ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋាភិបាល ចង់ឲ្យសិស្សទាំងអស់ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ
15, Dec 2020 , 1:25 pm        
រូបភាព
ថ្លែងចេញពីភូមិគ្រឹះរបស់ខ្លួននាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាដំបូងថា ឲ្យក្រសួងអប់រំ ពិចារណាយកពិន្ទុប្រចាំឆមាសមកវាយតម្លៃឲ្យសិស្ស ជាប់បាក់ឌុបឬធ្លាក់ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ជំនួសឲ្យការប្រឡង។ តែជិតនឹងបញ្ចប់សុន្ទរកថាទៅហើយ សម្តេច ក៏ប្រកាសឡើងវិញថា មិនចាំបាច់យកពិន្ទុប្រចាំឆមាស មកវាយតម្លៃឲ្យសិស្សជាប់បាក់ឌុបឬធ្លាក់នោះទេ គឺឲ្យជាប់ទាំងអស់គ្នាដោយស្វ័យប្រវត្តិតែម្តងទៅ។



ការចង់ជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បូកពិន្ទុប្រចាំឆមាសនេះ ដោយប្រមុខរដ្ឋាភិបាល មើលឃើញ មានសិស្សខ្លះ អាចនឹងធ្លាក់ បើបូកពិន្ទុប្រចាំឆមាស ខណៈពូកគេ ក៏ប្រឹងប្រែងរៀនដែរ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ខ្ញុំ ពិតជាបានឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះបានជាប់ អ្នកនេះបានធ្លាក់ អ្ហើយ បើការលំបាក់អ៊ីចឹង ឲ្យជាប់ទាំងអស់គ្នាតែម្តងទៅវាឆាប់ចប់ ដើម្បីឲ្យក្មេងៗសប្បាយ...»។

សំឡេងសម្តេចនាយករដ្ឋមន្រ្តី 



លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនទាន់អាចបញ្ជាក់បានឡើយថា សិស្សស្វ័យរិន្ទនិងសិស្សបំពេញវិជ្ជា នឹងត្រូវឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដែរឬយ៉ាងណា។ លោក ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងអប់រំ ត្រូវប្រជុំផ្ទៃក្នុងពីបញ្ហានេះសិន។ 

មានបេក្ខជនជាង១២ម៉ឺននាក់ (ស្រីជាង៦,៣ម៉ឺននាក់) ដែលបានដាក់ពាក្យប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ។ ក្រសួងអប់រំ កំណត់កាលបរិច្ឆេទប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល អះអាងថា ការប្រឡងបាក់ឌុបនៅទី១១ ខែមករា ឆ្នាំ២០២១ មិនអាចរៀ់បចំឡើងបានឡើយ ដ្បិតនៅបារម្ភពីស្ថានភាពជំងឺកូវីដ-១៩៕  

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com