ភ្នំពេញ៖ វិបត្តិកូវីដ-១៩ ធ្វើឲ្យនិស្សិតខ្មែរជាប់អាហារូបករណ៍ ចំនួន៤២១នាក់ មិនអាចចេញទៅសិក្សានៅបរទេសបានឡើយ លុះត្រាតែស្ថានភាពជំងឺកូវីដ-១៩នៅទូទាំងពិភពលោកបានធូរស្បើយ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រាប់សារព័ត៌មានថ្មីៗ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ ក្នុងចំណោមនិស្សិតទាំង៤២១នាក់នោះ គឺមាននិស្សិតស្រីចំនួន៨៧នាក់។ បើតាមអ្នកនាំពាក្យក្រសួងអប់រំ និស្សិតទាំងអស់នោះបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចំនួន៧។ ប្រទេសដែលនិស្សិតជាប់អាហារូបករណ៍ទៅសិក្សាច្រើនជាងគេនោះគឺប្រទេសចិន និងប្រទេសវៀតណាម។
ចំពោះនិស្សិត ដែលជាប់អាហារូបករណ៍ទាំងនោះ មាននិស្សិត១៥៥នាក់ទៅសិក្សានៅចិន, និស្សិត១២០នាក់ទៅសិក្សានៅវៀតណាម ,និស្សិត៥៩នាក់ទៅសិក្សានៅថៃ, និស្សិត៥៦នាក់ទៅសិក្សានៅជប៉ុន ,និស្សិត១៥នាក់ទៅសិក្សានៅឡាវ និស្សិត១៥នាក់ទៅសិក្សានៅហុងគ្រី និង១នាក់សិក្សានៅគុយបា។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បញ្ហាកូវីដ-១៩ គឺជាមូលហេតុដ៏ចម្បងដែលរារាំងឲ្យនិស្សិតខ្មែរទាំងនោះ មិនអាចចាកចេញពីមាតុភូមិខ្មែរទៅសិក្សានៅក្រៅប្រទេសបានឡើយ។
«ដោយសារកូវីដ-១៩ និស្សិតភាគច្រើនមិនទាន់បានចេញទៅតាមបណ្តាប្រទេសទាំង៧នេះនៅឡើយទេ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ ដែលបន្ថែមថា និស្សិតទាំងនោះមិនទាន់ទទួលបានកាលបរិច្ឆេទច្បាស់លាស់ ជុំវិញការចាកចេញទៅសិក្សានៅក្រៅប្រទេសទាំង៧នោះឡើយ។
មន្ត្រីអប់រំរូបនេះ បានបញ្ជាក់ថា និស្សិតខ្មែរចំនួន៤២១នាក់ដែលមិនទាន់អាចទៅសិក្សានៅក្រៅប្រទេសនាឆ្នាំ២០២០នេះ គឺមានការថយចុះពាក់កណ្តាល បើប្រៀបធៀបពីឆ្នាំ២០១៩ ដែលមានដល់ទៅ៨១៥នាក់ និងបានទៅសិក្សានៅប្រទេសចំនួន៣២ប្រទេស។
អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ថា ចំនួននិស្សិតទាំង៤២១នាក់នេះ គឺជានិស្សិតដែលត្រូវបានជ្រើសរើសដោយក្រសួង និងត្រូវបានឆ្លងកាត់ការប្រឡងពីក្រសួង។ មន្ត្រីជំនាញអប់រំរូបនេះបានថ្លែងថា៖«និស្សិតដែលចេញទៅក្រៅប្រទេសក្រោមច្រកក្រសួងអប់រំ យុវជន និងកីឡា»។
គិតចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០នេះមាននិស្សិតកម្ពុជាចំនួន១៩,៥៤៦នាក់ ក្នុងនោះស្រី៤,២២៨នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសចំនួន៣២ប្រទេស។ នេះបើតាមការលើកឡើងរបស់លោក រស់ សុវាចា៕