ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមាន​ចាប់​លោក ចាន់ យ៉េត ដែល​ដើរ​បោក​លុយ​ពលរដ្ឋ នៅ​ខេត្តបន្ទាយមានជ័យ​
29, Dec 2020 , 11:05 am        
រូបភាព
លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ
លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ដែល​ដើរ​យកលុយ​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការជួយ​ដោះស្រាយ​បញ្ហា​ពួកគេ នៅ​តំបន់​បឹង​ជង្រុក ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ សម្ដេច ហ៊ុន សែន ដែល​បានដឹង​ព័ត៌មាននេះ ​ព្រមាន​ឲ្យ​លោក ចាន់ យ៉េត ដកខ្លួន​ចេញ​ជាបន្ទាន់​។​


«​ចាន់ យ៉េត បើ​មិន​ចង់​ជាប់គុក ដកខ្លួន​ឲ្យ​ឆ្ងាយ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ដែល​ទុកពេល​ឲ្យប្រ​ធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​រូបនេះ កែប្រែ​ខ្លួន មុននឹង​សម្ដេច ចាត់វិធានការ​ក្តៅ​។ 
 
​មិន​ត្រឹមតែ​បោក​លុយ​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​ដីធ្លី​ទេ លោក ចាន់ យ៉េត ក៏បាន​យកឈ្មោះ​សម្ដេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ផ្សេងៗ ទៅប្រើ​ប្រាស់ ដើម្បី​ឆបោក​លុយ​ពី​ពលរដ្ឋ​ដែរ​។ ថ្លែង​សារ​ពិសេស​ពី​ភូមិគ្រឹះ នាទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចាន់ យ៉េត ដើរ​កត់​ឈ្មោះ​ពលរដ្ឋ យកលុយ ដើម្បី​ជា​ថ្នូរ​នឹង​យក​អំណោយ​ពី​រដ្ឋាភិបាល​ទៀត​»​។​
 
​សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច​មាន​ភស្តុតាង​គ្រប់គ្រាន់ សម្រាប់​ចាប់ខ្លួន​លោក ចាន់ យ៉េត នៅពេលណា​ក៏បាន​។ ប៉ុន្តែ​សម្ដេច មិន​ចង់​អនុវត្ត​ភ្លាមៗ​ទេ ដោយ​ចង់​ទុកពេល​ឲ្យ​ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​រូបនេះ​កែខ្លួន ដោយ​ត្រូវ​សង់​ប្រាក់​ទៅ​ពលរដ្ឋ​វិញ ដើម្បី​បញ្ចៀស​ការចាប់ខ្លួន​។ 
 
«​ខ្ញុំ​បាន​ប្រាប់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឯកឧត្តម ឱម យិនទៀង ហើយ​ថា បើ ចាន់ យ៉េត មិន​ដកខ្លួន​ចេញ​ទេ គឺ​ចាប់ខ្លួន​តែម្ដង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បន្ថែមថា ក្រៅពី​លោក ចាន់ យ៉េត ក៏មាន​មនុស្ស​ផ្សេងទៀត ដែលជា​ក្រុម​បក្ខពួក​ធ្វើជា​មេខ្យល់​ដើរ​បោក​លុយ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​រឿង​ដីធ្លី​, កត់​ឈ្មោះ​ទទួល​អំណោយ រួមទាំងប្រមូលលុយ​កសាង​សាលារៀន មន្ទីរពេទ្យ និង​ប្រព័ន្ធ​ទឹកជា​ដើម​។​
 
​សម្ដេច ហ៊ុន សែន អះអាងថា រដ្ឋ​ជា​អ្នក​កសាង​សាលារៀន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ដោយ​មិនមែន​ដើរ​ប្រមូល​លុយ​ពី​ពលរដ្ឋ​ យកទៅសាងសង់ដូច​ក្រុម​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ឃោសនា​ឡើយ​។​
 
​គួរ​បញ្ជាក់ថា ព្រះមហាក្សត្រ បានសម្រេច​បញ្ចប់​មុខ​លោក ចាន់ យ៉េត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ (​ពីមុន​ឈ្មោះថា​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​) ពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ថ្ងៃទី​៩ ធ្នូ តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

អត្ថបទទាក់ទង

 

Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com