ជាតិ
សង្គមជាតិ
ទីតាំង​ផលិត​និង​លក់​ស្រា​ជាង​១,៦​ពាន់​កន្លែង​ត្រូវ​បិទ​បណ្ដោះអាសន្ន ក្រោយ​មាន​ករណី​ពុល​ស្លាប់​នៅ​កំពង់ឆ្នាំង​
14, Dec 2020 , 6:19 pm        
រូបភាព
ស្រាសដែលមានសារធាតុមេតាណុលខ្ពស់​របស់​ម្ចាស់អាជីករផលិត និងលក់ស្រានៅខេត្ត​កំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត​រក្សាទុកដើម្បីកម្ចេចចោល រូបភាពពីទូរទស្សន៍ខេត្តកំពង់ឆ្នាំង
ស្រាសដែលមានសារធាតុមេតាណុលខ្ពស់​របស់​ម្ចាស់អាជីករផលិត និងលក់ស្រានៅខេត្ត​កំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្ត​រក្សាទុកដើម្បីកម្ចេចចោល រូបភាពពីទូរទស្សន៍ខេត្តកំពង់ឆ្នាំង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បាន​ចុះទៅ​បិទ​កន្លែង​ផលិត​ស្រា និង​លក់​ស្រា​ជាង​១,៦​ពាន់​កន្លែង​នៅ​ទូទាំង​ភូមិ ឃុំ និង​ស្រុក ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងមូល និង​បាន​ដកហូត​ស្រា​ជិត​៤​ពាន់​លីត្រ ក្រោយពី​មាន​មនុស្ស​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៦-២៨ ខែវិច្ឆិកា​។

 
​លោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា ចាប់តាំងពី​មាន​ករណី​ពុល​ស្រា​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​មក អាជ្ញាធរខេត្ត​ក៏បាន​ចុះទៅ​បិទ​ទីកន្លែង​ផលិត​ស្រា​ចំនួន​៥១៥​កន្លែង និង​កន្លែង​លក់​ស្រា​១១១៥​ទីតាំង បណ្ដោះអាសន្ន រួមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ពុល​ស្រា ដើម្បី​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​។ 
 
​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​រូបនេះ​បាន​លើកឡើងថា មនុស្ស​ទាំង​៦​នាក់​នោះ​ត្រូវបាន​តុលាការ​ចោទ​ពីបទ​ការធ្វើ​ពាណិជ្ជកម្ម​ម្ហូបអាហារ​មាន​ជាតិពុល និង​បទ​មនុស្សឃាត​ដោយ​អ​ចត​នា​។ 
 
​បើតាម​លោក ខូវ លី អាជ្ញាធរ​ក៏បាន​ដកហូត​ស្រាស និង​ស្រាថ្នាំ​ជិត​៤​ពាន់​លីត្រ​ដែល​សុទ្ធ​តែមាន​ជាតិ​មេ​តា​ណុល​ខ្ពស់​ពី​ម្ចាស់​អាជីវកម្ម​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​យកទៅ​កម្ទេចចោល​នៅ​ថ្ងៃទី​១៧ ខែធ្នូ​ខាងមុខនេះ​។ 
 
​លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ពន្យល់ថា ករណី​ពុល​ស្រា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅក្នុង​ស្រុក​ទឹកផុស​នោះ​គឺ​បណ្តាលមកពី​អា​ជីករ​ផលិត និង​លក់​ស្រា លាយ​សារធាតុ​មេ​តា​ណុល​លើស​កម្រិតស្តង់ដារ​កំណ​ត់​ដោយ​ទៅ​១៥,៣​ភាគរយ ដែលជា​ធម្មតា​មានតែ​០,១០​ភាគរយ​។​
 
​ដើម្បី​បញ្ចៀស​ករណី​ពុល​ស្រា អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ឈប់​ទទួលទាន​ស្រា​។​ជាពិសេស​ម្ចាស់​អាជីវកម្ម ត្រូវ​បញ្ឈប់​ការផលិត និង​លក់​ស្រា​ដែល​គ្មាន​គុណភាព​តទៅទៀត​។​
 
​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ថ្ងៃទី​១៤ ខែធ្នូ​ថា មនុស្ស​ចំនួន​១៥​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា ដែល​កើតឡើង​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨​ខែវិច្ឆិកា​៕

Tag:
 ស្រា​
© រក្សាសិទ្ធិដោយ thmeythmey.com