ថៃ មានករណីឆ្លងកូវីដ-១៩ ចំនួន ១៥៥ករណីបន្ថែមទៀត នៅថ្ងៃទី២៩ ខែធ្នូ។ នេះបើតាមបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) ។ បើទោះបីជាមានករណីឆ្លងខ្លាំងក៏ដោយ ក៏រដ្ឋាភិបាលថៃ នៅតែបន្តសម្រេច មិនបិទប្រទេសទាំងស្រុងដែរ ដោយសំអាងថា ករណីឆ្លងក្នុងស្រុកមិនទាន់ធ្ងន់ធ្ងរនៅឡើយ។
ករណីឆ្លងកូវីដ-១៩ ចំនួន ១៥៥ករណីថ្មី ត្រូវរកឃើញនៅក្នុងប្រទេសថៃ ដោយក្នុងនោះប្រជាជនថៃឆ្លងចំនួន ១៣៤នាក់, ពលករចំណាកស្រុកចំនួន ១១នាក់ និងអ្នកត្រលប់មកពីបរទេសចំនួន ១០នាក់។ ក្នុងចំណោមករណីឆ្លងក្នុងចំណោមប្រជាជនថៃ និងពលករចំណាកស្រុក អ្នកជំងឺមួយចំនួនពាក់ព័ន្ធនឹងផ្សារលក់បង្គារក្នុងខេត្តសមុទ្រសាគរ, ខ្លះឆ្លងពីបនល្បែងនៅក្នុងខេត្តរ៉ាយ៉ង និងមួយចំនួនទៀតស្ថិតក្រោមការស៊ើបអង្កេតរកប្រភព។
នៅថ្ងៃទី២៨ ខែធ្នូ ថៃមានអ្នកស្លាប់ម្នាក់ ដោយសារកូវីដ-១៩ ដែលជាករណីស្លាប់លើកដំបូងក្នុងរយៈពេល ២ខែចុងក្រោយនេះ។ អ្នកស្លាប់រូបនោះ គឺជាបុគ្គលិកធ្វើការនៅបនល្បែងក្នុងខេត្តរ៉ាយ៉ង។ តួលេខសរុប ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន ៦៤៤០ករណី និងអ្នកស្លាប់មានចំនួន ៦១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤១៨៤នាក់។
អាជ្ញាធរសុខាភិបាលថៃ ព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់អ្វីសោះ ករណីប្រចាំថ្ងៃអាចនឹងកើនដល់ ១៨០០០ករណី បើគិតត្រឹមថ្ងៃទី១៤ ខែមករា។ ចំណែកក្រោមវិធានការមធ្យម ថៃអាចនឹងករណីឆ្លង ៨០០០ករណីក្នុងមួយថ្ងៃ និងក្រោមវិធានការតឹងរ៉ឹង អាចមានចំនួនឆ្លងក្នុងមួយថ្ងៃតិចជា១ពាន់ករណី។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ លោកTaweesilp Visanuyothin ថៃនៅតែបន្តអនុវត្តវិធានការទប់ស្កាត់មធ្យមដដែលដើម្បីទប់ស្កាត់កូវីដ-១៩។ ជាមួយគ្នានេះ បើទោះបីជាករណីឆ្លងនៅក្នុងប្រទេសបន្តហក់ឡើងក្ដី ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បញ្ជក់ថា រដ្ឋាភិបាលប នឹងមិនបិទប្រទេស ក្នុងអំឡុងចូលឆ្នាំថ្មីឡើយ ដោយសារករណីឆ្លងនៅក្នុងស្រុកមិនទាន់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋាភិបាល នឹងពិនិត្យលើបញ្ហានេះជាថ្មី មុនថ្ងៃទី៩ ខែមករា។
ស្របគ្នានេះ រដ្ឋាភិបាលថៃ បានធ្វើប្រតិភូកម្មអំណាចទៅដល់គណៈកម្មការទប់ស្កាត់កូវីដ-១៩ ខេត្ត ក្នុងការចាត់វិធានការ ដើម្បីទប់ស្កាត់ការរាតត្បាតរបស់កូវីដ-១៩ ។
ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ក៏បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតលើកន្លែងលេងល្បែងខុសច្បាប់នៅក្នុងខេត្តរ៉ាយ៉ងផងដែរ ខណៈខេត្តនេះមានករណីផ្ទុះពីបនល្បែង។ មេប៉ូលិសខេត្តរ៉ាយ៉ង លោក Paphatdet Ketphan ក៏ត្រូវផ្ទេរតំណែងទៅស្នងការប៉ូលិសជាតិថៃ។
ទាក់ទិននឹងរឿងបនល្បែងនេះ ប៉ូលិសថៃ ក៏បានចុះទៅបង្ក្រាបបនល្បែងមួយកន្លែងនៅក្នុងសង្កាត់ Laksi ក្នុងក្រុងបាងកក ដោយចាប់ខ្លួនមនុស្សចំនួន ៩៤នាក់។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Pakkapong Pongpetra ស្នងការប៉ូលិសក្រុងបាងកក បានចុះហត្ថលេខាលើបញ្ជាមួយ ដោយផ្ទេរតំណែងអធិការខណ្ឌ លោក Pattana Phetsayanawin និងមន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន ៥រូបទៀត ទៅមជ្ឈមណ្ឌលប្រតិបត្តិការនៃស្នងការប៉ូលិសក្រុងបាងកក និងរង់ចាំការស៊ើបអង្កេត៕