រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែធ្នូ បានសន្យាពន្លឿននីតិវិធីមួយចំនួនលើការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ស្របពេលរកឃើញអ្នកជំងឺកូវីដ-១៩ ទម្រង់ថ្មីដែលឆ្លងមកពីអង់គ្លេស។
តាមការអះអាងរបស់ទីភ្នាក់ងារទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង (KDCA) កូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែធ្នូ បានរកឃើញទម្រង់ថ្មីវីរុសលើអ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលត្រលប់មកពីអង់គ្លេស។ អ្នកទាំងបីនេះ ត្រូវបានដាក់ចត្តាឡីស័កតាំងពីត្រលប់មកដល់កូរ៉េខាងត្បូង។ ក្នុងថ្ងៃដដែលនេះ កូរ៉េខាងត្បូង បានប្រកាសថាមានករណីឆ្លងថ្មីចំនួន ៨០៨ករណី។
ការធ្លាក់ចុះករណីឆ្លងប្រចាំថ្ងៃនេះ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង អះអាងថា អាចបណ្តាលមកពីការធ្វើតេស្តរកកូវីដ-១៩ តិចតួចនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យណូអែល។ តួលេខសរុបរបស់កូរ៉េខាងត្បូង មានចំនួន ៥៧៦៨០ករណី និងអ្នកស្លាប់មានចំនួន ៨១៩នាក់។ ចំណែកអ្នកជាសះស្បើយកើនដល់ចំនួន ៣៩២៦៨ នាក់។
ជុំវិញករណីឆ្លងហក់ឡើង រួមទាំងការយឺតយ៉ាវនៃកម្មវិធីផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរងការរិះគន់យ៉ាងខ្លាំង។ បើធៀបនឹងអាមេរិក និងអង់គ្លេសដែលចាប់ផ្ដើមចាក់វ៉ាក់សាំងឲ្យប្រជាជនរួចហើយនោះ កម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង អាចយឺតជាងរហូតដល់ទៅ ២ ឬ៣ខែឯណោះ។
ចំណែកអត្រានៃការមិនពេញចិត្តប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ក៏កើនខ្ពស់ផងដែរ។ ការស្ទង់របស់ស្ថាប័ន Realmeter ពីប្រជាជនច ២០០៨នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ក្នុងរយៈពេល ៤ថ្ងៃ បានបង្ហាញថា ៣៦,៧ភាគរយប៉ុណ្ណោះពេញចិត្តការដឹកនាំរបស់លោក មូន។ ចំនួននេះ បានធ្លាក់ចុះចំនួន ២,៨ភាគរយ បើធៀបនឹងសប្តាហ៍មុន។ អត្រានេះ ជាចំនួនគាំទ្រដែលទាបបំផុតសម្រាប់លោក មូន ចាប់ពីឡើងកាន់តំណែងជាប្រធានាធិបតី នៅក្នុងខែឧសភា ឆ្នាំ២០១៧។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ដើម្បីអាចឲ្យប្រជាជនកូរ៉េខាងត្បូងទទួលវ៉ាក់សាំងបានកាន់តែឆាប់ ក្រសួងសុវត្ថិភាពអាហារ និងឱសថ នឹងពន្លឿនការងារអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង។ នីតិវិធី នឹងបង្រួមមកត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ ខណៈនីតិវិធីម្មតាមានរហូតដល់ទៅ១៨០ថ្ងៃ។ ចំណែកនីតិវិធីចែកចាយវ៉ាក់សាំង ដែលត្រូវប្រើរយៈពេលជាច្រើនខែ នឹងត្រូវកាត់បន្ថយត្រឹមរយៈពេល ២០ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមករាខាងមុខ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នឹងសម្រេច ថាតើត្រូវដំឡើងវិធានរក្សាគម្លាតសុវត្ថិភាពទៅកម្រិត៣ឬអត់ ខណៈពេលបច្ចុប្បន្ន តំបន់ដែលមានករណីឆ្លងខ្ពស់ ដូចជានៅក្នុងទីក្រុងសេអ៊ូល អនុវត្តវិធានទប់ស្កាត់កម្រិត២,៥ និងតំបន់ផ្សេងទៀតអនុវត្តកម្រិត២។ វិធានរក្សាគម្លាតសុវត្ថិភាពនេះ មានចំនួន ៥កម្រិត៕