែនាំឲ្យពលរដ្ឋ អាជីវករទាំងអស់គោរពទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដោយមានការពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាល់កុលជាប្រចាំ និងគ្រប់ទីកន្លែង។ នេះបើតាមការបញ្ជាក់ពីលោក ជាក់ ម៉េងហ៊ាង។

បច្ចប្បន្នអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមានចំនួន៤០នាក់។ ចំណែកអ្នកពាក់ព័ន្ធជាច្រើនពាន់នាក់ទៀតបានធ្វើតេស្តជាលើកទី៣ គឺអវិជ្ជមានទាំងអស់។

សរុបនៅកម្ពុជា អ្នកជំងឺកូវីដ-១៩ ចំនួន៣៥៩នាក់ ក្នុងនោះជាសះស្បើយ៣០៧នាក់។ អ្នកដែលកំពុងសម្រាកព្យាបាលមាន៥២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៣៤នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ១១នាក់ និងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនចំនួន៧នាក់៕



Tag:
 កូវីដ-១៩
  ប៊ូស្រា
© រក្សាសិទ្ធិដោយ thmeythmey.com