COVID-19
ជាតិ
ពលករ​ជិត​៤០០​នាក់​ត្រឡប់​មកពី​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​បង្ការ​កូ​វីដ​-១៩
22, Dec 2020 , 2:38 pm        
រូបភាព
ពលករខ្មែរត្រឡប់ពីថៃ តាមច្រកអូរស្មាច់កាលពីថ្ងៃទី២១ធ្នូ ២០២១។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ពលករខ្មែរត្រឡប់ពីថៃ តាមច្រកអូរស្មាច់កាលពីថ្ងៃទី២១ធ្នូ ២០២១។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃនេះ មាន​ពលករ​ជិត​៤០០​នាក់​បាន​ត្រឡប់​មកពី​ថៃ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ​យ៉ាង​ហ្មត់ចត់ ដើម្បី​បង្ការ​កូ​វីដ​-១៩​។ វិធានការ​រឹតបន្តឹង​នេះ ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះ​នូវ​ការចម្លង​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​មុន​។



​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក កែវ វណ្ណ​ថន បាន​បញ្ជាក់ថា ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​វិញ​មាន​៣៨៦​នាក់ ក្នុងនោះ​ភាគច្រើន មក​តាម​ច្រក​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ថ្ងៃទី​២០​ដល់​២១ ធ្នូ​។ បើតាម​លោក វណ្ណ​ថន ពលករ​ទាំងនោះ បាន​ត្រឡប់មក​តាម​ច្រក​អូរ​ស្មាច់​២៨៦​នាក់ ប៉ោយប៉ែត​៧៤​នាក់ ច្រក​ដូង​និង​ភ្នំ​ដី​២៦​នាក​។ 
 
​លោក វណ្ណ​ថន បាន​បញ្ជាក់ថា ក្រោយ​ផ្ទុះ​កូ​វីដ​-១៩​នៅ​ថៃ អគ្គនាយកដ្ឋាន​លោក បាន​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ ពិសេស​ច្រក​តាម​បណ្ដាល​ព្រំដែន​កម្ពុជា​-​ថៃ ត្រួតពិនិត្យ​សុខភាព​អ្នកធ្វើដំណើរ​ចូល​កម្ពុជា ។ ជាពិសេស​តាមដាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពេល​កំណត់​របស់​ក្រសួងសុខាភិបាល​។ 
 
«...​ម​ន្រី្ត​នគរបាល​តាម​ច្រកព្រំដែន ពិសេស​តាម​ច្រក​តូចៗ ត្រូវ​ល្បាត​ស្លាប​ឆ្វេង ស្លាប​ស្ដាំ ក្នុង​ដែន​សមត្ថកិច្ច​ច្រក​របស់ខ្លួន យើង​ក៏​ចេញ​វិធានការ​ឲ្យ​ពួកគាត់​ឃាត់​អ្នក​ចូលមក​ពី​ថៃ ដើម្បី​ប្រគល់​ឲ្យ​ភ្នាក់ងារ​សុខាភិបាល​ពិនិត្យ​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​ហ្មត់ចត់​។ លើសពីនេះ ក៏បាន​រំលឹក​ដល់​ម​ន្រី្ត​រក្សា​គម្លាត​សុវត្ថិភាព និង​រក្សា​អនាម័យ​ផងដែរ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វណ្ណ​ថន​។ 
 
​លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​មានជ័យ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បាន​ត្រៀម​ទីតាំង​៣​កន្លែង ដើម្បី​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក ក្នុងនោះ​មាន​វិទ្យាល័យ​សំរោង វិទ្យាល័យ​ហ៊ុនសែន ឧ​ត្ត​មានជ័យ និង​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា​។ 
 
​ចំណែក លោក ឈឿន ក្រៃ​យ៉ុង នាយក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​បញ្ជាក់ថា ក្រៅពី​ទីតាំង​ក្នុង​ខេត្ត ក៏​ត្រៀម​បម្រុង​ទុក​ទីតាំងនៅ​គ្រប់​ស្រុក សម្រាប់​ដាក់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ថៃ​វិញ​ដែរ​។ 
 
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ថវិកា​សរុប​៣៥០​លាន​រៀល ដល់​ខេត្ត​ជាប់​ប្រទេស​ថៃ ចំនួន​៧ ដើម្បី​ចាត់ចែង​ការងារ​ចំពោះមុខ​រួមមាន ការ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ក្នុងន័យ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ថៃ​។​ខេត្ត​ទាំង​៧​រួមមាន ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ដោយ​ខេត្ត​នីមួយៗ​ទទួលបាន ៥០​លាន​រៀល​។​
 
​សូមជម្រាបថា ខេត្ត​សាមុត​សា​ខន​កាលពី​ថ្ងៃទី​១៩​ធ្នូ បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ជាង​៥០០​ករណី​។ បន្ទាប់មក​រដ្ឋាភិបាល​ថៃ​សម្រេច​ប្រកា​សបិទ​ខេត្ត​សាមុត​សា​ខន រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២០​ធ្នូ ដល់​ថ្ងៃទី​៣​មករា​ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ បានដាក់​បំរាម​គោចរ អនុវត្ត​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៥​ភ្លឺ​។ ចំណែក​ការធ្វើដំណើរ​ចេញពី​ខេត្ត​នេះ ក៏​ត្រូវបាន​ហាមឃាត់​ដែរ​៕
 

Tag:
 
  ពលករ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com