ជាតិ
«​ឆ្នេរ​តា​ឃួន​» មាន​ខ្សាច់​សក្បុស​ធំ​ល្វឹងល្វើយ និង​អាច​បោះតង់​សម្រាក​បាន​
26, Jan 2021 , 7:59 am        
រូបភាព
រូបភាពដោយលោក ពិសិដ្ឋ ឌីណា
រូបភាពដោយលោក ពិសិដ្ឋ ឌីណា
ដោយ:
ភ្នំពេញ​៖ ឆ្នេរ​តា​ឃួន មាន​ខ្សាច់​សក្បុស​ធំ​ល្វឹងល្វើយ មាន​រាង​ជា​ថ្នាក់ៗ ជាប់​មាត់ទឹក ដែល​សាក​សម​បំផុត​សម្រាប់​ការបោះ​តង់​សម្រាក និង​ជាពិសេស​សម្រាប់​ទេសចរ​ដែល​ចូលចិត្ត ដើរ​កម្សាន្ត​បែប​ស្ងប់ស្ងាត់​។ កោះ​តា​ឃួន ស្ថិតក្នុង​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ក្នុងភូមិ​ជាំ​ធំ ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​មាន​ចម្ងាយ ២២​គីឡូម៉ែត្រ​ពី​ក្នុង​ស្ទឹងត្រែង​។​


​ឆ្នេរ​តា​ឃួន មាន​ទំហំ​ទទឹង​ប្រហែល ៧០​ម៉ែត្រ និង​បណ្តោយ​ប្រហែល ១០០​ម៉ែត្រ ដែល​បង្ហាញ​ពី​ឆ្នេរ​ខ្សាច់​សក្បុស​ធំ​ល្វឹងល្វើយ​។ ឆ្នេរ​តា​ឃួន កំពុង​ទាក់ទាញ​ចិត្ត​ទេសចរ​ដែល​ចូលចិត្ត​ការកម្សាន្ត​បែប​ស្ងប់ស្ងាត់ ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ ជាពិសេស​ដើម​ជ្រៃ ជាច្រើន​គុម្ព​ដែល​ផ្ដល់​ម្លប់​ដល់​ទេសចរ​។ ទឹកទន្លេ​រាក់ៗ អំណោយផល​ដល់​ទេសចរ ងូត​លេង​កម្សាន្ត ជាងនេះទៅទៀត​ទេសចរ​ក៏​អាច​ជិះទូក​កៃ​យ៉ាក់​តាម​ដង​ទន្លេ​ផងដែរ​។ ចំណែក​ឆ្នេរ​ខ្សាច់​វិញ មាន​រាង​ជា​ថ្នាក់ៗ តរៀង​គ្នា​ដែល​រំលេច​សម្រស់​យ៉ាង​ប្លែក​ភ្នែក​គួរ​ឲ្យ​ទាក់ទាញ សម្រាប់​ការថតរូប​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។ 
 
​ទេសចរ​ដែល​បោះតង់​សម្រាក​នៅលើ​ឆ្នេរ​តា​ឃួន អាច​មើលឃើញ​ថ្ងៃ​លិច និង​ថ្ងៃ​រះ ជះ​ចូល​ផ្ទៃ​ទឹក​រំលេច​ពណ៌​មាស​។ សត្វ​ស្លាប​ជាច្រើន​ក៏បាន​បង្អួត​សម្រស់​របស់ខ្លួន ទាក់ទាញ​ចិត្ត​ទេសចរ​នៅ​កោះ​តា​ឃួន​នេះដែរ​។ សម្រាប់​ទេសចរ​ដែល​មិន​ចង់​សម្រាក​ដោយ​ការបោះ​តង់ សហគមន៍​ក៏មាន​បម្រើ​សេវាកម្ម​ស្នាក់នៅ ។ ទេសចរ​ក៏​អាច​ពិសា​ម្ហូប ក្នុង​តំបន់​ដែលមាន​ការរៀបចំ​ដោយ​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។​
 
​ទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​ឆ្នេរ​តា​ឃួន អាចធ្វើ​ដំណើរ តាមផ្លូវ​ជាតិ​លេខ ៩ ដោយ​ឆ្លងកាត់​តាម​ស្ពាន​មេគង្គ ប្រហែល​២៥ គីឡូម៉ែត្រ ដោយ​ប្រើ​មធ្យោបាយ ឡាន ម៉ូតូ និង​កាណូត ទេសចរ​នឹង​ទៅដល់ សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​៕
 


រូបភាពដោយលោក ពិសិដ្ឋ ឌីណា

រូបភាពដោយលោក ពិសិដ្ឋ ឌីណា

រូបភាពដោយលោក ពិសិដ្ឋ ឌីណា

រូបភាពដោយលោក ពិសិដ្ឋ ឌីណា


Tag:
 ឆ្នេរ​តា​ឃួន​
  បោះតង់​
  ស្ទឹងត្រែង​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com