ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថានហាមពលរដ្ឋដុតសំរាមសំណល់រឹង និងសំណល់កសិកម្មនៅរដូវប្រាំង
14, Dec 2020 , 7:59 am        
រូបភាព
បុរសម្នាក់បានកាន់​​សំរាមមួយថង់ធំបម្រុងនឹង​យកទៅដុត​នៅគំនរសំរាមដែលកំពុងតែ​ដុត រូបភាពពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
បុរសម្នាក់បានកាន់​​សំរាមមួយថង់ធំបម្រុងនឹង​យកទៅដុត​នៅគំនរសំរាមដែលកំពុងតែ​ដុត រូបភាពពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន ហាមពលរដ្ឋដុតសំរាមសំណល់រឹង និងសំណល់កសិកម្មនៅរដូវប្រាំង ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។ បម្រាមនេះ ធ្វើឡើងក្រោយពីក្រសួងបរិស្ថាន សង្កេតឃើញថា កសិករ ឬម្ចាស់ឧស្សាហកម្ម ចាប់ផ្តើមដុតសំរាមសំណល់រឹង ដុតវាលស្មៅ និងដុតសំរាមកសិកម្ម នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា ។



លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា សកម្មភាពដុតសំរាមដែលជាកាកសំណល់រឹង ចេញពីវិស័យកសិកម្ម និងឧស្សហកម្ម នឹងធ្វើឲ្យស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះ ហើយកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់(PM១០ និងPM២.៥) គឺមានកម្រិតខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កត្តាដែលបណ្តាលឲ្យមានខ្យល់អាក្រក់នេះ គឺបណ្តាលមកពីកត្តាមនុស្សដែលបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្តប្រើប្រាស់ម៉ាស៊ូត ចំហេះឥន្ធនៈ ការដុតព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្ម ដុតគល់ជញ្រ្ជាំង ដុតសំណល់រឹង និងការហុយធូលីពីការដ្ឋានសំណង់។

«កាកសំណល់ស្មៅ ឬក៏ឈើដែលបោសសំអាតនៅទីលានចម្ការ ឬក៏តំបន់សមាទានដីសេដ្ឋកិច្ចពិសេសដែលត្រូវការដាំនៅខែវស្សាខាងមុខហ្នឹង គឺពួកគាត់ត្រូវសំអាតចាប់ពីពេលនេះទៅ។ នៅកន្លែងខ្លះដុត នៅពេលដុតវាអាចបង្កើតឲ្យមានកម្ចេចកម្ទី ហុយផេះឡើង វាជាភាគល្អិតមួយធ្វើឲ្យកំហាប់នៅក្នុងខ្យល់ វាធ្វើឲ្យគុណភាពខ្យល់មិនល្អ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ។

អ្នកជំនាញបរិស្ថានរូបនេះបាននិយាយថា ដើម្បីទប់ស្កាត់កុំឲ្យមានខ្យល់អាក្រក់នេះកើតឡើងនៅរដូវប្រាំងខាងមុខនេះ ក្រសួងបរិស្ថានបានណែនាំដល់ពលរដ្ឋប្រមូលកាកសំណល់ផ្សេងៗច្នៃទៅតាមលទ្ធផលដែលអាចធ្វើបាន ជាជាងការដុតបំផ្លាញដែលអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស។

លោកបានថ្លែងដូច្នេះថា៖«ស្មៅ ឬកម្ទេចកម្ទីនៅក្នុងស្រែចំការ គឺពួកគាត់មិនចាំបាច់ដុតទេ គាត់អាចកប់ វាអាចនឹងរលួយក្លាយទៅជាជី។ ចំពោះសំណល់បា្លស្ទិក ពួកគាត់គឺត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ អាចប្រើប្រាស់ឡើងវិញ ឬក៏អាចកាត់បន្ថយសំណល់ប្លាស្ទិក។ ចំណែកនៅការដ្ឋានសំណង់វិញគឺត្រូវតែមានការឃ្លុំឲ្យជិត ហើយការដ្ឋានផ្លូវគឺត្រូវស្រោចទឹកជាប្រចាំ»។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក្នុងករណីដែលពលរដ្ឋមិនគោរពតាមវិធានការណែនាំរបស់ក្រសួងបរិស្ថាន ហើយបណ្តាលឲ្យមានភ្លើងឆេះព្រៃ មន្ទីរបរិស្ថាននៅតាមបណ្តាខេត្តនីមួយៗនឹងមានការផាកវិន័យលើបុគ្គលដែលបង្កហេតុនោះ។

បច្ចុប្បន្នកម្ពុជាក្នុងមួយថ្ងៃមានសំរាមជាង១ម៉ឺនតោន ដោយក្នុងមួយឆ្នាំមានជិត៤លានតោន។ ក្នុងនោះ ៧០ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក និងក្រៅពីនោះជាសំណល់រឹង៕





© រក្សាសិទ្ធិដោយ thmeythmey.com