ចាប់តាំងពីផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិន នៅចុងឆ្នាំ២១៩ កូវីដ-១៩ បានរាតត្បាតនៅទូទាំងពិភពលោក។ មនុស្សជាច្រើនលាននាក់ បានឆ្លងជំងឺនេះ។ ទន្ទឹមនេះ វាមិនត្រឹមតែកើតលើមនុស្សធម្មតាឡើយ សូម្បីតែប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ ក៏ឆ្លងជំងឺរាតត្បាតសកលនេះផងដែរ។ តើនាយករដ្ឋមន្ត្រី និងប្រធានាធិបតីរូបណាខ្លះ ធ្លាប់ផ្ទុះកូវីដ-១៩ នៅក្នុងឆ្នាំ២០២០?
ខាងក្រោមនេះជាឥស្សរជនជាមេដឹកនាំប្រទេសមួយដែលឆ្លងកូវីដ-១៩៖
១. នាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី នៅក្នុងខែមីនាកន្លងទៅ ត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញថាមានផ្ទុកកូវីដ-១៩ ។ នៅពេលនោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីផ្ទុកកូវីដ-១៩ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានតែងតាំង លោក Andrey Belousov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ឲ្យដឹកនាំរដ្ឋាភិបាលជំនួស។
២. នាយករដ្ឋមន្ត្រីអង់គ្លេស
លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស នៅក្នុងខែមីនា ត្រូវបានរាយការណ៍ថា បានផ្ទុកកូវីដ-១៩។ ប៉ុន្មានថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្ត្រីត្រូវបញ្ជូនទៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់រយៈពេល ៣យប់ ដោយសារតែស្ថានភាពធ្ងន់ធ្ងរ និងត្រូវការការដាក់អុកស៊ីសែន។ នៅថ្ងៃទី១២ ខែមេសា លោកនាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
៣. ប្រធានាធិបតីប្រេស៊ីល
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នៅក្នុងកក្កដាកន្លងទៅ ត្រូវបានតេស្តរកឃើញថាមានផ្ទុក កូវីដ-១៩ បន្ទាប់ពីមើលស្រាលជំងឺឆ្លងមួយនេះ។ មុនពេលផ្ទុះកូវីដ-១៩ ប្រមុខរដ្ឋរូបនេះ បានអំពាវនាវឲ្យអភិបាលរដ្ឋមួយចំនួន បើករដ្ឋឡើងវិញ ដើម្បីបើកសកម្មភាពសេដ្ឋកិច្ច ខណៈប្រជាជនប្រេស៊ីលមួយចំនួន កំពុងរងគ្រោះ។ ក្រោយមក លោក បុលសូណារ៉ូ ត្រូវបានរាយការណ៍ថា ជាសះស្បើយពីជំងឺមួយនេះ។
៤. ប្រធានាធិបតីបេឡារុស
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស បានបញ្ជាក់ប្រាប់មន្ត្រីយោធាថា លោកបានឆ្លងកូវីដ-១៩ និងបានជាសះស្បើយរួចហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BELTA នៅក្នុងខែកក្កដា កន្លងទៅ។
៥. នាយករដ្ឋមន្ត្រី កូសូវ៉ូ
លោក Avdullah Hoti នាយករដ្ឋមន្ត្រីកូសូវ៉ូ នៅក្នុងសីហាកន្លងទៅ បានប្រកាសថា លោកបានឆ្លង កូវីដ-១៩ ។ បន្ទាប់ពីឆ្លងជំងឺនេះ លោកថា លោកធ្វើការមកពីផ្ទះបណ្តោះអាសន្នសិន។
៦. ប្រធានាធិបតីក្វាតេម៉ាឡា
លោក Alejandro Giammattei នៅក្នុងខែកញ្ញាកន្លងទៅ បានអះអាងថា លោកបានផ្ទុកកូវីដ-១៩ ។
៧. ប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅដើមខែតុលាកន្លងទៅ បានសរសេរលើបណ្តាញសង្គម Twitter ថា លោក និងភរិយា បានឆ្លងកូវីដ-១៩ ។ លោកកើតជំងឺនេះ ក្នុងអំឡុងពេលធ្វើយុទ្ធនាការរកសម្លេងគាំទ្រ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ពេលនោះ កម្មវិធីមួយចំនួនត្រូវលើកពេល សូម្បីតែការជជែកដេញដោលជាមួយលោក ចូ បៃឌិន ក៏ត្រូវលើកពេលផងដែរ។
៨. នាយករដ្ឋមន្ត្រីប៊ុលហ្ការី
លោក Boyko Borissov នាយករដ្ឋមន្ត្រីប៊ុលហ្ការី នៅចុងខែតុលា កន្លងទៅ ត្រូវបានតេស្តរកឃើញថាមានផ្ទុកកូវីដ-១៩។
៩. ប្រធានាធិបតីប៉ូឡូញ
លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ នៅចុងខែតុលា បានតេស្តរកឃើញថាមានផ្ទុកកូវីដ-១៩ ក្នុងពេលប្រទេសនេះ មានករណីឆ្លងហក់ឡើង។ លោកបានឆ្លងជំងឺនេះ បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ច នៅក្នុងទីក្រុងតាលិន ប្រទេសអេស្តូនី។
១០. ប្រធានាធិបតីអ៊ុយក្រែន
លោក Volodymyr Zelensky នៅដើមខែវិច្ឆិកា បានឆ្លងកូវីដ-១៩ ក្នុងអំឡុងពេលប្រទេស មានករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំង។
១១. នាយករដ្ឋមន្ត្រីអ៊ីស្វាទីនី
លោក Ambrose Dlamini នាយករដ្ឋមន្ត្រីអ៊ីស្វាទីនី ដែលស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង ត្រូវបានរាយការណ៍ថា មានផ្ទុកកូវីដ-១៩ នៅពាក់កណ្តាលខែវិច្ឆិកា។ លោកនាយករដ្ឋមន្ត្រី បានផ្ទុកជំងឺនេះ ដោយមិនមានចេញរោគសញ្ញាអ្វីឡើយ។ ក្រោយមក នាយករដ្ឋមន្ត្រីនៃរាជាណាចក្រ អ៊ីស្វាទីនីរូបនេះ ត្រូវបានបញ្ជូនទៅអាហ្វ្រ៊ិកខាងត្បូង ដើម្បីព្យាបាល។ ប៉ុន្តែនៅថ្ងៃទី១៤ ខែធ្នូ រដ្ឋាភិបាលអ៊ីស្វាទីនី បានប្រកាសថា លោក Ambrose Dlamini បានទទួលមរណភាពដោយសារកូវីដ-១៩ ។
១២. នាយករដ្ឋមន្ត្រីបេលី
លោក Johnny Briceno នាយករដ្ឋមន្ត្រីបេលី ដែលស្ថិតនៅក្នុងទ្វីបអាមេរិកកណ្តាល ត្រូវបានការិយាល័យនាយករដ្ឋមន្ត្រីរាយការណ៍ថា បានឆ្លងកូវីដ-១៩ នៅចុងខែវិច្ឆិកាកន្លងទៅ។
១៣. នាយករដ្ឋមន្ត្រីក្រូអាស៊ី
លោក Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាស៊ី នៅថ្ងៃទី២ ខែធ្នូ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលរាយការណ៍ថា បានធ្វើតេស្តមានផ្ទុកវិជ្ជមាន បន្ទាប់ពីភរិយារបស់លោកមានផ្ទុកកូវីដ-១៩។ លោកបានសម្រាកព្យាបាលនៅផ្ទះរបស់លោក ដោយមានការណែនាំពីវេជ្ជបណ្ឌិត និងអ្នកជំនាញជំងឺឆ្លង។
១៤. ប្រធានាធិបតីបារាំង
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានវិមានរដ្ឋាភិបាលបារាំង ប្រកាសនៅថ្ងៃទី១៧ ខែធ្នូថា បានឆ្លងកូវីដ-១៩ ។ ថ្មីៗនេះ លោកម៉ាក្រុង លែងចេញរោគសញ្ញាហើយ និងធូរស្បើយជាងមុន៕