ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២១ ខែធ្នូ បានអះអាងថា បានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៨២ករណីបន្ថែមទៀត ដែលភាគច្រើនមាននៅក្នុងខេត្តសាមុតសាខន។ ស្របពេលករណីឆ្លងកូវីដ-១៩ បន្តកើនឡើង នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំការណែនាំបន្ថែមទៀត ក្នុងករណីការបិទខេត្តអាចកើនឡើង។
ក្នុងរយៈពេល ២៤ម៉ោង ថៃបានរកឃើញមានករណីឆ្លងថ្មីចំនួន៣៨២ករណី។ ក្នុងចំណោមនោះ មនុស្សចំនួន ៣៦០នាក់ គឺជាកម្មករចំណាកស្រុកនៅក្នុងខេត្តសាមុតសាខន។ ក្រៅពីនោះ មានករណីឆ្លងនៅក្នុងស្រុកចំនួន ១៤ករណីផ្សេងទៀត ត្រូវបានរកឃើញ នៅក្នុងទីក្រុងបាងកក, ខេត្តអយុធ្យា, ខេត្តសាមុតប្រាការ និងខេត្តតាក់ជាដើម។ ចំណែក ៨ករណីផ្សេងទៀត គឺជាករណីឆ្លងមកពីក្រៅប្រទេស។
ទាក់ទិននឹងករណីឆ្លងបន្តរកឃើញបែបនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានណែនាំកិច្ចរដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul រៀបចំគោលការណ៍ណែនាំឲ្យច្បាស់លាស់បន្ថែមទៀត ក្នុងករណីថៃត្រូវចេញវិធានការបិទខេត្តក្រុងផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ លោក Taweesilp Visanuyothin។
ការលើកឡើងរបស់លោកប្រាយុទ្ធ ធ្វើឡើង ក្នុងកិច្ចប្រជុំមួយ នៅវិមានរដ្ឋាភិបាលថៃ ដោយលោករដ្ឋមន្ត្រីសុខាភិបាល ក៏បានចូលរួមប្រជុំផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ជាមួយគ្នានេះ អ្នកនាំពាក្យ CCSA បានបន្តថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ជាចំណាត់ការមួយដែលទាក់ទងការវិវឌ្ឍរបស់ករណីឆ្លងដែលផ្ទុះចេញពីផ្សារលក់បង្គាមួយនៅក្នុងខេត្តសាមុតសាខន។
មិនតែប៉ុណ្ណោះ លោក ប្រាយុទ្ធ ក៏បានអំពាវនាវ កុំឲ្យប្រជាជនកុំភ័យខ្លាចខ្លាំងពេក ដោយសំអាងថា រដ្ឋាភិបាលនឹងអាចគ្រប់គ្រងស្ថានការណ៍នេះបានក្នុងរយៈពេល៧ថ្ងៃខាងមុខ។ បើតាមប្រមុខរដ្ឋាភិបាលថៃរូបនេះ ករណីឆ្លងនៅថៃ ខុសពីប្រទេសផ្សេង ដោយសារករណីឆ្លងនៅថៃ អាចតាមដានបាន។
ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងប្រចាំខេត្ត ដែលមានអភិបាលខេត្តជាប្រធាន ក៏ទទួលបានអំណាចក្នុងការសម្រេចឲ្យបិទខេត្ត ឬតំបន់ផងដែរ ប្រសិនបើតំបន់ ឬខេត្តទាំងនោះមានករណីឆ្លងកើនឡើងខ្លាំង។
គិតមកត្រឹមពេលនេះ ករណីឆ្លងពាក់ព័ន្ធនឹងខេត្តសាមុតសាខនបានកើនដល់ ៨២១ករណី។ ចំណែកករណីឆ្លងសរុបថៃមានចំនួន ៥២៨៩ករណី ខណៈពេលអ្នកស្លាប់ចំនួន ៦០នាក់ និងអ្នកជាសះស្បើយមានចំនួន ៤០៥៣នាក់។
គួររំលឹកថា ខេត្តសាមុតសាខន ត្រូវបានបិទ ចាប់ពីថ្ងៃទី២០ ធ្នូ ដល់ថ្ងៃទី៣ ខែមករាខាងមុខ និងថែមទាំងមានបម្រាមគោចរផងដែរ។ ទាក់ទិននឹងការបិទក្រុងបែបនេះ ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មខេត្ត លោកស្រី Amphai Harnkraiwilai បានវាយតម្លៃថា អាចរងការខូតខាតសេដ្ឋកិច្ចប្រមាណ ៣៣លានដុល្លារក្នុងមួយថ្ងៃ ខណៈមួយថ្ងៃៗ ខេត្តសាមុតសាខន អាចលក់គ្រឿងសមុទ្របានប្រមាណពី ១៤លានដុល្លារ ទៅ ១៦លានដុល្លារ ហើយបូករួមទាំងការខូចខាតរបស់មុខជំនួញផ្សេងទៀតរបស់ខេត្តផងដែរ៕