ភ្នំពេញ៖ សហគ្រិនខ្មែរចំនួន៣រូប បានជាប់ឈ្មោះជាសហគ្រិនឆ្នើមពីពានរង្វាន់សហគ្រិនថា្នក់ជាតិប្រចាំឆ្នាំ២០២០។ ចំណែកអ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ក៏ត្រូវបាន WOMEN IN GLOBAL HEALTH ជ្រើសរើសជាស្ត្រីឆ្នើម ក្នុងចំណោមអ្នកដឹកនាំគិលានុបដ្ឋាកនិងឆ្មប នៅលើពិភពលោក។
សម្រាប់សហគ្រិនខ្មែរឆើ្នមប្រចាំឆ្នាំ២០២០ ជាប់ពានរង្វាន់ថ្នាក់ជាតិទាំង៣រូបនោះមាន៖
អ្នកស្រី ចេន សុភាព ជាស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ទទួលជ័យលាភីលេខ១ពីកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០។ ការទទួលបានជ័យលាភីសហគ្រិនថ្នាក់ជាតិឆ្នាំ២០២០នេះ អ្នកស្រី ចេន សុភាព មានការប្រកួតប្រជែងខ្លាំងជាមួយសហគ្រិននៅក្នុងវិស័យនានាចំនួន៣០០នាក់ ក្នុងរយៈពេល៣ខែ។
ចាប់តាំងពីឆ្នាំ២០១៥នៃការបង្កើតសហគ្រាសកីតម្បាញខ្មែរមក អ្នកស្រី ចេន សុភាព បានក្លាយជាស្ត្រីជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប។ ពានរង្វាន់ថ្នាក់ជាតិតំណាងឱ្យសហគ្រិនឆ្នើមដែលស្ថាបនិកសហគ្រាសកីតម្បាញខ្មែររូបនេះ ទទួលបានដំបូងគេ គឺពានរង្វាន់«ការបង្កើតបរិយាកាសដើម្បីឱ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ» នៅក្នុងឆ្នាំ២០១៧។
ឆ្នាំ២០១៩ អ្នកស្រី ចេន សុភាព ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញឱ្យចូលរួមក្នុងគម្រោងស្តីពីការពង្រឹងអំណាចរបស់សហគ្រិនស្ត្រីនៅកម្ពុជាក្រោមកម្មវិធីរបស់ក្រសួងការបរទេសអាមេរិក ដែលមានឈ្មោះថា កម្មវិធីដំណើរទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ (International Visitor Leadership Program) ឬហៅកាត់ថា (IVLP)។
កញ្ញា ថូង ធីតា ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ នៅខេត្តកំពត ទទួលជ័យលាភីលេខ២ ពីកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២០។ ក្រោយញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់នៅភ្នំពេញ កញ្ញាថូង ធីតា ដែលបច្ចុប្បន្នមានវ័យ៣០ឆ្នាំ បានត្រឡប់មកស្រុកកំណើតនាងវិញ ដើម្បីបន្តរបរផលិតអំបិលរបស់គ្រួសារ និងជួយជ្រោមជ្រែងអំបិលកំពតដែលជាកេរដូនតាមួយនេះ ឱ្យមានទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ថូង ធីតា មានមហិច្ឆតាកសាងយីហោអំបិលកំពត ឱ្យបានចុះក្នុងបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។
បច្ចុប្បន្នសហគ្រាស ថូង អ៊ិនធ័រប្រាយស៍ មានសមត្ថភាពផលិតអំបិលបាន១ម៉ឺនតោន នៅក្នុងមួយឆ្នាំ និងបាននាំចេញទៅទីផ្សារប្រទេសជប៉ុន ព្រមទាំងកំពុងផ្សព្វផ្សាយ ទៅកាន់ប្រទេសស្វីស និងកាណាដាថែមទៀត។
លោក ឈឹម ចាន់ឆាយា ម្ចាស់កសិដ្ឋាន ហង្ស ម៉ាច ខេត្តតាកែវ ទទួលជ័យលាភីលេខ៣ ពីកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២០។ លោកឈឹម ចាន់ឆាយា ជាកសិករម្នាក់ដែលបានប្តូរពីការដាំដុះស្រូវ ទៅជាវារីវប្បកម្ម នៅក្នុងឆ្នាំ២០១៨។
ដោយឡែក អ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ដែលត្រូវបាន WOMEN IN GLOBAL HEALTH ជ្រើសរើសជាស្ត្រីឆ្នើមនៅលើពិភពលោកក្នុងឆ្នាំ២០២០វិញ។ ក្រៅពីការងារជាប្រធានសមាគម និងបានចូលរួមការបណ្ដុះបណ្ដាលលំដាប់ថ្នាក់អន្តរជាតិ អ្នកស្រី ម៉ានីឡា ក៏ជាទីប្រឹក្សាជំនាញនៃការទទួលស្គាល់គុណភាពសេវាសុខាភិបាល នៃទីភ្នាក់ងារគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) របស់សហរដ្ឋអាមេរិក ដោយអង្គការ FHI360។
អ្នកស្រី ម៉ានីឡា បានបម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរសម្រាប់គម្រោងសំខាន់ៗជាច្រើន ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន។ លើសពីនេះ អ្នកស្រី ក៏ទទួលខុសត្រូវក្នុងកម្មវិធីសង្គ្រោះទារក ដែលជាគម្រោងសុខភាពសហគមន៍ នៅខេត្តព្រះវិហារ។
អ្នកស្រី ប្រាក់ ម៉ានីឡា ធ្លាប់បានបម្រើការងារជាក្រសួងសុខាភិបាលលើការអភិវឌ្ឍស្តង់ដារអនុវត្តសម្រាប់គិលានុបដ្ឋាកឆ្នាំ២០១៥, ក្រមសីលធម៌សម្រាប់គិលានុបដ្ឋាក ឆ្នាំ២០១៣, គោលការណែនាំស្ដីពីរបៀបថែទាំ ឆ្នាំ២០១២ និងពិធីសារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប ឆ្នាំ២០១២៕