COVID-19
ជាតិ
សាលា​រាជធានី​បន្ត​ចែក​សម្ភារ​បង្ការ​ជំងឺ​កូ​វីដ​-១៩
22, Dec 2020 , 8:29 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ​បានផ្តល់​ជំនួយ​សម្ភារ និង​បរិក្ខារ​ពេទ្យ​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដល់​មណ្ឌល​សុខភាព​ចាក់អង្រែ​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ដោយមាន​ការចូលរួម​ពី​ដៃគូ​ក្នុង​វិស័យ​ឯកជន ដៃគូ​ជា​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​ពី​បរទេស ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ត​ចែករំលែក​សម្ភារ​សំខាន់​ទាំងនោះ ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​ដល់​ក្រុមគ្រូពេទ្យ​។​

 
 
​លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​បាន​នាំយក​សម្ភារ និង​បរិក្ខារ​ពេទ្យ ទៅ​ផ្តល់ជូន​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វិដ​-១៩​។ សម្ភារ និង​បរិក្ខា​ពេទ្យ​ដែលមាន​តម្លៃ​សរុប ១២០០០​ដុល្លារ រួមមាន​៖ ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​វីរុស​ចល័ត​(​តូច​&​ធំ​), ម៉ាស៊ីន​លាង​សម្អាត​ដៃ​ដោយ​ស្វ័យប្រវត្តិ​, ម៉ាស៊ីន​វ៉ាស់​កម្តៅ​, ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​, ម៉ាស៊ីន​បាញ់​អាល់កុល​ស្វ័យប្រវត្តិ​, ម៉ាស៊ីន​កុំព្យូទ័រ និង​រួមទាំង​ម៉ាស់​ផង​។​
 



លោក នួន ផា​រ័ត្ន ដែល​តំណាង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជំនួយ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ក្របខណ្ឌ​នៃ​គម្រោង​ត្រៀម​បង្ការ និង​ឆ្លើយតប​ចំពោះ​ស្ថានភាព​បន្ទាន់​របស់​សមាគម​អភិបាល​ប្រើប្រាស់​ភាសា​បារាំង​។ លោក​អភិបាលរង​បាន​បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​សង្ឃឹមថា ជំនួយ​សម្ភារ និង​បរិក្ខារ​ពេទ្យ​ទាំងនេះ គឺជា​ការចូលរួមចំណែក​លើកទឹកចិត្ត និង​លទ្ធភាព​របស់​ក្រុមគ្រូពេទ្យ​ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ ក្នុង​ការងារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​​»​។ 
 



សាលា​រាជធានី​ភ្នំពេញ​បាន​ចែកចាយ​សម្ភារ​បង្ការ​កា​រ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​ញឹកញាប់​ដល់​ពលរដ្ឋ​ទូទៅ​នៅតាម​មូលដ្ឋាន ដោយផ្ទាល់​ផង និង​តាមរយៈ​អាជ្ញាធរ​ឃុំ​សង្កាត់​ផង​។ សាលា​រាជធានី​ភ្នំពេញ ក៏​តែង​អន្តរាគមន៍ និង​សម្របសម្រួល​ឱ្យមាន​ការចូលរួម​ពី​ដៃគូ​អង្គការ និង​វិស័យ​ឯកជន​ផងដែរ ដែល​ចង់​ចូលរួមចំណែក​ក្នុង​ការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​៕ 

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com