អន្តរជាតិ
តេស្តឃើញវិជ្ជមានកូវីដ-១៩ ជាង១០០ករណីទៀតនៅថៃ ធ្វើឲ្យអ្នកជំងឺសរុបមាន៦១២៣នាក់
27, Dec 2020 , 9:29 pm        
រូបភាព
រដ្ឋាភិបាលថៃ នៅថ្ងៃទី២៧ ខែធ្នូ បានប្រកាសថា ខ្លួនមានករណីឆ្លងថ្មីចំនួន ១២១ករណី បន្ថែមទៀត។ ដោយសារតែករណីឆ្លងកើនឡើងបែបនេះ ថៃបានដាក់តំបន់មួយចំនួនជាតំបន់ក្រហម ដែលជាតំបន់មានការរឹតត្បិតខ្លាំងជាងគេ ជាបន្តបន្ទាប់។


 
 
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) លោក Taweesilp Visanuyothin ថៃមានករណីឆ្លងចំនួន ១២១ករណី ដោយក្នុងនោះមានអ្នកឆ្លងមកពីបរទេសមានចំនួន ៨ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
សម្រាប់ករណីឆ្លងក្នុងស្រុក ទីក្រុងបាងកក នៅតែបន្តមានករណីឆ្លងច្រើនជាងគេ ក្នុងចំណោមតំបន់ផ្សេងៗ ដោយក្នុងនោះ បាងកកមានចំនួន ១៦ករណី, ១១ករណី នៅក្នុងខេត្តNakhon Pathom, ៨ករណីនៅក្នុងខេត្ត Rayong និងតំបន់ផ្សេងៗទៀត។ គិតមកត្រឹមថ្ងៃទី ២៧ ខែធ្នូ ថៃមានករណីឆ្លងសរុបចំនួន ៦១២៣ករណី និងអ្នកស្លាប់មានចំនួន ៦០ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤១៦១នាក់។ 
 
ខេត្តរបស់ថៃ បានកើនដល់ ៣៨ខេត្តហើយ ដែលមានពាក់ព័ន្ធនឹងករណីឆ្លងនឹងផ្សារលក់គ្រឿងសមុទ្រ នៅក្នុងខេត្តសាមុតសាខន។ 
 
ទាក់ទិននឹងករណីឆ្លងហក់ឡើងបែបនេះ នៅថ្ងៃទី២៦ ខែធ្នូកន្លងទៅ ស្រុកMuang នៃខេត្តRayong ត្រូវបានអភិបាលខេត្តRayong ប្រកាសដាក់ក្នុងតំបន់ក្រហម បន្ទាប់ពីមានករណីឆ្លងហក់ឡើងខ្លាំង។ 
 
សូមបញ្ជាក់ថា កន្លងមកលោកTaweesilp ធ្លាប់បានព្រមានថា ប្រសិនបើមិនមានការសហការណាមួយពីសំណាក់ប្រជាជនទេ ឬស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេស មិនអាចស្ថិតក្រោមការគ្រប់គ្រងបាន រដ្ឋាភិបាលថៃ អាចនឹងបិទប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាត៕
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com