ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ បន្តស្នើរដ្ឋាភិបាលបន្ថយតម្លៃសាំងក្នុងវិបត្តិកូវីដ-១៩ ព្រោះចំណូលធ្លាក់ចុះ តែរដ្ឋថា គ្មានវិធីសាស្ត្រ
03, Nov 2021 , 4:53 pm        
រូបភាព
 ដោយ៖ ឈុំ ចាន់ថា

 
ពលរដ្ឋជាច្រើន បានស្នើឲ្យរដ្ឋាភិ​បាលជួយបន្ធូរបន្ថយតម្លៃប្រេង សាំង និងហ្គាស ខណៈអ្នកខ្លះត្អូញត្អែរបាត់បង់ចំណូល និងជំពាក់ធនាគារ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ជិត២ឆ្នាំមកនេះ។

 
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកា បាន​បញ្ជាក់ថា តម្លៃ​សាំង​ធម្មតា​៤,៧១០​រៀល​ក្នុង​មួយ​លីត្រ​នេះ នឹង​អនុវត្ត​ក្នុង​រយៈពេល​១៥​ថ្ងៃ ពោល​ពី​ថ្ងៃទី​១​ដល់​១៥​វិច្ឆិកា ឆ្នាំ​២០២១​។  ក្នុង​រយៈពេល​ជាមួយគ្នា ប្រេងម៉ាស៊ូត​ ក៏បាន​ឡើង​ក្នុងតម្លៃ ៤,២៦០​រៀល​ក្នុង​មួយ​លីត្រ ផងដែរ​។
 
កញ្ញា សុខ សោភ័ណ្ឌ ជានិស្សិត និងបុគ្គលិកធនាគារម្នាក់នៅខេត្តតាកែវ។ កញ្ញាបានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី២ ខែវិច្ឆិកានេះថា សាំងឡើងថ្លៃជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារកាន់តែខ្លាំង ខណៈកញ្ញាត្រូវចំណាយលុយចាក់សាំងម៉ូតូទៅបន្តការសិក្សារថ្នាក់បរិញ្ញាបត្រ នៅទីរួមខេត្តតាកែវជារៀងរាល់​ចុង​សប្ដាហ៍​ និងត្រូវរ៉ាប់រងចិញ្ចឹមម្ដាយម្នាក់ និងប្អូន២នាក់បន្ថែមទៀត។ កញ្ញាចង់ឲ្យក្រសួងពាណិជ្ជកម្មជួយបន្ធូរបន្ថយតម្លៃប្រេង សាំង ដើម្បីជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋក្នុងវិបត្តិកូវីដ១៩នេះ។  
 
កញ្ញា សោភ័ណុ្ឌ បញ្ជាក់ថា៖«ការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ខ្ញុំត្រូវចំណាយសាំងអស់ជិត១លីត្រ។ ប្អូនប្រុសរបស់ខ្ញុំ គាត់ទៅរៀនម្នាក់ទៀត ដែលត្រូវចំណាយអស់ជិត១លីត្រទៀត ហើយនៅមានគ្រួសារខ្ញុំទៀត។​ អ៊ីចឹង ខ្ញុំគិតទៅលើ​​សាំងហ្នឹងក្នុងមួយថ្ងៃគ្រួសារខ្ញុំចំណាយអស់ចូល៣លីត្រ បើធៀបប្រាក់ចំណូលរបស់ខ្ញុំរកបានតែជាង៧ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ ហើយនៅខ្ញុំធ្វើដំណើរទៅរៀននៅតាកែវទៀត យ៉ាងហោចណាស់ក៏ចំណាយអស់៣លីត្រដែរ»។
 
បើតាមក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ដល់១៥ ខែវិច្ឆិកា តម្លៃប្រេងឥន្ធនៈស៊ុពែ នៅកម្ពុជាឡើងពី៤៣០០ ទៅ៤៥៥០រៀលក្នុង១លីត្រ និងសាំងធម្មតាឡើងពី៤០០០ ទៅ៤១០០រៀលក្នុង១លីត្រ។
 
ចំណែក អ្នករថកង់បីម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក​ ហេង សុភក្រត្រា បានរអ៊ូរទាំថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ សាំង និងហ្គាស បានឡើងថ្លៃស្ទើរតែរាល់ខែ ដែលធ្វើឲ្យចំណូលរបស់លោកធ្លាក់ចុះ និងមិនអាចទប់ទល់ការចំណាយប្រចាំខែបាន។ លោក សុភក្រត្រា បន្តថា សព្វថ្ងៃលោកជំពាក់លុយធនាគារប្រមាណ១ម៉ឺនដុល្លារ នឹងត្រូវចំណាយថ្លៃផ្ទះជួល ថ្លៃហូបចុក ប្រចាំខែជាង៥០០ដុល្លារ។
 
លោក សុភក្រត្រា ប្រាប់ថ្មីៗ២៥តាមទូរសព្ទដូច្នេះ៖ «ពួកខ្ញុំជំពាក់លុយធនាគារ និងត្រូវបង់រំលស់ និងមានជំពាក់លុយផ្សេងទៀត។ ដល់ពេលសាំងឡើងថ្លៃ អ៊ីចឹង ការរកចំណូលរបស់ខ្ញុំហ្នឹង គឺវាមានផលប៉ះពាល់ ដូចជា គ្មានសល់ថវិកាសម្រាប់បង់ធនាគារ និងគ្មានសូម្បីលុយ ទិញម្ហូប ឬអង្ករ ហូបប្រចាំថ្ងៃហ្នឹងក៏អត់គ្រាន់ដែរ។ ឥឡូវកូនចូលរៀនទៀត ក៏ត្រូវចំណាយលុយឲ្យកូនទៅរៀនជាប្រចាំថ្ងៃ»។
 
ជាមួយគ្នានេះ លោក ស្នើឲ្យរដ្ឋាភិបាលជួយសម្រួលតម្លៃ​ សាំង និងហ្គាស ឲ្យថោកជាងនេះ។ ប្រសិនបើសាំងនៅតែបន្តឡើងថ្លៃទៀត​ លោកនឹងអាចបោះបង់មុខរបរជាអ្នករថកង់បី ទៅធ្វើការងារជាសន្តិសុខ ឬបុគ្គលិកបម្រើការក្នុងហាងវិញ ហើយឆ្លៀតពេលរថកង់បីខ្លះ ដើម្បីរកចំណូលបន្ថែម។
 
លោក ថ្លែងដូច្នេះថា៖«ខ្ញុំអាចបោះបង់អាជីពកង់បីចោល ព្រោះអីចំណូលរបស់យើងរកបានតិច  ហើយចំណាយក្នុងផ្ទះកាន់តែច្រើន។ កាលពីអត់ទាន់ឡើងថ្លៃ ហ្គាសមានតម្លៃ១៣០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ។ តែឥឡូវ ឡើងដល់២៧០០រៀល គឺស្មើគុណនឹង២»។
 
ឆ្លើយតបនឹងការស្នើសុំនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ថ្មីៗ២៥ តាមTelegram ថា ការកើនឡើងថ្លៃសាំងក្នុងស្រុក ដោយសារតម្លៃប្រេងសាំង អន្តរជាតិឡើងថ្លៃ ខណៈប្រទេសជិតខាងមួយចំនួនដូចជាវៀតណាម ថៃ ក៏ឡើងថ្លៃដូចគ្នា។ ដើម្បីសម្រួលដល់ជីវភាព លោកចង់ឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្រេងសាំង។ 
 
លោក សុវិជាតិ អះអាងដូច្នេះ៖«គ្មានវិធីសាស្រ្តណាដើម្បីជួយ ឬក៏កំណត់ឲ្យបានច្បាស់លាស់ថា វាជះឥទ្ធិពលប៉ុណ្ណាដល់ជីវភាពប្រជាជនទេ។ មានរឿង២ ដែលយើងអាចធ្វើបាន នៅពេលដែលយើងជួបប្រទះនឹងបញ្ហាលំបាក។ ទី១ យើងសន្សំសំចៃ បានន័យថា អ្នកប្រើប្រាស់ហ្នឹង [គួរ] កាត់បន្ថយប្រើប្រាស់ប្រេងខ្លះ។ ទី២ អ្នកដែលបើកបររថយន្តឈ្នួលហ្នឹង ត្រូវបញ្ចៀសពីកន្លែងកកស្ទះ»៕
អត្ថបទទាក់ទង

Tag:
 សាំងឡើងថ្លៃ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com