COVID-19
ជាតិ
តេស្តចុងក្រោយ សម្ដេច ហេង សំរិន និងភរិយា ក៏គ្មានកូវីដ-១៩
13, Dec 2020 , 4:32 pm        
រូបភាព
 
ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និងភរិយា គ្មានជំងឺកូវីដ-១៩ឡើយ នៃការធ្វើតេស្តសុខភាពលើកចុងក្រោយ កាលពីថ្ងៃទី១២ ធ្នូ ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហេង សំរិន។


ក្រៅពីសម្ដេច សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដែលបានធ្វើតេស្តលើក៣ចុងក្រោយ កាលពីថ្ងៃទី១២ធ្នូ ក៏«អវិជ្ជមានទាំងអស់»ដែរ។ ទាំងសម្ដេច និងមន្ត្រីរដ្ឋសភា នឹងបានបញ្ចប់ការធ្វើចត្តាឡីស័កតាមការកំណត់នេះ។

ប្រធានរដ្ឋសភា បានសរសេរលើហ្វេសប៊ុកដូច្នេះ៖«ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ហាក់ត្រូវបានយើងគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិ កុំប្រហែសជាមួយនឹងជំងឺកូវីដ-១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ»។

សម្ដេច ក៏អំពាវនាវឲ្យពលរដ្ឋអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។
«ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺមកលើខ្លួន គ្រួសារ និងសហគមន៍យើង»។ នេះបើតាមប្រធានរដ្ឋសភា។

ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា មានអ្នកជំងឺកូវីដ-១៩ កើនឡើង៤០នាក់ហើយ ខណៈមនុស្សរាប់ពាន់អ្នកផ្សេងទៀត ធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ ខែធ្នូ លទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ-១៩។

គិតត្រឹមថ្ងៃទី១៣ ធ្នូនេះ កម្ពុជា មានអ្នកឆ្លងសរុប៣៥៩នាក់ និងសះស្បើយ៣០៧នាក់។ចំណែកមនុស្ស៣៤នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ,មណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ១១នាក់ និង៧នាក់ទៀត សម្រាក់ព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕


Tag:
 ហេង សំរិន
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com