ភ្នំពេញ៖ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្តរិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃ ដោយយកអង្គព្រះមហាក្សត្រ មកផ្សាភ្ជាប់ទៀតផង។ រដ្ឋាភិបាលហាក់មិនអើពើរនឹងការរិះគន់របស់មេដឹកនាំអតីតបក្សប្រឆាំងនេះ។ តែអ្នកវិភាគថា អ្នកនយោបាយគួរប្រើសារនយោបាយ ដែលមានក្រមសីលធម៌ ដោយកុំឲ្យអ្នកដទៃឈឺចាប់ និងមិនត្រូវប៉ះពាល់ព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។
លោក សម រង្ស៊ី មិនបញ្ចប់ការរិះគន់រដ្ឋាភិបាលឡើយ។ ចុងក្រោយនេះ លោក សម រង្ស៊ី បានរិះគន់ពីគម្រោងរដ្ឋាភិបាល ដែលបានត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកចាក់ការពារពលរដ្ឋកម្ពុជា។ មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ចាត់ទុកផែនការរដ្ឋាភិបាល ជាគម្រោង«ភ្លីភ្លើ» និង«បរាជ័យ»ដោយសារវ៉ាក់សាំងនោះ មិនមែនជាទំនិញក្នុងទីផ្សារ ដែលអាចទិញបានងាយៗ ដូចជា«នំអាកោរ»ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បានទាញអង្គព្រះមហាក្សត្រ មកភ្ជាប់ជាមួយរដ្ឋាភិបាលនេះដែរ។
« ហ៊ុន សែន មិនដឹងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ អត់មានលក់រាយទេ ហើយបើចង់កុម្ម៉ង់ជាដុំ ពីក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ក្នុងលោកសេរី ដែលផលិតវ៉ាក់សាំងទាំងនោះ ត្រូវកក់លុយឲ្យគេ រាប់ពាន់លានដុល្លារ ជាមុនសិន។ ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។ នេះជាសំណេររបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅលើហ្វេសប៊ុក កាលពីថ្ងៃទី២០ ធ្នូ។
រដ្ឋាភិបាល ហាក់មិនអើពើរនឹងសម្តីរិះគន់លោក សម រង្ស៊ី ដូចមុនឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ បានសង្កត់ធ្ងន់ថា សម្តីលោក សម រង្ស៊ី គ្មានតម្លៃអ្វីដែលត្រូវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់នោះទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បាននិយាយដូច្នេះថា៖«អ្វីដែលជាការផ្សព្វផ្សាយ(របស់លោក សម រង្ស៊ី) ហ្នឹង គ្រាន់តែជាការធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានទេ ហើយទិសដៅហ្នឹង គឺចង់ឲ្យមានការឆ្លើយឆ្លងជាមួយរដ្ឋាភិបាល។ ដូច្នេះជាជំហររដ្ឋាភិបាល យើងមិនបានឲ្យតម្លៃ ហើយក៏គ្មានទិសដៅឆ្លើយឆ្លងជាមួយនឹង សម រង្ស៊ី ហ្នឹងទេ»។
ចំពោះករណីលោក សម រង្ស៊ី រិះគន់រដ្ឋាភិបាលហើយ ទាញភ្ជាប់អង្គព្រះមហាក្សត្រមកពាក់ព័ន្ធនោះ គឺទុកឲ្យមេធាវីរដ្ឋាភិបាល ពិនិត្យមើលផ្លូវច្បាប់ ដើម្បីធ្វើកិច្ចការជាមួយតុលាការ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន។
អ្នកនាំពាក្យរូបនេះ បន្ថែមថា៖«អ្វីជាការលើកឡើងរបស់គាត់(លោក សម រង្ស៊ី)ហ្នឹង គឺវាប៉ះពាល់ទៅដល់ផលប្រយោជន៍របស់គាត់ទេ ពីព្រោះយើងមិនហ៊ាននិយាយអ្វី ក្រៅពីតុលាការទេ ។ ប៉ុន្តែវាជាភស្តុតាងជាក់ស្ដែង ដែលតុលាការប្រើប្រាស់»។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក គី តិច មេធាវីរដ្ឋាភិបាល ដើម្បីសុំការបកស្រាយផ្លូវច្បាប់លើការរិះគន់រដ្ឋាភិបាល និងប៉ះពាល់ដល់ព្រះមហាក្សត្រឡើយ។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) និងអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត សេង សារី យល់ថា អ្នកនយោបាយគួរប្រើសារនយោបាយ ដែលមានក្រមសីលធម៌ ដោយកុំធ្វើឲ្យអ្នកដទៃឈឺចាប់។ ជាពិសេសកុំឲ្យប៉ះពាល់ព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ «បើយើងនិយាយផ្លូវច្បាប់ គាត់(លោក សម រង្ស៊ី) បំពានលើរដ្ឋធម្មនុញ្ញហើយ ព្រោះអង្គព្រះមហាក្សត្រ គឺយើងមិនអាចបំពានបាន រួមទាំងស្ថាប័នព្រះមហាក្សត្រផង។ បើយើងមើលរបបគ្រប់គ្រងនៃកម្ពុជា យើងមានអង្គព្រះមហាក្សត្រជាប្រមុខកំពូលប្រទេស អ៊ីចឹងការប្រើសារប្រមាថទៅលើថ្នាក់ដឹកនាំកំពូល ឬក៏ប្រមុខកំពូលរបស់ជាតិ វាគឺជាការបំពានមួយ ក្នុងផ្លូវនយោបាយ ហើយវាអត់ចំណេញទេ។ ហើយបើយើងមើលទៅលើផ្នែកមុំសីលធម៌ ពីមុំសុជីវធម៌ ក្នុងនាមជាពលរដ្ឋទៀត វាកាន់តែមិនសមរម្យហើយ»។ នេះជាការលើកឡើងរបស់លោក សេង សារី។
សម្រាប់អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមរូបនេះ អ្នកនយោបាយត្រូវប្រកាន់ជំហរប្រកួតប្រជែងផ្នែកគំនិត និងយុទ្ធសាស្ត្រនយោបាយ ដែលផ្ដល់ប្រយោជន៍ឲ្យជាតិ ប្រសើរជាងការប្រើសារនយោបាយ ដែលរិះគន់ ឬដៀមដាម ដល់គ្រួសារ និងសាច់ញាតិដៃគូប្រជែងខ្លួនឈឺចាប់នេះ។ លោកបណ្ឌិត សេង សារី និយាយបែបនេះ៖«ការផ្ញើសារឲ្យដៃគូម្ខាងទៀតឈឺចាប់ ដោយយកឯកជនភាពបុគ្គល គ្រួសារ កូនប្រពន្ធ មកប្រើសារនយោបាយហ្នឹង គឺជាអ្នកនយោបាយហួសសម័យ។ អ្នកនយោបាយទាន់សម័យ គឺជាអ្នកនយោបាយដែលជាគំរូ ដល់អ្នកនយោបាយជំនាន់ថ្មី ហើយគឺជាអ្នកនយោបាយដែលប្រើប្រាស់តែយុទ្ធសាស្ត្រ និងសារនយោបាយដែលនាំឲ្យមានការរីកចម្រើន»។
កាលពីខែឧសភា ឆ្នាំ២០១៩ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយសម្រេចឲ្យលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាប់ពន្ធនគារ៨ឆ្នាំ និងត្រូវបង់២០លានរៀល ពីបទញុះញង់កងទ័ពនិងបទប្រមាថព្រះមហាក្សត្រ។លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានរងបទចោទញុះញង់យោធា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ និងរងបទចោទប្រមាថព្រះមហាក្សត្រ កាលអំឡុងខែកក្កដា ឆ្នាំ២០១៨។
បើគិតមកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្តឹងសរុប មិនតិចជាង១០ទេ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕