ជាតិ
​ម្រេច​កំពត បាន​កិច្ចការពារ​ស្របច្បាប់​ជា​អន្តរជាតិ​នៅ​៣២​ប្រទេស​
17, Dec 2020 , 9:29 pm        
រូបភាព
 រូបភាពផ្តល់ដោយលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត
រូបភាពផ្តល់ដោយលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត
​ភ្នំពេញ​៖ ម្រេច​កំពត ត្រូវបាន​ចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ នៅ​បណ្ដា​ប្រទេស​ចំនួន​៣២ ក្រោម​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ នា​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២០​។ ការចុះបញ្ជី​ការពារ​នេះ គឺ​លើ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន អំពី ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងពាណិជ្ជកម្ម​។

 
​ក្រសួងពាណិជ្ជកម្ម បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ម្រេច​កំពត ជា​លក្ខណៈ​អន្តរជាតិ​តាំងពី​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ​២០២០ មក​ម្លេះ ហើយ​ការចុះបញ្ជី​នេះ ក្នុង​គោលបំណង​មិនឱ្យ​ភាគី​ផ្សេង រំលោភបំពាន​ម៉ាក​សម្គាល់​របស់​ម្រេច​កំពត​។ 


 
«​ចាប់ពីពេលនេះ​តទៅ «​ម្រេច​កំពត​» នឹង​ទទួលបាន​កិច្ចការពារ​ស្របច្បាប់ មិនឱ្យ​ភាគី​ទី​បី​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត និង​រំលោភបំពាន​នានា ចំពោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បណ្ដា​ប្រទេស​ជា​ភាគី​ហត្ថលេខី​»​។ នេះ​ជាការ​បញ្ជាក់​របស់ ក្រសួងពាណិជ្ជកម្ម​។ 
 
​មុននឹង​ឈានដល់​ការចុះបញ្ជី កម្ពុជា​បាន​តម្កល់​ខិ​លិ​ត​តុ​បក​រណ៍ នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ លើ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន​អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)  ហើយ​ច្បាប់​នេះ​ចួ​ល​ជាធរ​មាននៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២០​។ 
 
​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១០ ក្រសួងពាណិជ្ជកម្ម​បាន​ជ្រើសរើស​ម្រេច​កំពត ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​១ និង​បាន​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​ប្រទេស ថៃ វៀតណាម និង​សហភាព​អឺរ៉ុប​ផងដែរ​៕ 
 
 

Tag:
 ម្រេច​
  កំពត​
  កសិកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com